ស្ពានអាកាសទី៨នៅភ្នំពេញ តម្លៃជាង១៦លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់
- ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១០:១៧ នាទី ព្រឹក

រូបភាព៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូ៦០ម៉ែត្រ) និងផ្លូវជាតិលេខ២ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៧ ខែមិថុនានេះ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងសាងសង់ស្ពានអាកាសភ្លោះ ដែលជាស្ពានអាកាសទី៨ នៅរាជធានីភ្នំពេញនេះ គ្រោងចំណាយថវិកា១៦ ២០០ ៥០០ ដុល្លា និងចំណាយពេលសាងសង់១២ខែ។ នេះបើតាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់នៅក្នុងពិធីបើកការដ្ឋានស្ពានអាកាសភ្លោះ ដែលស្ថិតនៅព្រំប្រទល់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅព្រឹកនេះ។
«ក្រុមហ៊ុនដែលត្រូវទទួលការអនុវត្តគម្រោងគឺក្រុមហ៊ុន វិនិយោគទុនអនិកជន OCIC ដោយគ្រោងចំណាយពេលសាងសង់១២ខែ ដោយចំណាយថវិកាអស់ចំនួន ១៦ ២០០ ៥០០ដុល្លារ ដែលជាកញ្ចប់ថវិកាបង្វែរពីការសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍន៍កោះនរា។ ហើយស្ពាននេះ នឹងក្លាយជាស្ពានទី៨(នៅរាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន»។ លោក ឃួង ស្រេង បញ្ជាក់ដូច្នេះ ដោយបានឱ្យដឹងទៀតថា ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយសរុប ៦២២ម៉ែត្រ។
សូមជម្រាបថា ស្ពានអាកាសចំនួន៧ទៀត នៅរាជធានីភ្នំពេញ រួមមានស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា ,ស្ពានអាកាសស្ទឹងមានជ័យ , ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ,ស្ពានអាកាសរង្វង់មូលចោមចៅ, ស្ពានអាកាសឫស្សីកែវ និងស្ពានអាកាសមរតកតេជោ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាសនៃការសាងសង់៕

ប្លង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវជាតិលេខ២។ រូបភាព៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com