គោព្រៃ រក្សាភាពមិនចាញ់ម៉ុងហ្គោលី ក្រោមអាកាសធាតុត្រជាក់នៅអ៊ូឡង់បាទ័រ បានឬទេ?
  • ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ១១:០៩ នាទី ព្រឹក
គោព្រៃ រក្សាភាពមិនចាញ់ម៉ុងហ្គោលី ក្រោមអាកាសធាតុត្រជាក់នៅអ៊ូឡង់បាទ័រ បានឬទេ?
រូបភាព៖ Darafoto

លោក Felix Dalmas បានរៀបចំក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាឡើងវិញ ដើម្បីត្រៀមតទល់ម៉ុងហ្គោលី នៅជំនួបមិត្តភាពអន្តរជាតិជើងទី២។ រៀបចំក្រុមឡើងវិញ ដោយសារក្រុមគោព្រៃត្រូវសម្របខ្លួននឹងអាកាសធាតុត្រជាក់ នៅទឹកដីម៉ុងហ្គោលី។
TTN-Free-Banner-In-Article-PC


ក្រុមកីឡាបាល់ទាត់ម៉ុងហ្គោលី នឹងទទួលកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិជើងទី២ នៅរដ្ឋធានីអ៊ូឡង់បាទ័រ នៅថ្ងៃទី១១ ខែមិថុនា វេលាម៉ោង ៤ រសៀល [ម៉ោងនៅកម្ពុជា]។ នៅជំនួបជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គោព្រៃទទួលបានជ័យជម្នះក្នុងលទ្ធផល ២-០។
 
ក្នុងសន្និសីតព័ត៌មាននៅថ្ងៃទី១០ ខែមិថុនា គ្រូបង្វឹកកម្ពុជាលោក Dalmas ​បានលើកសរសើរចំពោះការទទួលភ្ញៀវយ៉ាងល្អរបស់ម្ចាស់ផ្ទះម៉ុងហ្គោលី ក្រោយក្រុមកម្ពុជាចាកចេញពីកម្ពុជាភ្លាមៗ បន្ទាប់ពីប្រកួតចប់នៅភ្នំពេញ។ សម្រាប់ជំនួបទី២ គ្រូសញ្ជាតិអាហ្សង់ទីន បានរៀបចំក្រុមឡើងវិញ ដ្បិតការប្រកួតត្រូវធ្វើឡើងនៅទីក្រុង អ៊ូឡង់បាទ័រ ដែលមានអាសធាតុត្រជាក់ ប្រមាណជាង១០អង្សារ។
  


«បន្ទាប់ពីការប្រកួតនៅទឹកដីកម្ពុជាយើងបានធ្វើដំណើរមកទីនេះភ្លាមៗ ហើយយើងមានពេលសម្រាកតិច ប៉ុន្តែយើងបានរៀបក្រុមឡើងវិញដើម្បីតទល់ជាមួយម៉ុងហ្គោលី»។ នេះជាការលើកឡើងរបស់លោក Dalmas ទៅកាន់អ្នកសារព័ត៌មាន។
 
រៀបចំក្រុមឡើងវិញ ដោយសារលោក Dalmas យល់ឃើញថា កាលជំនួបនៅថ្ងៃទី៧ ខែមិថុនា ទាំងកម្ពុជា និងម៉ុងហ្គោលី សុទ្ធតែមានការលំបាក ដោយសារមានភ្លៀងធ្លាក់ខ្លាំងលើទីលាន។ ដោយឡែក នៅជំនួបទី២នេះ ក្រុមគោព្រៃត្រូវព្យាយាមសម្របជាមួយអាកាសធាតុត្រជាក់វិញ។ 
 
«យើងនឹងបន្តរៀបចំក្រុមឱ្យបានល្អជាងមុន ព្រោះម៉ុងហ្គោលីជាក្រុមមួយដ៏ល្អ ហើយយើងជឿជាក់ថាការប្រកួតនេះ ជាការប្រកួតមួយដ៏តានតឹង»។ លោក Dalmas បន្ថែម។
 
ជ័យជម្នះនៅជំនួបមិត្តភាពអន្តរជាតិជើងទី១ របស់កម្ពុជា លើម៉ុងហ្គោលីក្នុងលទ្ធផល ២-០ ធ្ចើបានដោយ Yudai Ogawa និង​ សារ ទី។ តើកម្ពុជា អាចរក្សាភាពមិនចាញ់ក្រុមម៉ុងហ្គោលីបានដែលឬទេសម្រាប់ជំនួបលើកទី៣នេះ? កាលពីប៉ះគ្នាដំបូងនៅឆ្នាំ ២០១៩ ក្រុមទាំងពីរស្មើគ្នា ១-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​