«មហាវិថី ស៊ី ជីនពីង» កំណាត់ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ដល់លេខ១
- ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:០៣ នាទី ព្រឹក

ឈ្មោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានប្រសិទ្ធនាមសម្រាប់កំណាត់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាម «មហាវិថី ស៊ី ជីនពីង» ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន។

ជាផ្នែកមួយនៃការរឹតចំណងមិត្តភាពដែកថែបកម្ពុជា-ចិន កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រោយចំណាយពេលអស់ចំនួន៥២ខែ។ ផ្លូវដែលចំណាយថវិកាសាងសង់ជាង ២៧៣លានដុល្លារអាម៉េរិក ក្រោមជំនួយឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។
ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ជា «មហាវិថី ស៊ី ជីនពីង» មានអត្ថន័យធំធេងសម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ នេះបើតាមការបញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានរំលេចផងដែរថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ រួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ក្នុងគម្រោងធំៗត្រូវបានបង្កើតឡើង រួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត។ រហូតមកដល់ពេលនេះ ចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤ ០០០ គីឡូម៉ែត្រនៅកម្ពុជា។

«មហាវិថី ស៊ី ជិនពីង» ដែលមានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។
ផ្លូវនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ២១ ,ផ្លូវជាតិលេខ២១A ,ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
«មហាវិថី ស៊ី ជិនពីង» តភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១ (AH-1) និងផ្លូវអាស៊ានហាយវេលេខ១១ (AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: