នាយករដ្ឋមន្ត្រីចិន អំពាវនាវឲ្យមានសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យបច្ចេកវិទ្យា AI
- ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី ព្រឹក

នាយករដ្ឋមន្ត្រីចិន Li Qiang ក្នុងពេលថ្លែងសុន្ទរកថាបើក World AI Conference WAIC នៅទីក្រុងសៀងហៃ ថ្ងៃទី៤កក្កដា។ RFI
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងអំពាវនាវឲ្យមាន ការបើកចំហសហប្រតិបត្តិការអន្តរជាតិ នៅលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងតែរីកចម្រើនខ្លាំង។ គួរកត់សំគាក់ថា ការអំពាវនាវឲ្យមានការបើកចំហពីសំណាក់លោកនាយករដ្ឋមន្ត្រីចិននេះ គឺស្ថិតក្នុងបរិបទមួយ ដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់គោលនយោបាយបិទខ្ទប់ មិនឲ្យរីកសាយភាពបច្ចេកវិទ្យាទំនើបរបស់គេទៅកាន់ចិន។

លោកលី ឈាំង បានថ្លែងសុន្ទរកថាបើកសម្ពោធសន្និសីទអន្តរជាតិស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបានបើកទ្វារចាប់ផ្តើម នៅទីក្រុងសៀងហៃ កាលពីថ្ងៃព្រហស្បតិ៍ទី៤កក្កដា។ ក្នុងសុន្ទរកថានេះ លោកនាយករដ្ឋមន្ត្រីចិនបានថ្លែងអំពាវនាវ ឲ្យគ្រប់ប្រទេស បើកចិត្តឲ្យទូលំទូលាយ ដើម្បីបង្កើតឲ្យមានសហប្រតិបត្តិការ លើវិស័យបញ្ញាសិប្បនិម្មិត។ លោកបន្តថា ប្រទេសនីមួយ មានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួនៗ មិនថាវិស័យបច្ចេកវិទ្យា ផ្នែកទិន្នន័យ និងទីផ្សារបញ្ញាសិប្បនិម្មិត។ ដូច្នេះ ទាំងអស់គ្នា គួរតែរួមកម្លាំង សហការគ្នា មិនត្រូវបែកចែករើសអើង ឬបិទខ្ទប់គ្នាទៅវិញទៅមកឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងតែរីកចម្រើនយ៉ាងលឿនរហ័ស។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានបើកផ្លូវឲ្យមានកម្មវិធីបច្ចេកវិទ្យាទំនើបជាច្រើន ដោយក្នុងនោះមានទាំង បច្ចេកវិទ្យាចាប់ស្គាល់សំឡេង ស្គាល់មុខ ការគ្រប់គ្រងទិន្នន័យស្វ័យប្រវត្តិ ហើយករណីខ្លះ គេអាចប្រើវាទៅបង្កើតរូបភាពច្នៃប្រឌិតបំភ័ន្តភ្នែកជាដើម ដែលគេហៅថា Deepfake។
ដោយឡែក គឺនៅក្នុងវិស័យសន្តិសុខ ចារកិច្ចឈ្លបយកការណ៍ និងវិស័យការពារជាតិ ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត។ រដ្ឋាភិបាលអាមេរិក បានចេញវិធានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់កុំឲ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វិស័យកងទ័ពរបស់គេ អាចធ្លាក់ទៅក្នុងដៃចិន។ ជាក់ស្តែង អាមេរិកបានដាក់វិធានការយ៉ាងតឹងតែបំផុត ក្នុងការនាំចេញបន្ទះ មីក្រូឈីប (Microchip) ដ៏ទំនើប ដែលចិនអាចទិញយកទៅអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
គឺក្នុងបរិបទនេះហើយ ដែលធ្វើឲ្យចិនគិតថា អាមេរិកមានការចង្អៀតចង្អល់ ព្រោះមិនចង់ឃើញចិត្តរីកចម្រើនដូចខ្លួន។ ដោយមិនលើកឈ្មោះអាមេរិកឲ្យចំ លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង បានអំពាវនាវថា គ្រប់ប្រទេសទាំងអស់ត្រូវតែនាំគ្នាលើកកំពស់ ចរាចរណ៍ឆ្លងកាត់ចុះឡើងនៃទិន្នន័យ ការទិញលក់ដោះដូរដោយសេរីនូវសម្ភាៈគ្រឿងបរិក្ខា ក៏ដូចជាបណ្តាញតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ លោកលី ឈាំង បានហៅឲ្យពិភពលោកពិគ្រោះយោបល់គ្នាជាលក្ខណៈអន្តរជាតិ ដើម្បីទប់ស្កាត់បញ្ហាអវិជ្ជមាន ដែលអាចកើតឡើងដោយសារការរីកចម្រើនលឿនជ្រុលហួសហេតុពេក នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
គួរកត់សំគាល់ថា សន្និសីទពិភពលោកស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា WAIC បើកទ្វារនៅទីក្រុងសៀងហៃ ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កក្កដា គឺជាឱកាសដែលក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងអស់ តាំងបង្ហាញផលិតផលនិងបច្ចេកវិទ្យាថ្មីៗ ដែលប្រើប្រាស់បច្ចេកវិទ្យា AI។ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក គឺជាអ្នកនាំមុខគេយ៉ាងខ្លាំងពិតមែន តែទន្ទឹមនឹងនេះ ក្រុមហ៊ុនចិនកំពុងតែប្រឹងប្រែងរត់ឲ្យទាន់ ជាពិសេសក្នុងបច្ចេកវិទ្យា Generative AI។ យ៉ាងណាមិញ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃពុធទី៣កក្កដា ក្នុងចំណោមការដាក់ពាក្យសុំ ប្រកាសអាជ្ញាបណ្ណរបកគំហើញថ្មីអន្តរជាតិទាំងអស់ គឺភាគច្រើនលើសលប់ សុទ្ធសឹងតែជារបស់ក្រុមហ៊ុនចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com