Tripadvisor៖ សួនរុក្ខជាតិអង្គរ ជាប់ជាជម្រើសទេសចរណ៍ដ៏ល្អឆ្នាំ២០២៤
- ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី ព្រឹក

សួនរុក្ខជាតិអង្គរ (Angkor Botanical Garden) ត្រូវបានជាប់ជាជម្រើសទេសចរណ៍ដ៏ល្អប្រចាំឆ្នាំ២០២៤ (Traveller’s Choice Awards Winner 2024) ក្នុងគេហទំព័រទេសចរណ៍ Tripadvisor។ សួនរុក្ខជាតិអង្គរ ស្ថិតនៅលេខរៀងទី៤២ ជាទីតាំងដ៏ល្អសម្រាប់ទេសចរទៅកម្សាន្ត ក្នុងចំណោមទីតាំងទេសចរណ៍ចំនួន២០៣កន្លែងក្នុងខេត្តសៀមរាប។

សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានកែច្នៃលើទំហំដីជាង១៥ហិកតា ដែលត្រូវបានរៀបចំយ៉ាងទាក់ទាញ មានរុក្ខជាតិចម្រុះរាប់ម៉ឺនដើម និងមានពូជឈើ និងរុក្ខជាតិជាង ៥០០ប្រភេទ ក្នុងនោះមានដើមផ្កា ស្មៅ ឈើហូបផ្លែ សួនគ្រឿងទេស និងបន្លែ សួនអំបូរត្នោត សួនលំនៅដ្ឋាន និងសួនសត្វច្រើនប្រភេទ។ សួនរុក្ខជាតិអង្គរ ស្ថិតក្នុងភូមិត្រពាំងសេះ ក្រុងសៀមរាប។ សួនរុក្ខជាតិមួយនេះ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន រហូតជាប់ជាជម្រើសទេសចរប្រចាំឆ្នាំ២០២៤ ក្នុងគេហទំព័រទេសចរណ៍ Tripadvisor។

សួនរុក្ខជាតិអង្គរ ឈរនៅលេខរៀងទី៤២ ខណៈលេខរៀងទី១ នៅតែជាប្រាសាទអង្គរវត្ត,លេខរៀងទី២ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម លេខរៀងទី៣ ជាទីតាំងដ៏ល្អបំផុតសម្រាប់ទេសចរទៅកម្សាន្តក្នុងខេត្តសៀមរាប។ ចំណែកឯ ប្រាសាទបន្ទាយស្រី ឈរលេខរៀងទី១២ និងទី១៣ អង្គរធំ។
កន្លងមកក្រៅពីសៀមរាប Tripadvisor ក្នុងខ្ទង់ Travelers’ Choice: Best of the Best ឆ្នាំ២០២៤ បានបញ្ចូលរាជធានីភ្នំពេញក្នុងចំណោមតំបន់ទេសចរណ៍ដ៏លេចធ្លោ (Trending Destinations) ទាំង២៥លើពិភពលោកផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com
Tag: