កូនឈើ១០០០ដើម ត្រូវបានដាំនៅរមណីយដ្ឋានអង្គរ ដើម្បីអបអររុក្ខទិវាជាតិ
- ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

អាជ្ញាធរជាតិអប្សរាបានសហការជាមួយកាកបាទក្រហមកម្ពុជា ប្រារព្ធយុទ្ធនាការដាំដើមឈើចំនួន១០០០ដើម ដើម្បីអបអរសាទរខួប រុក្ខទិវាជាតិ ៩ កក្កដា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។ រូបភាពអាជ្ញាធរជាតិអប្សរា៕
ដោយ៖ អោត រត់
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសហការជាមួយកាកបាទក្រហមកម្ពុជា ប្រារព្ធយុទ្ធនាការដាំដើមឈើចំនួន១០០០ដើម ដើម្បីអបអរសាទរខួប រុក្ខទិវាជាតិ ៩ កក្កដា ២០២៤ ក្រោមប្រធានបទ ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព” ។ នេះបើតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០២៤។

យុទ្ធនាការដាំដើមឈើចំនួន១០០០ដើម បានធ្វើឡើងនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដមសីហមុនី ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម ឈើទាល២០០ដើម ធ្នង់២០០ដើម បេង១០០ដើម ច្រេស២០០ដើម គ្រញូង១០០ដើម និងរំដួល១០០ដើម។
លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងក្នុងឱកាសនេះថា ៖ « ចាប់ពីឆ្នាំ២០០៤ មកទល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានដាំកូនឈើឡើងវិញបានប្រមាណចំនួន២លានដើមរួចហើយ។ ក្នុងនោះក៏មានការចែកជូនកូនឈើដោយឥតគិតថ្លៃដល់ស្ថាប័នរដ្ឋ និងវស័យឯកជន ព្រមទាំងពលរដ្ឋយកទៅដាំបន្ដ ដើម្បីពង្រីកនូវគម្របព្រៃឈើទូទាំងប្រទេសកម្ពុជា»។

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។ រូបភាព អាជ្ញាធរជាតិអប្សរា៕
កន្លងមកកាកបាទក្រហមកម្ពុជា បានដាំដើមឈើជាបន្ដបន្ទាប់ ។ ក្នុងនោះឧទ្យានសហសតវត្សរ៍របស់កាកបាទក្រហមកម្ពុជា មានដើមឈើតូចធំជាច្រើន នឹងបានក្លាយទៅជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការពារបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។
គូសបញ្ជាក់ផងដែរថា រុក្ខទិវា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទ សម្ដេច នរោត្ដមសីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីបណ្ដុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើនិងបរិស្ថានរបស់ប្រទេស។ ពិធីរុក្ខទិវា នេះត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយក្នុងឆ្នាំ១៩៥២។

លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា។ រូបភាព អាជ្ញាធរជាតិអប្សរា៕

ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី ក្នុងពិធីទិវា ៩កក្កដា នៅខេត្តតាកែវ។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: