ក្រសួងមហាផ្ទៃ សាកល្បងសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ
- ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

លោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
ដើម្បីកាត់បន្ថែមពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្តល់លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ បានចេញសម្រេច ដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ។

តាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមិថុនា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញគេហទំព័រសេវាអត្តសញ្ញាណកម្ម (https://online.gdi.gov.kh/login) រួមទាំង QR Code សម្រាប់ការបំពេញបែបបទស្នើសុំ ហើយបំពេញបែបបទរួច សាមីខ្លួនត្រូវទៅកាន់ទីស្នាក់ការ ឬ សាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្មៅដៃ និងបង់សេវារដ្ឋបាល។
ចំពោះពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬស្ថានភាពអ្នកស្នើសុំ។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ពលរដ្ឋក៏អាចអញ្ជើញទៅកាន់ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅផ្សារទំនើបអ៊ីអន២ នាចុងសប្តាហ៍ដើម្បីទទួលសេវាផងដែរ ហើយសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ ១២៧១ នៅរៀងរាល់ម៉ោងធ្វើការ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: