មន្ទីរសុខាភិបាលខេត្តកំពង់ចាម អនុវត្តវិន័យលើឆ្មបម្នាក់ ដែលបានយកលុយពីអ្នកជំងឺមានប័ណ្ណសមធម៌
- ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៤:៣៩ នាទី រសៀល

រូបតំណាង បុគ្គលិកនៃមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់។ រូបភាពពី ហ្វេសប៊ុកមន្ទីរពេទ្យផ្ទាល់
មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានដាក់វិន័យលើឆ្មបម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ ក្រោយរូបគេយកលុយ៣០ម៉ឺនរៀល ពីអ្នកជំងឺដែលមានប័ណ្ណមូលនីធិសមធម៌សុខាភិបាល។ សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ កក្កដា ។

ក្រោយមានអ្នកប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានចែកចាយពី ករណីបុគ្គលិកឆ្មបធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ម្នាក់ បានយកលុយ៣០ម៉ឺនរៀល ពីអ្នកជំងឺជាស្រ្តីម្នាក់ ទោះបីនាងមានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ។ ភ្លាមៗនោះ ក្រុមការងារ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចុះស៊ើបអង្កេត និងបានរកឃើញថា ពិតជាមានករណីនេះ កើតឡើងមែន។
នៅចំពោះមុខ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានណែនាំ និងដាក់វិន័យផ្សេងៗ តាមក្រុមប្រឹក្សាវិន័យ ដើម្បីរៀនសូត្រ និងកែប្រែខ្លួនឲ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា មានស្ត្រីម្នាក់ឈ្មោះ ញ៉ែម សុខនាត អាយុ៣០ ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ «ផ្នែកសម្ភព-រោគស្ត្រី» ដោយសារទារកស្លាប់ក្នុងពោះ។ តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន បានបង្ហាញថា ស្រ្តីរូបនេះមានធ្លាក់ឈាមតាមទ្វារមាស ។ បន្ទាប់មកបុគ្គលិកឆ្មប បានរៀបចំព្យាបាលទៅតាមបច្ចេកទេស។ ប៉ុន្តែបុគ្គលិកឆ្មបខាងលើ បានយកប្រាក់ពីស្ត្រីរូបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: