ថៃដាក់គោលដៅទាក់ទាញទេសចរ ៤០លាននាក់នៅឆ្នាំ ២០២៥
- ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:៣០ នាទី ព្រឹក

ភ្ញៀវទេសចរនៅកោះហ្វីរបស់ថៃ ។_ រូបភាព ៖ AFP
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីយុទ្ធសាស្ត្រទាក់ទាញភ្ញៀវបរទេសចំនួន ៤០លាននាក់ និងបង្កើតប្រាក់ចំណូលពីវិស័យនេះចំនួន ៩៤ពាន់លានដុល្លារនៅឆ្នាំក្រោយ។
គោលបំណងនៃការទាក់ទាញភ្ញៀវទេសចរឲ្យបាន ៤០លាននាក់ គឺស្របតាមមហិច្ឆតារបស់រដ្ឋាភិបាលថៃ ក្នុងការផ្សព្វផ្សាយប្រទេសនេះជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់ពិភពលោក។ នេះបើតាមលោកស្រី Natthriya Thaweevong ប្រធានក្រុមប្រឹក្សាភិបាល TAT ។
យុទ្ធសាស្រ្តដែលថៃប្រើដើម្បីទាក់ទាញភ្ញៀវទេសចររួមមាន ការបង្កើតព្រឹត្តការណ៍ធំៗ និងការផ្តល់ជូននូវកញ្ចប់ដំណើរទេសចរណ៍ដែលធ្វើឡើងដើម្បីបំពេញតាមចំណូលចិត្តរបស់អ្នកដំណើរម្នាក់ៗ ដូចជាសម្រាប់មនុស្សចាស់ និងទេសចរសុខាភិបាលជាដើម។
បើតាមលោកស្រី Natthriya ចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរមានការផ្លាស់ប្តូរនៅសម័យក្រោយការរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែវិស័យទេសចរណ៍នៅតែអាចបង្កើតប្រាក់ចំណូលបានយ៉ាងច្រើនពីវិស័យនេះសម្រាប់ប្រទេស។
ប្រធានក្រុមប្រឹក្សាភិបាល TAT រូបនេះបញ្ជាក់ថា ថៃអាចទាក់ទាញភ្ញៀវបរទេសបានរហូតដល់ ៣៩ លាននាក់ក្នុងឆ្នាំ២០២៤ និងទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ៨៣ពាន់លានដុល្លារ (៣ទ្រីលានបាត) តាមការរំពឹងទុកដោយសារមានព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗនៅចុងឆ្នាំនេះ។ នេះបើតាមកាសែតថៃ The Nation។
លោកស្រី Thapanee Kiatphaibool ប្រធានគ្រប់គ្រង TAT អះអាងថា ថៃមានគោលបំណងជំរុញកំណើនប្រាក់ចំណូលពីទេសចរណ៍ប្រមាណ ៨៣ពាន់លានដុល្លារនៅឆ្នាំនេះ ដល់ ៩៤ពាន់លានដុល្លារ (៣,៤ទ្រីលានបាត) នៅឆ្នាំក្រោយ។
លោកស្រីបានកត់សម្គាល់ឃើញថា គោលដៅនេះអាចសម្រេចបានដោយការទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ ៤០លាននាក់មកកម្សាន្តនៅថៃ និងលើកទឹកចិត្តឲ្យភ្ញៀវទេសចរក្នុងស្រុកចំនួន ២២០លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ