ចូលឆ្នាំ៣ថ្ងៃ មានទេសចរជាតិ-អន្តរជាតិជាង ១៣ លាននាក់ ដើរលេងកម្សាន្តនៅទូទាំងប្រទេស
- ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៥:៤០ នាទី ល្ងាច

ទេសចរជាតិនិងអន្តរជាតិដើរកម្សាន្តអំឡុងពេលចូលឆ្នាំខ្មែរ។ រូបពី មន្ទីរទេសចរណ៍ខេត្តសៀមរាប
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមេសា មានទេសចរជាតិ អន្តរជាតិជាង ១៣ លាននាក់ ដើរលេងកម្សាន្ត ក្នុងនោះទេសចរអន្តរជាតិមានត្រឹមជាង៨ម៉ឺននាក់។ នេះបើតាមរបាយការណ៍ស្ថិតិទេសចរណ៍។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ គ.ស ២០២៤នេះ មានភ្ញៀទេសចរជាតិ ១៣.២៧៧.៥៥៦ នាក់ និងទេសចរបរទេស៨១.៧៤៥ នាក់។ របាយការណ៍ដដែល បង្ហាញថា នៅតំបន់វប្បធម៌ ដែលមានខេត្តកំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប មានភ្ញៀវទេសចរជាតិជាង១.២លាននាក់ ហើយភ្ញៀវអន្តរជាតិមានត្រឹមតែជាង១ម៉ឺននាក់ប៉ុណ្ណោះ។
ដោយឡែក តំបន់ឆ្នេរ មានខេត្តព្រះសីហនុ កំពត កែប និងកោះកុង មានភ្ញៀវជាតិជាង១.៥លាននាក់ ដើរកម្សាន្តអំឡុងពេលចូលឆ្នាំខ្មែរ ខណៈភ្ញៀវអន្តរជាតិមានជាង១.៨ម៉ឺននាក់។ នៅតំបន់អេកូទេសចរណ៍ មានខេត្ត ក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង មានទេសចរជាតិជាង១០ម៉ឺននាក់ ក្នុងនោះមានទេសចរអន្តរជាតិជាង១ពាន់នាក់។
ចំណែក តំបន់ខាងប៉ែកបាត់ដំបង មានដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងពោធិ៍សាត់ មានភ្ញៀវទេសចរជាតិជាង២លាននាក់ និងទេសចរអន្តរជាតិ មានជាង១.៨ម៉ឺននាក់។ ក្រៅពីនេះ តំបន់ផ្សេងៗទៀត មានដូចជាខេត្ត កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង តាកែវ និងត្បូងឃ្មុំ មានអ្នកដើរកម្សាន្តជាង៧លាននាក់ ក្នុងនោះ ទេសចរជាតិ មានជាង៧.៤លាននាក់ និងទេសចរបរទេសជាង១.៤ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: