យុវជនសិង្ហបុរីឆាប់រៀបការ ដើម្បីប្រញាប់ប្រញាល់ទិញផ្ទះ
- ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៥:០០ នាទី ល្ងាច

អាផាតមិននៅសិង្ហបុរី ។ រូបភាព ៖ CNA
ដើម្បីមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ទិញផ្ទះ គូស្នេហ៍វ័យក្មេងនៅសិង្ហបុរីប្រញាប់ប្រញាល់រៀបការ ដើម្បីគ្រប់លក្ខខណ្ឌទទួលបានអត្ថប្រយោជន៍ជាច្រើនពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល។

ក្រោយណាត់ជួបគ្នា២ដង កញ្ញា Serena Wong និងមិត្តប្រុសបានពិភាក្សាពីគម្រោងរៀបការ ដើម្បីមានសិទ្ធិទិញលំនៅឋានសង្គម។ ស្ត្រីដែលមានវ័យ ២៨ឆ្នាំមួយរូបជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅសិង្ហបុរី ជាមួយមិត្តប្រុសបានដាក់ពាក្យទិញផ្ទះសង្គម ក្រោយពួកគេណាត់ជួបជាលើកទី២។
ក្នុងរយៈពេល ១០ខែបន្ទាប់ ពួកគេត្រូវដាក់ប្រាក់កក់ចំនួនជាង២,៩ម៉ឺនដុល្លារ ហើយត្រូវរង់ចាំ ៥ឆ្នាំ ដើម្បីទិញអាផាតមិនដែលមានបន្ទប់គេង៣ ដែលមានតម្លៃជាង ៤៥ម៉ឺនដុល្លារនៅកណ្តាលមជ្ឈមណ្ឌល Queenstown ។ តម្លៃអាផាតមិននៅទីនេះ គឺថ្លៃជាងទីផ្សារទូទៅ ៥០ភាគរយ។
ក្រៅពីប្រាក់កក់ អ្នកទាំងពីរត្រូវដាក់ច្បាប់ចម្លងសំបុត្រអាពាហ៍ពិពាហ៍ទៅកាន់ក្រុមប្រឹក្សាលំនៅឋានសិង្ហបុរីក្នុងរយៈពេល ៣ខែ គឺចាប់ពីពេលទទួលបានសោចូលនៅផ្ទះ។
ការសម្រេចចិត្តឆាប់រៀបការដើម្បីទិញផ្ទះដូចកញ្ញា Serena Wong គឺមិនមែនជារឿងចម្លែកទេសម្រាប់ប្រជាជនសិង្ហបុរី។ ការសន្សំលុយដើម្បីទិញផ្ទះ ឬការបន្តនៅម្នាក់ឯងយូរ និងធ្វើឲ្យថ្លៃដើមផ្ទះកើនឡើង ជាហេតុជំរុញឲ្យប្រជាជនវ័យក្មេងជាច្រើននៅសិង្ហបុរីឆាប់រៀប។
អ្នកកាន់កាប់ផ្ទះផ្ទាល់ខ្លួននៅសិង្ហបុរីមានជិត ៩០ភាគរយ ដោយមានប្រជាពលជនច្រើនជាង ៣ភាគ៤ រស់នៅក្នុងផ្ទះល្វែងសង្គមដែលផ្តល់ដោយក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍របស់រដ្ឋាភិបាល(HDB)។ អាផាតមិនទាំងនេះមានទំហំធំទូលាយ និងមានទីតាំងល្អ ដែលតម្លៃលក់បានកើនឡើងជាង ៨០ភាគរយចាប់តាំងពីឆ្នាំ ២០០៩។ ប្រជាជនអាចទិញអាផាតមិនដែលមានតំលៃថោកជាង និងទទួលបានការឧបត្ថម្ភធនលំនៅដ្ឋានពីរដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយ អ្នកទិញផ្ទះត្រូវបំពេញលក្ខខណ្ឌមួយចំនួន។ ជាពិសេស អ្នកដែលមានអាយុក្រោម ៣៥ឆ្នាំត្រូវភ្ជាប់ជាមួយលិខិតភ្ជាប់ពាក្យ រៀបការ មានកូន ឬស្នើសុំទិញផ្ទះជាមួយសមាជិកគ្រួសារផ្សេងទៀត។ ដោយឡែក សម្រាប់អាផាតមិនថ្មី ប្ដីប្រពន្ធត្រូវតែស្ថិតក្នុងក្រុមដែលមានចំណូលទាប (ក្រោម ១០៣០០ដុល្លារ) ដើម្បីទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល។
ការណ៍នេះ ជំរុញឱ្យយុវជនជាច្រើនចាប់ផ្តើមប្រញាប់ប្រញាល់រៀបអាពាហ៍ពិពាហ៍ ហើយសុខចិត្តដាក់ប្រាក់រហូតដល់២០ភាគរយ ដើម្បីមានអាផាតមិនមុនពេលចាប់ផ្តើមសាងសង់។ ប៉ុន្តែប្រសិនបើពួកគេលែងលះមុនទទួលបានផ្ទះ នោះពួកគេនឹងបាត់បង់ប្រាក់កក់។
កញ្ញា Phyllis Kum អាយុ ២៥ឆ្នាំបានទិញអាផាតមិនតម្លៃជាង ៤០ម៉ឺនដុល្លារការពីខែធ្នូ ឆ្នាំ២០២៣ ហើយអាចផ្លាស់ទៅរស់នៅក្នុងឆ្នាំ ២០២៧។ ប៉ុន្តែប្រសិនបើប្រាក់ចំណូលរបស់នាង និងគូស្នេហ៍កើនឡើង ពួកគេប្រហែលជាមិនមានសិទ្ធិចុះឈ្មោះទិញផ្ទះទៀតទេ។ គណនេយ្យករវ័យ ២៥ឆ្នាំរូបនេះ បានជួបមិត្តប្រុសរបស់នាងកាលពីខែមិថុនា ឆ្នាំ២០២២។ នាងបានស្នើទិញផ្ទះក្រោយពីណាត់ជួបមិត្តប្រុសជាលើកទី២។ អ្នកទាំងពីរនឹងដាក់ប្រាក់កក់ ៥ភាគរយហើយគ្រោងនឹងរៀបការនៅឆ្នាំ ២០២៦។
អត្រាមានកូនសរុបរបស់សិង្ហបុរីបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ ហើយឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រគឺ ០,៩៧ក្នុងឆ្នាំ ២០២៣។ រដ្ឋាភិបាលសិង្ហបុរីជំរុញឱ្យប្រជាជនមានកូនកាន់តែច្រើន ដោយផ្តល់អត្ថប្រយោជន៍ និងការឧបត្ថម្ភដ៏គួរឱ្យទាក់ទាញជាច្រើន។
ទាក់ទិននឹងបញ្ហានេះ គូស្វាមីភរិយាវ័យក្មេងអាចទទួលបានប្រាក់ឧបត្ថម្ភលំនៅដ្ឋានរហូតដល់ជិត ៦ម៉ឺនដុល្លារ។ ជាពិសេស អ្នកទិញផ្ទះលើកដំបូង គូស្វាមីភរិយាវ័យក្មេង ឬគ្រួសារដែលមានកូន នឹងត្រូវបានផ្តល់អាទិភាពនៅពេលទទួលបានផ្ទះល្វែងថ្មី។
លោក Alwyn Lim សាស្ត្រាចារ្យរងផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរីបាននិយាយថា ៖« លំនៅដ្ឋានសង្គមបានលើកទឹកចិត្តដល់បំណងប្រាថ្នារបស់យុវជន ក្នុងការកសាងគ្រួសារ»។ នេះបើតាមសារព័ត៌មាន Bloomberg។
តួលេខពីការិយាល័យស្ថិតិសិង្ហបុរីបង្ហាញថា អាយុជាមធ្យមនៅអាពាហ៍ពិពាហ៍ដំបូងសម្រាប់ស្ត្រី និងបុរសគឺ ២៩,៣ និង ៣០,៧ឆ្នាំរៀងគ្នាក្នុងឆ្នាំ ២០២២ បើធៀបនឹង ២៦,២ និង ២៨,៨ភាគរយក្នុងឆ្នាំ២០០១។
គោលនយោបាយទិញផ្ទះថ្មី អាចជំរុញអត្រារៀបអាពាហ៍ពិពាហ៍ ប៉ុន្តែការលែងលះក៏កើនឡើងផងដែរ។ ការសិក្សាដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះដោយអ្នកសិក្សាចំនួនបួននាក់មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានរកឃើញថា ការកើនឡើងនៃអត្រាអាពាហ៍ពិពាហ៍ និងការលែងលះ ស្របពេលនៃការចាប់ផ្តើមកម្មវិធីលំនៅដ្ឋានសាងសង់ដើម្បីបញ្ជាទិញ (Bulit to Order) ក្នុងឆ្នាំ២០០១ និងបានពង្រីកកម្មវិធីពីឆ្នាំ២០១១។
អំឡុងពេលនៃការស្ទង់មតិពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៤ ជាមួយនឹងមនុស្សប្រហែល២លាននាក់ អត្រាអាពាហ៍ពិពាហ៍របស់ស្ត្រីដែលមានអាយុពី ២៥ ទៅ ២៩ឆ្នាំបានកើនឡើងពី៤៥ភាគរយ ទៅ៦០ភាគរយ។ បុរសដែលមានអាយុពី ៣០-៣៤ឆ្នាំកើនឡើងពី ២២ភាគរយទៅ ៣៧ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវក៏បានរកឃើញថា អត្រានៃការលែងលះក៏កើនឡើងតាមអាយុផងដែរ។ ស្ត្រីអាយុ ៣០-៣៤ឆ្នាំកើនឡើងពី ៤ភាគរយទៅ ៧,២ភាគរយ ខណៈបុរសដែលមានអាយុពី ៣៥-៣៩ឆ្នាំកើនឡើងពី ៣,៥ភាគរយទៅ ៦,៣ភាគរយ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ