លោក Flick សន្យាជួយ Barca ឈ្នះពានច្រើន ដូចកាលដឹកនាំ Bayern
- ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:២៩ នាទី ល្ងាច

ក្រុម Barcelona បានប្រកាសតែងតាំងលោក Hansi Flick ជាអ្នកចាត់ការក្រុមថ្មី ជំនួសលោក Xavi Hernandez។ អតីតគ្រូបង្វឹកក្រុម Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយក្លិបយក្សអេស្ប៉ាញ ដោយគិតចាប់ពីរដូវកាលក្រោយទៅ។

លោក Flick វ័យ ៥៩ឆ្នាំ នឹងត្រូវចូលជំនួសតំណែងលោក Xavi Hernandez ដែលបានដឹកនាំ Barca ចុងក្រោយយកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផលឈ្នះ ២-១ មុនពេលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន។
មកដល់ក្លិប Barcelona ភ្លាម លោកអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញអារម្មណ៍រីករាយខ្លាំង និងបានសរសើរដល់ក្លិបថា ជាក្លិបដ៏អស្ចារ្យ នឹងជោគជ័យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោក Flick ប្តេជ្ញាថានឹងជួយក្លិបយក្សអេស្ប៉ាញមួយនេះ ឈ្នះពានរង្វាន់ជាច្រើន ឱ្យដូចកាលដែលលោកធ្លាប់បានដឹកនាំក្រុម Bayern Munich អ៊ីចឹងដែរ។
លោក Flick បាននិយាយក្នុងសន្និសីទកាសែតលើកដំបូងក្នុងនាមជាអ្នកចាត់ការក្រុម Barca៖«វាពិតជាកិត្តិយសដ៏ធំរបស់ខ្ញុំដែលបានចុះកិច្ចសន្យាជាមួយនឹងក្លិបដ៏អស្ចារ្យមួយ។ ពេលវេលាដែលខ្ញុំបានមកដល់ទីនេះ Barcelona គឺពិតជារឿងដ៏ពិសេសនិងអស្ចារ្យបំផុត គ្រប់គ្នាស្រលាញ់ក្លិបមួយនេះ ហើយពួកគេតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីជោគជ័យ។[…]»។
បុរសវ័យ ៥៩ឆ្នាំ មិនមានការងារដឹកនាំក្រុមណាមួយឡើយ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ មកម្ល៉េះ។ លោក Flick កាលនៅក្លិប Bayern Munich លោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ UEFA Champions league ដែលជាផ្នែកមួយនៃពានរង្វាន់ ៣ របស់ក្លិបយក្សអាល្លឺម៉ង់ អំឡុងឆ្នាំ ២០២០ មុនពេលលោកទៅដឹកនាំជម្រើសជាតិអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២១។
លោក Flick មានឱកាសមកដឹកនាំក្រុម Barca ដោយមានដំណឹងតាំងពីខែមេសា មកម្ល៉េះ នៅពេលដែលលោក Xavi ត្រូវបានដឹងថាអាចនឹងមិនបន្តកិច្ចសន្យា ក្រោយពេលការប្រកាសចុះចេញពីតំណែង។ ដំបូងឡើយលោក Xavi បានទៅជួបលោក Joan Laporta ប្រធានក្លិបកាលពីខែមេសា ជជែកពីលទ្ធភាពបន្តដឹកនាំក្រុម ក្រោយពេលការប្រកាសចាកចេញពីតំណែង ព្រោះតែបញ្ហាជម្លោះជាមួយនឹងកីឡាករ និងក្រុមធ្លាក់ទម្រង់លេង។
យ៉ាងណា បន្ទាប់ពីមានដំណឹងល្អមិនបានប៉ុន្មាន លោក Xavi នៅតែត្រូវបានក្លិបសម្រេចបញ្ចប់តំណែងដដែល មុនពេលដែលកិច្ចសន្យាត្រូវផុតកំណត់ត្រាត្រឹមរយៈពេល ២សប្តាហ៍ តែប៉ុណ្ណោះ។
លោក Xavi បានចូលមកជំនួសតំណែងលោក Ronald Koeman កាលពីឆ្នាំ ២០២២ ដោយបានជួយក្រុម Barcelona ឈ្នះពានរង្វាន់ La Liga នៅក្នុងការដឹកនាំរដូវកាលដំបូងរបស់លោក។
មិនត្រឹមតែប៉ុណ្ណោះ Xavi ក៏បានជួយក្រុមឈ្នះពាន Spanish Super Cup ប៉ុន្តែរដូវកាល ២០២៣-២៤ ក្លិបមិនឈ្នះពានអ្វីទាល់តែសោះ ដែលបានធ្វើឱ្យថ្នាក់ដឹកនាំស្វែងរកជម្រើសថ្មី៕
មិនត្រឹមតែប៉ុណ្ណោះ Xavi ក៏បានជួយក្រុមឈ្នះពាន Spanish Super Cup ប៉ុន្តែរដូវកាល ២០២៣-២៤ ក្លិបមិនឈ្នះពានអ្វីទាល់តែសោះ ដែលបានធ្វើឱ្យថ្នាក់ដឹកនាំស្វែងរកជម្រើសថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: