វៀតណាម​ផ្តល់រថយន្ត ២០គ្រឿងបន្ថែមដល់ឡាវ សម្រាប់រៀបចំកិច្ចប្រជុំអាស៊ាន
  • ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៤:៤៩ នាទី រសៀល
វៀតណាម​ផ្តល់រថយន្ត ២០គ្រឿងបន្ថែមដល់ឡាវ សម្រាប់រៀបចំកិច្ចប្រជុំអាស៊ាន
លោក ថងលូន ស៊ីសូលីត (ស្តាំ) ចាប់ដៃលោក តូ ឡឹម នាឲកាសប្រគល់រថយន្តនទៅក្រុងវៀងចន្ទន៍ ។ រូបភាព ៖ Dan Tri

វៀតណាមនៅថ្ងៃទី១១ ខែកក្កដា បានផ្តល់រថយន្តអគ្គិសនីចំនួន ២០គ្រឿងបន្ថែម សម្រាប់ជួយសម្រួលការងារផ្សេងៗ អំឡុងពេលរៀបចំកិច្ចប្រជុំអាស៊ាន។ ប្រធានាធិបតីឡាវលោក ថងលូន ស៊ីសូលីត បានអរគុណចំពោះជំនួយមិត្តវៀតណាម ដែលតែងតែស្មោះស្ម័គ្រជួយគាំទ្រ កសាង និងអភិវឌ្ឍប្រទេសមកទល់បច្ចុប្បន្ន។
TTN-Free-Banner-In-Article-PC
 
អំណោយដែលវៀតណាមប្រគល់ជូនឡាវ ត្រូវបានប្រកាសក្នុងជំនួបរវាងប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីឡាវលោក ថងលូន ស៊ីសូលីត ដែលមានរថយន្តចំនួនអគ្គិសនីចំនួន ២០គ្រឿង សម្រាប់បម្រើការក្នុងសកម្មភាពនានាក្នុងពេលទីក្រុងវៀងចន្ទន៍ធ្វើជាប្រធានអាស៊ាន។ 
 
លោក ស៊ីសូលីត សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម ដែលជ្រើសរើសឡាវជាប្រទេសដំបូងគេចាប់តាំងពីចូលកាន់មុខតំណែងថ្មី បានបង្ហាញពីសារៈសំខាន់របស់បក្ស និងរដ្ឋវៀតណាមផ្ទាល់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។
 
«សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រសម្រាប់ការគាំទ្ររបស់វៀតណាមចំពោះឡាវ ក្នុងដំណើរការតស៊ូទាមទារឯករាជ្យជាតិ ក៏ដូចជាក្នុងការងារកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ»។ លោក ស៊ីសូលីត បានបញ្ជាក់បែបនេះនៅចំពោះមុខប្រធានរដ្ឋវៀតណាម។ 
 
កាលពីថ្ងៃទី១៨ ខែមីនា វៀតណាម ក៏បានប្រគល់រថយន្ត និងម៉ូតូ៥០គ្រឿងដល់ឡាវ ដើម្បីជួយសម្រួលការងារផ្សេងៗ ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំអាស៊ានដែរ។ 
 
កាលពីចុងខែមីនា កម្ពុជាក៏បានប្រកាសផ្តល់លុយ ១លានដុល្លារដល់រដ្ឋាភិបាលឡាវ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។ 
ប្រធានរដ្ឋវៀតណាមថ្មីលោក​ តូ ឡឹម ធ្វើទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងទៅកាន់ឡាវ២ថ្ងៃ និងកម្ពុជានៅថ្ងៃទី១២-១៣ខែកក្កដា ក្រោយឡើងកាន់ដំណែងបានជាងមួយខែ។
 
វៀតណាម - ឡាវបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៦២។ បច្ចុប្បន្នវៀតណាមជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំជាងគេមួយរបស់ឡាវ ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចំនួន២៥៥ នៅក្នុងប្រទេសនេះ។​
 
គួរបញ្ជាក់ថា វៀតណាមជានិច្ចកាលផ្តល់តម្លៃ និងអាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងជាមួយឡាវ និងកម្ពុជា។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ដុ ហ៊ុង វៀត ប្រាប់សារព័ត៌មាន VnExpress អំឡុងប្រធានរដ្ឋវៀតណាមធ្វើទស្សនកិច្ចប្រទេសទាំងពីរនេះ៕ 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង (THUN Senghong)