មិនជាប់ជម្រើស Man Utd តែ Greenwood ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Getafe
  • ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ​​ ម៉ោង ១០:៣៤ នាទី ព្រឹក
មិនជាប់ជម្រើស Man Utd តែ Greenwood ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Getafe

Mason Greenwood ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Getafe តាមរយៈការបង្ហាញសមត្ថភាពបានយ៉ាងល្អ ក្រោយខ្ចីជើង Manchester United រយៈពេល១ឆ្នាំ។ ក្លិបនៃលីគកំពូលអេស្ប៉ាញមួយនេះ បង្ហាញចេតនា បន្តខ្ចីខ្សែប្រយុទ្ធអង់គ្លេសរូបនេះនៅរដូវកាលក្រោយទៀត។
TTN-Free-Banner-In-Article-PC


Greenwood ដែលមានបញ្ហាក្តីក្តាំហិង្សាលើមិត្តស្រី មិនត្រូវបានក្លិបបិសាចក្រហមជ្រើសចូលសមាជិកក្រុមវិញឡើយ បើទោះតុលាការអង់គ្លេសទម្លាក់បទចោទក៏ដោយ។ Man Utd បានសម្រេចឱ្យខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ទៅ Getafe ខ្ចីកាលពីខែកញ្ញាឆ្នាំ២០២៣ ដោយបង្ហាញខ្លួនសរុប ៣៦ប្រកួត រកបាន១០គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូសម្រេចទី ៦លើក។
 
Getafe បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងតារាងពិន្ទុលីគកំពូលអេស្ប៉ាញ LaLiga ដោយរកបាន៤៣ពិន្ទុ។ តាមរយៈទម្រង់លេងដ៏លេចធ្លោប្រចាំក្រុម សមាជិកក្លិប និងមន្ត្រីបច្ចេកទេសក្លិប Getafe បានសម្រេចជ្រើស Greenwood ជាកីឡាករឆ្នើមប្រចាំរដូវកាល ២០២៣-២៤។
 
ជាប់ជាកីឡាករឆ្នើម Getafe បានបង្ហាញបំណងក្នុងការបន្តខ្ខីកីឡាករថ្នាលរបស់ Man Utd រូបនេះថែមមួយរដូកាលទៀត។ ទោះយ៉ាងណា ក្លិបបិសាចក្រហមមិនទាន់មានការលើកឡើងអ្វីឡើយលើកីឡាកររបស់ខ្លួនរូបនេះ។
 
ស្របពេលគ្នានេះដែរ ក៏មានពាក្យចចាមអារ៉ាមថា Borussia Dortmund ចង់បាន Greenwood ទៅរួមក្រុម ដោយទិញផ្តាច់ពី Man Utd តែម្តង។ ក្រៅពី Dortmund ក្លិបលំដាប់កំពូលទាំង៥នៅអឺរ៉ុប ក៏ចាប់អារម្មណ៍ Greenwood ផងដែរ ក្នុងនោះ Napoli របស់អ៊ីតាលីបានដាក់សំណើរតម្លៃខ្លួន៣លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Athletic។
 
យ៉ាងណាក៏ដោយ ស្របពេល Man Utd មានម្ចាស់ថ្មីលោក Jim Ratcliffe ចូលទៅកាន់កាប់ អាចនឹងមានការគិតគូឡើងវិញចំពោះ Greenwood  ដែលជាកីឡាករមានទេពកោសល្យទៅកាន់ Old Trafford វិញ​ ស្របពេលក្រុមក៏មានបញ្ហាសមាជិកកីឡាកររបួសច្រើនផងដែរ៕

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​