គម្រោងវិនិយោគចំនួន១៤ទៀតនៅព្រះសីហនុ បានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
- ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:៣៩ នាទី ព្រឹក

រដ្ឋាភិបាលសម្រេចអនុគ្រោះពន្ធ សម្រួលនីតិវិធី និងដោះស្រាយវិវាទនានា ចំពោះគម្រោងវិនិយោគចំនួន១៤ទៀតនៅខេត្តព្រះសីហនុ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គឺមាន១០គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង នាពេលកន្លងមក។

ក្រសួងសេដ្ឋកិច្ច បន្តរៀបរាប់ថា ចំពោះគម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំង ដែលបានទទួលបានលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលនោះ មានគម្រោងសណ្ឋាគារផ្កាយ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។ គម្រោងទាំងនេះ ត្រូវបានដំណើរការបានភ្លាមៗនៅក្នុងឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចស្តីពី ការប្រជុំពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២៩មេសា បានបញ្ជាក់ថា ៖ «គម្រោងវិនិយោគចំនួន១៤ទៀតនៅព្រះសីហនុ ដែលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលនេះ គឺមានទំហំទុនប្រមាណ២១៣លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស ដែលមានទំហំតូច មធ្យម និង ធំ» ។
គិតត្រឹមពេលនេះ មានគម្រោងវិនិយោគ២៧ហើយ ដែលទទួលបានការលើកទឹកពិសេសពីរដ្ឋាភិបាល។
ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន១២ ទៀត។
បច្ចុប្បន្ន ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ កំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និង ការសិក្សារៀបចំ និង ពង្រឹងតំបន់ឧស្សាហកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ។
កន្លងមក ក្រុមការងារបានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគីមួយករណី ក្នុងខេត្តព្រះសីហនុ ដើម្បីជំរុញការដោះស្រាយគម្រោងសាងសង់អគារជាប់គាំង។ ជាមួយគ្នានេះ ក្រុមការងារក៏បាន ដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលពាក់ព័ន្ធនឹងអគារជាប់គាំងនៅខេត្តព្រះសីហនុ ក្នុងទំហំទុនវិនិយោគ ១០០លានដុល្លារ ផងដែរ។ នេះបើតាមក្រសួងសេដ្ឋកិច្ច។

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ត្រូវបានប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តនៅថ្ងៃទី៣១មករា ឆ្នាំ២០២៤។ តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលនឹងសម្រួលដល់វិនិយោគិន ដូចជា៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍។
គោលដៅដែលរដ្ឋាភិបាលអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ គឺ ជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ កំពុងបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនប្រមាណ ២២០០លានដុល្លារ។ គម្រោងទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: