Man Utd បន្តកិច្ចសន្យាលោក Ten Hag ដល់ឆ្នាំ ២០២៦
  • ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:២៩ នាទី យប់
Man Utd បន្តកិច្ចសន្យាលោក Ten Hag ដល់ឆ្នាំ ២០២៦

ក្លិប Manchester United និងលោក Erik ten Hag បានព្រមព្រៀងគ្នា បន្តកិច្ចសន្យាក្នុងតំណែងអ្នកចាត់ការទូទៅ រហូតដល់ឆ្នាំ ២០២៦ ក្រោយពេលជួយដឹកនាំក្រុមឈ្នះពានរង្វាន់ FA Cup រដូវកាលមុន។ នេះបើតាមក្លិបរហស្សនាមបិសាចក្រហមបានបញ្ជាក់ ថ្ងៃទី៤ ខែកក្កដា។
TTN-Free-Banner-In-Article-PC


ការបន្តកិច្ចសន្យាបន្ថែមនេះ មានរយៈពេលត្រឹមតែ ១ឆ្នាំ ប៉ុណ្ណោះ បន្ថែមពីលើកិច្ចសន្យាចាស់របស់បុរសសញ្ជាតិហូឡង់ ដែលត្រូវផុតកំណត់ក្រោយបញ្ចប់រដូវកាលឆ្នាំ ២០២៥។ លោក Ten Hag នឹងបន្តរក្សាតំណែងជាអ្នកចាត់ការក្រុមធំ បន្ទាប់ពីក្លិបបិសាចក្រហមផ្តល់ឱកាសជម្រើស ១ឆ្នាំ ដល់គ្រូបង្វឹកវ័យ ៥៤ឆ្នាំ។
 
បើតាមប្រភពមួយប្រាប់ទៅកាន់ទូរទស្សន៍ ESPN លោក Ten Hag ក្រោយពេលបន្តកិច្ចសន្យាជាមួយក្លិប បុរសសញ្ជាតិហូឡង់ ក៏កំពុងតែជជែកជាមួយនឹងក្លិប សម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធក្រុមការងារគ្រូបង្វឹករបស់លោកផងដែរ។ កាលពីពេលថ្មីនេះវត្តមានរបស់លោក Ruud Van Nistelrooy និងលោក Rene Hake បានធ្វើដំណើរមកដល់ក្លិប Man Utd ចូលរួមជាក្រុមការងាររបស់លោក Ten Hag។
 
សម្រាប់លោក Ten Hag ដែលជួយក្លិបបិសាចក្រហមឈ្នះពាន EFL Cup ឆ្នាំ ២០២៣ និង FA Cup ឆ្នាំ ២០២៤ ក្រោយពេលទទួលបានកុងត្រា១ឆ្នាំ បន្ថែមទៀតពីក្លិប អតីតអ្នកចាត់ក្លិប Ajax Amsterdam រូបនេះថារីករាយចំពោះការព្រមព្រៀង និងការបន្តការងារជាមួយនឹងក្លិបយក្សរបស់អង់គ្លេស។
 
«ខ្ញុំពិតជាមានកិត្តិយសដែលឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លិប ដើម្បីបន្តការងាររួមគ្នាបន្ថែមទៀត។ សម្លឹងត្រឡប់ទៅកាន់កាល ២ឆ្នាំ មុន យើងធ្វើបានការឈ្នះពានរង្វាន់ចំនួន ២ ហើយក៏ជាឧទាហរណ៍បង្ហាញពីដំណើរការនៃគ្រោងការរបស់យើងសម្រាប់អភិវឌ្ឍក្រុមឡើងវិញ ដែលជាទីកន្លែងខ្ញុំបានចូលរួម។ យ៉ាងណា យើងត្រូវធ្វើឱ្យប្រាកដ ថានៅមានការងារលំបាកជាច្រើនបន្ថែមទៀត ដែលក្លិប Man Utd ត្រូវមានកម្រិតទៅដល់ ដែលនោះគឺការប្រកួតប្រជែងពានលីគកំពូលអង់គ្លេស និងពានរង្វាន់លំដាប់អឺរ៉ុប។»។ លោក Ten Hag បាននិយាយបែបនេះ អំឡុងពេលចុះកិច្ចសន្យាថ្មីជាមួយក្លិប Man Utd។
 
ទោះបីជាទទួលបានកិច្ចសន្យាថ្មីជាមួយក្លិប ប៉ុន្តែលក្ខខណ្ឌកិច្ចសន្យាចាស់របស់លោក Ten Hag ក៏នឹងនៅតែបន្តរក្សាដដែល។ លក្ខខណ្ឌសំខាន់មួយទៀត គឺការផ្ទេរកីឡាករ ក៏ជាផ្នែកមួយដែលលោក Ten Hag បានដាក់កិច្ចព្រមព្រៀងជាមួយនឹងក្លិប ​Man Utd ចាប់តាំងពីលោកចូលមកដឹកនាំ ក្រោយចាកចេញពីក្រុម Ajax ក្នុងឆ្នាំ ២០២២។
 
ដើមឡើយក្នុងការប្រកួតរដូវកាល ២០២៣-២៤ អនាគតរបស់លោក Ten hag ជាមួយនឹងក្លិបបិសាចក្រហម ហាក់បីជួបបញ្ហាខ្លាំង បន្ទាប់ពីក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Premier League ដែលកំណត់ត្រាអាក្រក់បំផុតរបស់ក្រុម។ ប៉ុន្តែលោកបានដឹកនាំក្រុមឈ្នះពាន FA Cup ដែលជាកត្តាបន្ធូរចិត្តដល់ថ្នាក់ដឹកនាំក្លិបឱ្យពិនិត្យមើលពីសមត្ថភាពការដឹកនាំរបស់លោក Ten Hag ឡើងវិញ៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង