ឥណ្ឌូណេស៊ី កាត់ទោសអតីតរដ្ឋមន្រ្តីកសិកម្មជាប់ពន្ធនាគារ១០ឆ្នាំ ពីបទពុករលួយ
- ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:៣០ នាទី ព្រឹក

លោក Syahrul Yasin Limpo អតីតរដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ីនៅក្នុងតុលាការ។ រូបភាព ៖ AP
តុលាការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ីនៅថ្ងៃទី១១ ខែកក្កដា បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មឱ្យជាប់ពន្ធនាគារ ១០ឆ្នាំពីបទពុករលួយ ជំរិតទារប្រាក់ បំពានអំណាច និងសូកប៉ាន់តាមកិច្ចសន្យារបស់ក្រសួងកសិកម្មជាមួយដៃគូឯកជន។

តាមសាលក្រមរបស់តុលាការក្នុងរដ្ឋធានីហ្សាការតា អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Syahrul Yasin Limpo ដែលកាន់តំណែងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បានប្រព្រឹត្តិបទឧក្រិដ្ឋរំលោភបំពានអំណាច។ តុលាការក៏បានតម្រូវឱ្យលោក Limpo បង់ប្រាក់ពិន័យប្រមាណ ១៨ ៥០០ដុល្លារ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ៤ខែបន្ថែមទៀត ប្រសិនបើមិនបង់ប្រាក់ពិន័យ។
លោក Limpo ត្រូវបានចាប់ខ្លួនដោយគណៈកម្មការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី (KPK) កាលពីខែតុលា ឆ្នាំ២០២៣។ មន្ត្រីក្រសួងកសិកម្មជាច្រើននាក់បានផ្តល់សក្ខីកម្ម អំឡុងសវនាការថា លេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងភ្នាក់ងារនានាក្នុងក្រសួង ត្រូវបង្ខំឲ្យបង់ប្រាក់២០ភាគរយ ដល់លោក Limpo ជាថ្នូរដើម្បីរក្សាតួនាទី និងតំណែង។
លោក Limpo បានប្រើប្រាស់ប្រាក់នេះដើម្បីទិញរថយន្តទំនើប អំណោយ និងអាផាតមិន យន្តហោះឯកជនជួល ធ្វើពិធីជប់លៀង និងការជួបជុំគ្រួសារ ព្រមទាំងចំណាយលើសកម្មភាពនយោបាយ សាសនាជាច្រើន។
កាលពីចុងខែតុលា ឆ្នាំ២០២៣ អ្នកនាំពាក្យរបស់ KPK លោក Ali Fikri បានអះអាងថា អ្នកត្រួតពិនិត្យបានរកឃើញកាំភ្លើង ១០ដើម និងក្រដាសប្រាក់ជាច្រើនមានតម្លៃប្រហែល ៣០ពាន់លានរូពី (១,៩លានដុល្លារ) ព្រមទាំងដកហូតបានឯកសារមួយចំនួននៅផ្ទះរបស់ Syahrul Yasin Limpo ។
ក្រៅពីលោក Limpo លោក Johnny G. Plate អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទកេងបន្លំប្រាក់ចំនួន ៥៣៣លានដុល្លារក្នុងការសាងសង់អង់តែនទូរសព្ទនៅតំបន់ដាច់ស្រយាល។
រហូតមកដល់ពេលនេះ សមាជិក៥នាក់ផ្សេងទៀតនៃគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីផុតអាណត្តិលោក ចូកូ វីដូដូ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទពុករលួយ។
គួរបញ្ជាក់ថា KPK បានចាប់ខ្លួនសមាជិកសភាខេត្តប្រមាណ ២៥០នាក់ អ្នកដឹកនាំអាជីវកម្ម និងអភិបាលក្រុង ១៣៣នាក់ អភិបាលក្រុង១៨នាក់ សមាជិករដ្ឋសភា ៨៣នាក់ និងរដ្ឋមន្ត្រី១២នាក់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៣៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ