នាយករដ្ឋមន្ត្រីហុងគ្រីទៅចិន ដើម្បីស្វែងរកសន្តិភាពដល់អ៊ុយក្រែន
  • ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
នាយករដ្ឋមន្ត្រីហុងគ្រីទៅចិន ដើម្បីស្វែងរកសន្តិភាពដល់អ៊ុយក្រែន
នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban និងប្រធានាធិបតីចិន ស៊ី ជិនភីង (ស្តាំ) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ រូបភាព ៖ Xinhua

បន្ទាប់ពីបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ី នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានទៅ​ដល់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី ៨ ខែ​កក្កដា ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង ស្វែងរកសន្តិភាពជូនអ៊ុយក្រែន។
TTN-Free-Banner-In-Article-PC
 
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានទៅទីក្រុងប៉េកាំងជុំវិញដំណើរដែលរដ្ឋាភិបាលហៅថា «បេសកកម្មសន្តិភាព៣.០» បន្ទាប់ពីធ្វើទស្សនកិច្ចថ្មីៗនេះទៅកាន់អ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ។
 
នេះជាដំណើរដ៏ភ្ញាក់ផ្អើលលើកទី៣ របស់លោក Orban នៅក្រៅប្រទេស ចាប់តាំងពីហុងគ្រីចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) រយៈពេល៦ ខែចាប់ពីដើមខែកក្កដា។
 
លោក Orban បានធ្វើដំណើរទៅកាន់អ៊ុយក្រែន និងរុស្ស៊ីកាលពីសប្តាហ៍មុនជុំវិញ «បេសកកម្មសន្តិភាព»។ ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ហុងគ្រីបានសង្កត់ធ្ងន់ថា ៖« បេសកកម្មស្វែងរកសន្តិភាពរបស់នាយករដ្ឋមន្ត្រី Viktor Orban នៅតែបន្ត»។ 
 
ចំណែកប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានអំពាវនាវឲ្យពិភពលោកជួយឲ្យរុស្ស៊ី និងអ៊ុយក្រែនបន្តការសន្ទនា និងចចារដោយផ្ទាល់ឡើងវិញ។ សារព័ត៌មានចិន CCTV ដកស្រង់សម្តីលោក ស៊ី ថ្លែងបែបនេះ អំឡុងជួបជាមួយលោក Viktor Orban នៅថ្ងៃទី៨ ខែកក្កដា។ 
 
លោក Orban បានសរសើរគំនិតផ្តួចផ្តើមប្រកបដោយការស្ថាបនារបស់ចិន ថានឹងសម្រេចបាននូវសន្តិភាព។ លោកបញ្ជាក់ច្បាស់ៗថា ទីក្រុងប៉េកាំងជាកម្លាំងរក្សាស្ថិរភាពស្របពេលមានភាពចលាចលជាសកល។
 
«ក្រៅ​ពី​រុស្ស៊ី និង​អ៊ុយក្រែន ការ​បញ្ចប់​សង្គ្រាមអាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​មហា​អំណាច​ទាំង​បី គឺ​​អាម៉េរិក សហភាព​អឺរ៉ុប និង​ចិន»។ លោក Orbán បាន​សរសេរ​នៅ​ក្នុង​ការ​បង្ហោះ​ហ្វេសប៊ុក​ដោយ​បង្ហាញ​លោក​ចាប់​ដៃ​ជាមួយ​លោក ស៊ី។
 
មិនដូចមេដឹកនាំផ្សេងទៀតនៅសហភាពអឺរ៉ុប លោក Orban បានបដិសេធមិនបញ្ជូនអាវុធទៅអ៊ុយក្រែនក្នុង ដែលមានជម្លោះជាមួយរុស្ស៊ីទេ។
 
ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Orban ហុងគ្រីបានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់ចិន។ ផ្ទុយពីប្រទេសអឺរ៉ុបមួយចំនួនទៀត ដែលកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
 
បន្ថែមពីនេះ ដំណើរ​ទស្សនកិច្ច​របស់​លោក Orban ទៅ​រុស្ស៊ី​ធ្វើ​ឲ្យ​មេដឹកនាំ​សហភាព​អឺរ៉ុប​មិន​សប្បាយចិត្ត។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានលើកឡើងថា លោក Orban ទៅរុស្ស៊ីក្នុងឋានៈជាមេដឹកនាំនៃប្រទេសហុងគ្រី មិនមែនជាតំណាងអឺរ៉ុបនោះទេ៕ 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង (THUN Senghong)