ចិនបន្ទោសសម្ព័ន្ធយោធាអូតង់ ថាកំពុងពង្រីកដែនឥទ្ធិពលអំណាចនៅអាស៊ីប៉ាស៊ីហ្វិក
- ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១១:២៩ នាទី ព្រឹក

ចិន ប្រតិកម្មស្តីបន្ទោស និងចោទប្រកាន់អង្គការអូតង់ បន្ទាប់ពី អូតង់ អញ្ជើញប្រទេសក្នុងតំបន់អាស៊ីមួយចំនួន ឲ្យចូលរួមកិច្ចប្រជុំកំពូល នៅសហរដ្ឋអាមេរិក។ AP - Jacquelyn Martin
ដោយ៖ហេង ឧត្តម(RFI ខេមរភាសា)
រដ្ឋអំណាចចិន បានសម្តែងក្តីខឹងសម្បាចំពោះអង្គការសម្ព័ន្ធយោធាអូតង់ និងថែមទាំងចោទប្រកាន់អង្គការយោធាលោកខាងលិច១នេះ ថាកំពុងតែលាតសន្ធឹងពង្រីកដែនឥទ្ធិពលអំណាចយោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងកំពុងតែញុះញង់បង្កឲ្យមានការប៉ះទង្គិចគ្នា។ ចំពោះចិន អូតង់ជាមេបង្កអស្ថិរភាពនៅអាស៊ីប៉ាស៊ីហ្វិក។ ប្រតិកម្មស្តីបន្ទោស និងចោទប្រកាន់របស់ចិនប៉េកាំងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពី អង្គការអូតង់ បានអញ្ជើញប្រទេសក្នុងតំបន់អាស៊ីមួយចំនួន ឲ្យចូលរួមកិច្ចប្រជុំកំពូលអូតង់ ក្នុងឱកាសខួប៧៥ឆ្នាំ នៅសហរដ្ឋអាមេរិក។

រដ្ឋអំណាចចិន ថ្លែងពាក្យសម្តីទ្រគោះបោះបោកជាខ្លាំង ស្តែងពីក្តីខឹងខ្ញាល់ចំពោះអង្គការសម្ព័ន្ធយោធាអូតង់។ អូតង់ ជាអង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង រវាងអាមេរិកនិងអឺរ៉ុប តែបែរជាអញ្ជើញប្រទេសអាស៊ីឲ្យចូលតុប្រជុំ នៅក្រុងវ៉ាស៊ីនតោន។ ការណ៍នេះ បានធ្វើឲ្យ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លិន ជាំង អង្អុរមុខ ថាអូតង់កំពុងតែលាតសន្ធឹងឥទ្ធិពលនៅអាស៊ី និងកំពុងតែសាបព្រោះផ្នត់គំនិសង្គ្រាមត្រជាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិន លោក លិន ជាំង បន្តគូសបង្ហាញថា សម្ព័ន្ធអូតង់ ជាអង្គការយោធាថ្នាក់ដឹកតំបន់ ចេះតែពង្រីកដែនឥទ្ធិពលអំណាចរបស់ខ្លួនគ្មានឈប់ឈរ, និងចេះតែឈ្លានពានជ្រុលហួសព្រំដែនរបស់ខ្លួន ហើយនិងជំរុញឲ្យមានការប្រឈមមុខដាក់គ្នា។
ទង្វើរបស់អូតង់ ជាការញុះញង់ និងគំរាមកំហែង សុទ្ធសាធ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ពីរដ្ឋធានីប៉េកាំង។
ប្រតិកម្មរបស់មន្ត្រីចិនប៉េកាំង ធ្វើឡើងបន្ទាប់ពីថ្ងៃចន្ទ ដែល អូតង់ បានអញ្ជើញប្រទេសនៅក្នុងទ្វីបអាស៊ី និងអូសេអានី ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ សុទ្ធសឹងជាសម្ព័ន្ធមិត្តលោកខាងលិច និងជាសត្រូវយុទ្ធសាស្ត្ររបស់ចិន ឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ រៀបចំនៅសហរដ្ឋអាមេរិក។
អគ្គលេខាធិការ អង្គការអូតង់ លោក យែន ស្តុលទែនប៊ែរ ដែលជិតផុតអាណត្តិ បានពន្យល់ពីការអញ្ជើញប្រទេសដែលមិននៅក្នុងរង្វង់អឺរ៉ុបឲ្យចូលរួមប្រជុំខួប៧៥ឆ្នាំ របស់អង្គការអូតង់ ដោយគូសបញ្ជាក់ថា បញ្ហាសន្តិសុខ មិនត្រឹមតែនៅក្នុងតំបន់អឺរ៉ុបតែ១ទេ តែជាបញ្ហាពិភពលោកទាំងមូល។ ក្នុងន័យនេះ អគ្គលេខាធិការអង្គការអូតង់ បានពន្យល់ដោយសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តរបស់ចិន ដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង រុស្ស៊ី ហើយនិងចិនខ្លួនឯង កំពុងតែបង្កព្យុះភ្លៀង ជួយគាំទ្ររុស្ស៊ី ហើយនិងអបអរក្រុងម៉ូស្គូ ដែលបញ្ឆេះសង្គ្រាមឈ្លានពានទាំងខុសច្បាប់ យ៉ាងកម្រោល ទៅលើដែនដីអ៊ុយក្រែន។
ត្រង់ចំណុចនេះ ត្រូវអ្នកនាំពាក្យក្រសួងការបរទេសចិន បដិសេធទាត់ចោល ហើយនិងបន្ទោសអូតង់ទៅវិញថា ចេះតែទម្លាក់កំហុសមកលើប៉េកាំង។ ប៉េកាំង លើកឡើងថា អូតង់កំពុងតែយក ចិន ធ្វើជាលេស ដោយចោទចិនថាជាប្រភពនៃការគំរាមកំហែងសន្តិសុខ ដើម្បីឲ្យខ្លួនឯងបានពង្រីកឥទ្ធិពលនៅអាស៊ីប៉ាស៊ីហ្វិក តែប៉ុណ្ណោះ។
លោក លិន ជាំង បានវាយសំពងពាក្យសម្តីទៀតថា ពួកសម្ព័ន្ធយោធាលោកខាងលិច មិនចេះស្រាកស្រាន្តសោះឡើយ ចំពោះការបង្កើតសត្រូវក្នុងក្តីស្រមៃ។ ដោយអះអាងថា ដើម្បីការពារសុវត្ថិភាពសន្តិសុខរបស់ខ្លួន ពួកនេះ បានជំរុញបំផុសបំផុលឲ្យកើតក្តីអរិភាពដ៏គ្រោះថ្នាក់ នៅក្នុងតំបន់និងពិភពលោក។ នេះបើតាមមន្ត្រីចិនដដែល។
ទោះជាម្តេចក្តី កាសែតរដ្ឋចិនចេញដំណឹងពីប៉េកាំង បានផ្សព្វផ្សាយដែរថា នាយករដ្ឋមន្ត្រីអូស្ត្រាលី និងថ្នាក់ដឹកនាំប្រទេសប៊ុលហ្ការី បានសម្រេចចិត្តបដិសេធសេចក្តីអញ្ជើញ និងមិនចូលរួមកិច្ចប្រជុំរបស់អង្គការអូតង់នៅសហរដ្ឋអាមេរិកឡើយ។ ការណ៍នេះ បានធ្វើឲ្យសមាជិកអូតង់ខ្លះ មិនស្រណុកចិត្តសោះ ចេះតែរសាប់រសល់៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ