ប្រាសាទអង្គរវត្តចម្លង សិល្បៈខ្មែរ និងផ្កាកេសរកូល បង្ហាញខ្លួនក្នុងពិព័រណ៍នៅ Gardens by the Bay
- ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៣:៣១ នាទី រសៀល

រូបប្រាសាទអង្គរវត្តចម្លង ដែលកំពុងដាក់តាំងនៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំសិង្ហបុរី
កម្ពុជាបាននាំយកនូវរូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈមួយចំនួន និងកេសរកូលជាច្រើនប្រភេទ ទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៌សួនផ្កាកេសរកូលនៃអង្គរវត្ត(Orchids of Angkor Wat) ដែលរៀបចំនៅឧទ្យាន Gardens by the Bay ដ៏ល្បីល្បាញក្នុងប្រទេសសិង្ហបុរី។

កម្មវិធីបើកការតាំងពិព័រណ៍កេសរកូលនៃអង្គរវត្តនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែឧសភា ក្រោមវត្តមាន លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី , លោក Eric Chua រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី ក៏ដូចជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្សេងទៀតសរុបប្រមាណ ២០០នាក់។ នេះបើតាមទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។
ប្រភពដដែលបញ្ជាក់ថា ក្នុងពិព័រណ៍នេះ មានការដាក់បង្ហាញកូនប្រាសាទអង្គរវត្តចម្លងមួយ និងរូប/ផ្ទាំងចម្លាក់មួយចំនួនទៀតតំណាងឱ្យស្ថាបត្យកម្មនិងវប្បធម៌ខ្មែរ ព្រមទាំងរូបសត្វព្រៃនៅកម្ពុជា រួមមានដំរីអាស៊ី និងគោព្រៃហើយតុបតែងលម្អដោយផ្កាកេសរកូលខ្មែរច្រើនប្រភេទ។ ក្នុងនោះ ក៏មានការសំដែងរបាំមុនីមេខឡា និងឧបករណ៍ភ្លេងខ្មែរ«ខ្សែមួយ» ឬឯកតន្រ្តីផងដែរ។

រូបចម្លាក់ខ្មែរ ដែលកំពុងដាក់តាំងនៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ជុំវិញការបើកព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសំខាន់នេះ រៀបចំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំនៃទំនាក់ទំនង រវាងកម្ពុជា និងសិង្ហបុរី និងទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
«ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត The Garden by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើន បំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទអង្គរវត្តជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ២»។ ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្រង់ប្រសាសន៍ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី មកចុះផ្សាយដូច្នេះ។ លោក សុខ ខឿន ក៏បង្ហាញសុទិដ្ឋិនិយមថា តាមរយៈពិព័រណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរនៅ The Garden by the Bay ហើយក៏ជំរុញកំណើនទេសចរ មកទស្សនាផ្ទាល់ប្រាសាទអង្គរវត្ត នៅកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៌អ័រគីដេនៃអង្គរវត្ត នៅ Garden by the Bayនេះ មានរយៈពេលជិត ៤ខែ ដោយនឹងបញ្ចប់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ ស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និង Garden by the Bay ក្រសួងវប្បធម៌ និងក្រសួងកសិកម្មនៃកម្ពុជា និងក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃសិង្ហបុរី ជាស្ថាប័នសហការ និងគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍នេះ៕

ចម្លាក់ដំរី និងផ្កាកេសរកូល ដែលកំពុងដាក់តាំងនៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ពិរព័ណ៍កេសរកូលនៃអង្គរវត្ត នៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចម្លាក់ វត្ថុសិល្បៈ និងផ្កាកេសរកូល ដែលមានវត្ថមានក្នុងពិរព័ណ៍កេសរកូលនៃអង្គរវត្ត នៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: