ឡាយហ្វ និងមហាផ្ទៃ គ្រប់លក្ខខណ្ឌ ប្រជែង CPL រដូវកាលក្រោយ
- ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៤:២៩ នាទី រសៀល

សមាគមក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មានលក្ខណសម្បត្តិគ្រប់គ្រាន់ ឡើងទៅប្រជែងជើងឯកខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល ២០២៤-២៥។ ទាំងឡាយហ្វ និងក្រសួងមហាផ្ទៃ បានបំពេញតាមលក្ខខណ្ឌ CPL ជោគជ័យ ដោយជាប់អាជ្ញាបណ្ណក្លិបថ្នាក់ជាតិ។

ក្រុមហ៊ុន CPL នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១១ ខែមិថុនា បានប្រកាសអបអរ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ ដែលនឹងត្រូវបង្ហាញខ្លួននៅលីគកំពូលកម្ពុជារដូវកាលក្រោយ។ Life FC ជាជើងឯកលីគទី២កម្ពុជា ស្របពេលក្រសួងមហាផ្ទៃ ជាក្រុមរងជើងឯករដូវកាលមុន។
បើតាមការបញ្ជាក់របស់ កញ្ញា ជា ស្រីលីស អ្នកគ្រប់គ្រងអាជ្ញាបណ្ណក្លិបរបស់ក្រុមហ៊ុន CPL វត្តមានរបស់ក្លិបឡាយហ្វ និងមហាផ្ទៃ នៅលីគកំពូលកម្ពុជារដូវកាលក្រោយ មិនមែនត្រឹមតែពួកគេជាក្រុមជើងឯក និងជើងឯករងលីគកម្រិតទី២ប៉ុណ្ណោះទេ ប៉ុន្តែដោយសារក្លិបទាំងពីរបានបំពេញតាមលក្ខខណ្ឌជាក្លិបអាជីពរួចរាល់។
Life FC ដែលមានលោកប្រាក់ សុវណ្ណារ៉ាជគ្រូបង្វឹក និងក្រសួងមហាផ្ទៃ ដែលមានលោក ស៊ុំ វណ្ណា ជាគ្រូបង្គោល បានទទួលអាជ្ញាបណ្ណក្លិបកម្រិតថ្នាក់ជាតិ បន្ទាប់ពីក្លិបទាំងពីរ បានបំពេញតាមលក្ខខណ្ឌសំខាន់ៗ ក្នុងចំណោមលក្ខខណ្ឌចំនួន៥ របស់ CPL។ លក្ខខណ្ឌទាំង៥នោះរួមមាន ទី១. លើលក្ខខណ្ឌវិនិច្ឆ័យកីឡា ទី២. ហេដ្ឋារចនាសម្ព័ន្ធ ទី៣. បុគ្គលិក និងរដ្ឋបាល ទី៤. ផ្នែកច្បាប់ និងទី៥. ហិរញ្ញវត្តុរបស់ក្លិប។
តាមច្បាប់របស់ CPL រាល់ក្លិបដែលត្រូវបង្ហាញខ្លួននៅលីគកំពូលកម្ពុជា ត្រូវមានអាជ្ញាបណ្ណក្លិបយ៉ាងហោចត្រឹមថ្នាក់ជាតិ ហើយអាជ្ញាបណ្ណក្លិប នេះ តម្រូវឱ្យក្លិបនីមួយៗ ស្នើសុំជារៀងរាល់ឆ្នាំ ដើម្បីអាចចូលរួមប្រកួតប្រជែងបាន។
ក្រៅពីឡាហ្វ និងក្រសួងមហាផ្ទៃ ដែលជាប់អាជ្ញាបណ្ណក្លិបថ្នាក់ជាតិ ក្លិបកីឡាបាល់ទាត់កម្ពុជាដែលបានជាប់អាជ្ញាបណ្ណក្លិប AFC ចំនួន៩ រួមមាន អង្គរថាយហ្គឺរ បឹងកេត គិរីវង់សុខសែនជ័យ ណាហ្គាវើលដ៍ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង កងយោធពលខេមរភូមិន្ទ វិសាខា អាយ អេស អាយ និង ដង្កោសែនជ័យ។
គិតមកទល់ពេលនេះ ទាំង១១ក្រុម ដែលជាប់អាជ្ញាបណ្ណក្លិប AFC និងថ្នាក់ជាតិ មានលក្ខណសម្បត្តិគ្រប់គ្រាប់ ក្នុងការបង្ហាញមុខប្រជែងជើងឯក CPL និង AFC Challenge League រដូវកាល ២០២៤-២៥៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: