កម្ពុជា នៅតែខ្វះរោងចក្រកែច្នៃចន្ទី ដើម្បីកាត់បន្ថយការនាំចេញចន្ទីស្រស់ទៅវៀតណាម
- ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:៣០ នាទី ព្រឹក

រូបភាព៖ KOSAL FARMS
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានដាក់គោលដៅកាត់បន្ថយការលក់គ្រាប់ស្វាយចន្ទីទៅកាន់បរទេសឱ្យបាន ៧០ភាគរយ នាពេលខាងមុខ។ នៅចំពោះមុខ សមាគមមួយនេះ កំពុងកៀរគរអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រ និងសហគ្រាសកែច្នៃនៅកម្ពុជាបន្ថែមទៀត។

បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៥០ម៉ឺនតោនទៅអន្តរជាតិ ក្នុងនោះមានរហូតដល់៩០ភាគរយ ត្រូវបានហូរចូលទីផ្សារវៀតណាម។ ការពឹងផ្អែកខ្លាំងលើវៀតណាមនៅពេលនេះ ក៏ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ សម្រាប់កែច្នៃខ្លួនឯង។
លោក អួន ស៊ីឡុត មើលឃើញថា បច្ចុប្បន្នសហគ្រាសក្នុងស្រុកមួយចំនួន នៅតែខ្វះខាតទុនបង្វិលសម្រាប់ទិញគ្រាប់ឆៅស្តុកទុក ដើម្បីកែច្នៃបន្ត ស្របពេលពួកគេពិបាកទទួលកម្ចីអនុគ្រោះពីធនាគារ ដោយសារមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ការណ៍នេះ បង្ខំឱ្យកសិករលក់គ្រាប់ស្រស់ទៅកាន់ប្រទេសវៀតណាម នាំឱ្យការកែច្នៃក្នុងស្រុកមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
យ៉ាងណា សមាគមស្វាយចន្ទីកម្ពុជា បានដាក់គោលដៅរួចហើយក្នុងការកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារបរទេស ជាពិសេសវៀតណាមឱ្យបាន៧០ភាគរយ នៅពេលខាងមុខ។ ការបង្កើនវិនិយោគនេះមិនមែនជាការប្រថុយឡើយ ដោយសារកម្ពុជាជាប់លេខ៣នៅលើពិភពលោក ដែលអាចផលិតគ្រាប់ស្វាយចន្ទីបានចន្លោះពី៦០តោនទៅ៨០ម៉ឺនតោន ក្នុងមួយឆ្នាំ។ ម្យ៉ាងទៀត កម្ពុជាមានពូជចន្ទី M២៣ ដែលមានគ្រាប់ធំ រសជាតិឆ្ងាញ់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ ក៏កំពុងល្បីលើទីផ្សារអន្តរជាតិផងដែរ។
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«បច្ចុប្បន្ននេះ ៩០ភាគរយនៃគ្រាប់ស្វាយចន្ទីកម្ពុជា នៅតែបន្តហូរចូលទីផ្សារបរទេសដដែល ជាពិសេសវៀតណាម ដោយសារតែសហគ្រាសក្នុងស្រុកនៅតែប្រឈមមុខនឹងបញ្ហាកង្វះទុនបង្វិល ក្នុងការទិញគ្រាប់ឆៅស្តុកទុក ដើម្បីកែច្នៃ។ ជាការពិតយើងមានគោលដៅច្បាស់លាស់ហើយ ក្នុងការកាត់បន្ថយការនាំចេញនេះ ក្រោយពេលមានគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ហើយធនាគារមួយចំនួន ក៏បានផ្ដល់ជាហិរញ្ញប្បទានអត្រាការប្រាក់អនុគ្រោះ ដល់សហគ្រាសមួយចំនួនដែរ។ ប៉ុន្តែសហគ្រាសទាំងនោះ មិនទាន់បានរៀបចំខ្លួនឱ្យរួចរាល់នៅឡើយ ដូច្នេះធ្វើឱ្យកម្ចីរបស់ពួកគេទៅពីធនាគារនៅកកស្ទះ»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ លោក សែម វណ្ណា
បើតាមប្រធានសមាគមស្វាយចន្ទី ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការរោងចក្រកែច្នៃខ្នាតមធ្យមយ៉ាងតិច៣៥កន្លែង ខណៈបច្ចុប្បន្នមាន ៤៥កន្លែង ប៉ុន្តែក្នុងនោះសហគ្រាសមធ្យមតែ ៦កន្លែងប៉ុណ្ណោះ។ ក្រៅពីនោះ សហគ្រាស ឬរោងចក្រ ក៏ត្រូវការទុនបង្វិល ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងក្រោយពេលប្រមូលផល ដូចជាឃ្លាំងស្តុក និងទីលានហាលគ្រាប់។ ហេតុនេះ កម្ពុជាត្រូវការមូលធនសរុប៣២៩លានដុល្លារ ដើម្បីអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងរយៈពេល៥ឆ្នាំ ស្របតាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
បច្ចុប្បន្ន សមាគម បានធ្វើការជាមួយធនាគារមួយចំនួន ដើម្បីសម្របសម្រួលផ្ដល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់អនុគ្រោះដល់សហគ្រាស។ ក្នុងនោះ សមាគមក៏ព្យាយាមបញ្ចុះបញ្ចូលឱ្យធនាគារលើកលែងលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យពួកគេមានលទ្ធភាពទិញគ្រាប់ទុក។
ជាផែនការយុទ្ធសាស្រ្ត សមាគមបានត្រៀមធនធានមនុស្សជាង១០០នាក់ ដែលមានទាំងបុគ្គលិកជំនាញ និងបុគ្គលិកគ្រឿងយន្ត ដើម្បីត្រៀមស្វាគមន៍នៅពេលមានការវិនិយោគ។
លើសពីនេះ សមាគមស្វាយចន្ទី ក៏មានគោលការកែប្រែកសិករទៅជាកសិពាណិជ្ជករ ដើម្បីឱ្យពួកគេមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេច ដែលអាចលក់ទៅឱ្យក្រុមហ៊ុនវិនិយោគ ខណៈសមាគមបានបញ្ចុះបញ្ជូលឱ្យក្រុមហ៊ុនមួយចំនួន ទទួលទិញសំបកពីកសិករទាំងអស់នោះ ដើម្បីគាបចញជាប្រេងជីវៈឥន្ធនៈ។
លើសពីនេះ សមាគមស្វាយចន្ទី ក៏មានគោលការកែប្រែកសិករទៅជាកសិពាណិជ្ជករ ដើម្បីឱ្យពួកគេមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេច ដែលអាចលក់ទៅឱ្យក្រុមហ៊ុនវិនិយោគ ខណៈសមាគមបានបញ្ចុះបញ្ជូលឱ្យក្រុមហ៊ុនមួយចំនួន ទទួលទិញសំបកពីកសិករទាំងអស់នោះ ដើម្បីគាបចញជាប្រេងជីវៈឥន្ធនៈ។
បច្ចុប្បន្ន មានក្រុមហ៊ុនធំៗចំនួន៣ហើយ កំពុងទទួលទិញផលិតផលពាក់កណ្ដាលសម្រេចពីកសិករ។ កម្ពុជា មានក្រុមហ៊ុនគាបសំបកស្វាយចន្ទីទៅជាប្រេងមួយកន្លែង ដែលកំពុងដំណើរការសាងសង់។ សំបកស្វាយចន្ទី ៣គីឡូក្រាម អាចផលិតប្រេងបាន១គីឡូក្រាម។
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«ដើម្បីសម្រេចបានការកាត់បន្ថយការនាំចេញឱ្យ៧០ភាគរយ គឺយើងត្រូវធ្វើយ៉ាងម៉េចឱ្យមានរោងចក្រធុនមធ្យមចំនួន ៣៥កន្លែង។ សព្វថ្ងៃនេះ យើងបានត្រៀមធនធានមនុស្សមួយចំនួនហើយ ដែលមានទាំងបុគ្គលិកជំនាញ និងបុគ្គលិកគ្រឿងយន្ត។ គោលដៅមួយទៀត គឺយើងចង់ផ្លាស់ប្ដូរកសិករ ទៅជាកសិពាណិជ្ជករ ដែលមានលទ្ធភាពបកសំបកស្វាយចន្ទី លក់គ្រាប់ឱ្យក្រុមហ៊ុន ហើយយើងក៏កំពុងបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុនមួយចំនួន ទិញសំបកពីកសិករ ដើម្បីគាប់ចេញប្រេងវិញផងដែរ»។
នៅពេលកម្ពុជាមានធនធានមនុស្ស រោងចក្រគ្រប់គ្រាន់ ហើយកសិករចេះកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចទៀតនោះ នឹងអាចកាត់បន្ថយការចេញទៅក្រៅប្រទេសបាន។ ផលប្រយោជន៍ដែលទទួលបាន គឺផ្ដល់តម្លៃបន្ថែមកសិករ តាមរយៈកសិកម្មបែបកិច្ចសន្យា។ ម្យ៉ាងទៀត អាចបង្កើតការងារក្នុងសហគមន៍ និងកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ។ នេះជាការមើលឃើញរបស់ លោក អួន ស៊ីឡុត ដោយបន្ថែមថា៖«យើងអាចចំណេញបានច្រើន។ ទី១.សំខាន់បំផុតគឺយើងអាចផ្ដល់តម្លៃបន្ថែមកសិករ តាមរយៈកសិកម្មបែបកិច្ចសន្យា។ មួយទៀត យើងអាចបង្កើតការងារក្នុងសហគមន៍ កាត់បន្ថយចំណាកស្រុករបស់ពលរដ្ឋ»។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះសារនៅទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ឧសភា កម្ពុជា គឺជាប្រទេសផលិតស្វាយចន្ទីធំជាងគេមួយ នៅលើពិភពលោករួចហើយ នៅឡើយតែការកែច្នៃប៉ុណ្ណោះ។


លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបពី ហ្វេសប៊ុករបស់លោក
លោកថា បច្ចុប្បន្ន កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទាំងជាប់សំបកក្នុងរង្វង់ពី ៧០ម៉ឺនតោន ទៅ៨០ម៉ឺនតោន ក្នុងមួយឆ្នាំ ក្នុងថ្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូក្រាម ធ្វើឱ្យវិស័យនេះមានទំហំប្រហែល១ពាន់លានដុល្លារ។ ប៉ុន្តែប្រសិនបើអាចកែច្នៃ ហើយនាំចេញដោយខ្លួនឯង វិស័យមួយនេះនឹងមានសក្តានុពលខ្លាំងជាងមុន ដោយនាំមកនូវតម្លៃបន្ថែមរហូត ៣ទៅ៤ដង ។
នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិចំនួន ៦៥៦ ០០០ តោន ថយចុះ ៧.៦ភាគរយ។ សរុបទឹកប្រាក់គឺមានទំហំ ៨៣៧ ០០០ ០០០ ដុល្លារ ថយចុះ១៦.៩ភាគរយ។ ក្នុងចំណោមនោះ ទំហំនាំចេញទៅប្រទេសវៀតណាមមានចំនួន ៦១៨ ០០០តោន។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ហិកតា និងទទួលបានទិន្នផលសរុប ៧០៩ ៤១៩តោន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: