អ្នកស្រី សួស សារ៉េ ជោគជ័យលើការដាំបន្លែចម្រុះក្រោយទទួលបានបច្ចេកទេសដាំដុះពីអង្គការ Helen Keller
- ថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី ព្រឹក

កំពត៖ អ្នកស្រី សួស សារ៉េត ជាកសិករដាំបន្លែចម្រុះក្នុងខេត្តកំពត ដែលទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះបន្លែពីអង្គការ Helen Keller ក្រោមគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ។ ដាំដុះតាមបែបបច្ចេកទេសរយៈពេល១ឆ្នាំ កសិកររូបនេះ ទទួលបានជោគជ័យព្រោះបន្លែរបស់អ្នកស្រី មានទិន្នផលល្អ និងលក់បានតម្លៃថ្លៃ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
អ្នកស្រី សារ៉េត បានដាំបន្លែវិលជុំជាច្រើនមុខរួមមាន តាសក់ ត្រប់ និងសណ្ដែកទ្រើងជាដើម។ កសិកររស់នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពតរូបនេះ បានដាំដុះបន្លែបែបប្រពៃណីតពីដូនតា រយៈពេលជាង១០ឆ្នាំមកហើយ ប៉ុន្តែការដាំដុះបែបនេះ មិនទទួលបានផលឡើយ ដោយសារទិន្នផលមិនល្អ និងសត្វល្អិតបំផ្លាញ។
ក្រោយងាកមកដាំតាមបច្ចេកទេសដែលមានគ្រូបង្គោលបង្រៀន ជួយឱ្យកសិកររូបនេះ ពង្រីកផ្ទៃដីដាំដុះ និងអាចរកចំណូលបាន ៩លានរៀលក្នុងមួយខែ។ អ្នកស្រី សារ៉េត លើកឡើងដូច្នេះ៖ «ដុះបន្លែថាអត់ពិបាក តែបើអត់បច្ចេកទេសពិបាកគឺយើងដាំមិនជោគជ័យ គឺវាមានសត្វបំផ្លាញ អត់លូតលាស់ល្អយើងខាត»។
កសិករវ័យ៣៥ឆ្នាំរូបនេះ បានបន្ថែមថា ការដាំដុះតាមបែបបច្ចេកទេសត្រឹមត្រូវធ្វើឱ្យបន្លែលូតលាស់បានល្អ កាត់បន្ថយចំណាយ និងប្រើទឹកតិច៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: