ភូមា៖ តំបន់ទេសចរណ៍បេតិកភណ្ឌប្រាសាទបាហ្កាន ស្ងាត់ភ្ញៀវឈឹងដោយសារសង្គ្រាមស៊ីវិល
  • ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៧:០០ នាទី ល្ងាច
ភូមា៖ តំបន់ទេសចរណ៍បេតិកភណ្ឌប្រាសាទបាហ្កាន ស្ងាត់ភ្ញៀវឈឹងដោយសារសង្គ្រាមស៊ីវិល
This photo taken on July 8, 2024 shows herdes walking with cattle past temples in Bagan in Myanmar's central Mandalay Region. The domes and spires of Myanmar's temple city of Bagan mark an island of calm in the country's raging civil war, but with conflict keeping tourists away locals are struggling to make ends meet. (Photo by Sai Aung MAIN / AFP) AFP - SAI AUNG MAIN

ដោយ៖ម៉ម ពិសី(RFI ខេមរភាសា) 
 
តំបន់ប្រាសាទបាហ្កាននៅភាគកណ្តាលភូមា មិនឆ្ងាយប៉ុន្មានពីទីក្រុងម៉ាន់ដាឡេ គឺជាតំបន់ទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្ត្រ ដ៏ល្អវិចិត្រ ហើយដែលទេសចរនានាតែងតែងស្ងើចសរសើរ និងចង់ទៅទស្សនា។ បន្ទាប់ពីមានទេសចរទៅកម្សាន្តយ៉ាងច្រើនចាប់ពីឆ្នាំ២០១០មក បច្ចុប្បន្ននេះ តំបន់ប្រាសាទបាហ្កានរបស់ភូមា កំពុងតែប្រឈមយ៉ាងខ្លាំងនឹងបញ្ហាសេដ្ឋកិច្ច ដោយសារតែគ្មានភ្ញៀវទេសចរ។ សង្គ្រាមស៊ីវីលនៅភូមា ក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ បានធ្វើឲ្យវិស័យទេសចរណ៍ប្រទេសនេះ ធ្លាក់ចុះយ៉ាងខ្លាំង។
 
កំពូលប្រាសាទ និងកំពូលចេតិយ ស្រួចៗ លេចត្រដែតផុតពីព្រៃឈើខៀវស្រងាត់ គឺជារូបភាពដែលអ្នកទេសចរគ្រប់គ្នា ចាំជាប់ក្នុងចិត្តនិងស្គាល់ច្បាស់ថា ថាគឺជាទេសភាពនៃតំបន់ប្រាសាទបាហ្កាន តំបន់ទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្ត្ររបស់ភូមា។ ធ្លាប់តែមានទេសចរជាតិ និងអន្តរជាតិ ហូរហែឥតដាច់ ដែលមករងចាំថតផ្តិតយកទេសភាពសុរិយារៀបអស្តង្គត តំបន់ប្រាសាទបាហ្កានបច្ចុប្បន្ននេះ មានសភាពស្ងាត់ជ្រងំ សឹងតែគ្មានភ្ញៀវទេសចរទាល់តែសោះ។
 
ស្ថិតនៅលើទំហំផ្ទៃដីប្រមាណ ៥០គីឡូម៉ែត្រក្រឡា តំបន់បាហ្កាន គឺជាទីតាំងបេតិកភណ្ឌបុរាណដ៏ធំជាងគេលំដាប់ទី២ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីតំបន់អង្គរ។ បាហ្កាន គឺជាអតីតរាជធានីនៃរាជាណាចក្របាហ្កាន ឬអាណាចក្រភូមា រវាងពីសតវត្សទី១១ដល់ទី១៣ ពោលគឺជាសម័យកាលដែលអរិយធម៌ភូមារីកចម្រើនយ៉ាងខ្លាំង។ តំបន់នេះ ស្ថិតនៅត្រើយខាងកើតទន្លេអ៊ីរ៉ាវ៉ាឌី ក្នុងតំបន់ម៉ាន់ដាឡេ ភាគកណ្តាលប្រទេសភូមាបច្ចុប្បន្ន។ ប្រាសាទបុរាណ ចេតិយ និងព្រះវិហារនានា នៅបាហ្កាន គឺជាសំណង់តាមបែបរចនាបទពុទ្ធសាសនាដ៏ល្អវិចិត្ររបស់ភូមា ហើយដែលការបិទខ្ទប់ប្រទេសជាច្រើនសិបឆ្នាំ បានអនុញ្ញាតឲ្យតំបន់នេះ ហាក់ដូចជាស្ថិតនៅក្នុងអតីតកាលដ៏យូរលង់។
 
នៅរវាងឆ្នាំ២០១០ស្របពេលដែលភូមា ចាប់ផ្តើមបើកទ្វារចំហ តំបន់បាហ្កានបានក្លាយជាគោលដៅទេសចរណ៍នាំមុខគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ វិបត្តិកូវីដ-១៩ នៅដើមឆ្នាំ២០២០ បានវាយបំបាក់សន្ទុះនេះមួយរំពេច។ បន្ថែមពីនេះ នៅខែកុម្ភៈឆ្នាំ២០២១ កងទ័ពភូមាបានធ្វើរដ្ឋប្រហារយោធា វាយទំលាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រីអ៊ុង សានស៊ូជី។ ចាប់ពីពេលនោះមក ភូមា បានដើរចូលទៅក្នុងស្ថានការណ៍ចលាចល អស្ថិរភាព និងសង្គ្រាមស៊ីវិល។ កងទ័ពជាតិក្រោមកណ្តាប់ដៃរបបសិក បានវាយប្រយុទ្ធជាប្រចាំ ជាមួយក្រុមប្រដាប់អាវុធជាច្រើនក្រុម មានទាំងក្រុមរំដោះប្រជាធិបតយេ្យភូមា និងក្រុមកងកម្លាំងជនជាតិភាគតិចជាដើម។
 
ផ្អែកតាមតួលេខផ្លូវការ ផ្តល់ឲ្យដោយមន្ត្រីក្រសួងទេសចរណ៍ភូមា ក្នុងឆ្នាំ២០២៣ ទេសចរបរទេសចំនួនប្រមាណ១លាននាក់ បានចូលទៅកម្សាន្តនៅភូមា ដែលភាគច្រើនជាទេសចរចិន និងថៃ។ តួលេខនេះ ហាក់បានកើនឡើងបង្គួរ បើប្រៀបធៀបទៅកាលពីឆ្នាំ២០២២ ក្រោយរដ្ឋប្រហារបានមួយឆ្នាំ ដែលចំនួនទេសចរបរទេស មានប្រមាណតែ២០ម៉ឺននាក់ប៉ុណ្ណោះ។ 
 
តែយ៉ាងណា គឺវានៅតិចខ្លាំងណាស់ បើប្រៀបធៀបទៅរយៈពេលមុនកូវីដ ដែលភូមាមានទេសចរប្រមាណ៣លាន៤សែននាក់។ ហើយបើប្រៀបធៀបទៅប្រទេសក្បែរខាងភូមា គឺវាកាន់តែតិចខ្លាំងទៅទៀត តួយ៉ាង ថៃមានទេសចរបរទេសទៅលេងចំនួន ២៨លាននាក់ក្នុងឆ្នាំ២០២៣។ រីឯឡាវវិញមានជិត៣លាន៥សែននាក់។
 

 ទេសភាពតំបន់បាហ្កាន នាពេលសុរិយារៀបលិច។ ថ្ងៃទី ៣១ តុលា ២០១៩ AP - Aung Shine Oo
 
យោងតាមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានចុះទៅដល់ផ្ទាល់នៅតំបន់បាហ្កានកាលពីដើមខែកក្កដានេះ គឺក្នុងរយៈពេល៣ថ្ងៃ គេមិនបានដើរជួបភ្ញៀវទេសចរបរទេស សូម្បីតែ១នាក់ នៅបាហ្កាន។ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញវត្ថុអនុស្សាវរិយ៍ ត្រូវបិទទ្វារជាបន្តបន្ទាប់ ដោយសារតែគ្មានភ្ញៀវ។ 
 
មគុទេសន៍ទេសចរណ៍ អ្នកលក់ដូរ និងអ្នកប្រកបរបរក្នុងសេវកម្មទេសចរណ៍នានា បានត្អូញត្អែរប្រាប់អ្នកកាសែតថា ពួកគេត្រូវអត់ការងារធ្វើ គ្មានប្រាក់ចំណូល។
ប្រជាជនលក់ដូរ និងរស់នៅតំបន់បាហ្កាន ដោយសុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងដូចៗគ្នា ថាគេតែងតែឮសំឡេងគ្រាប់កាំភ្លើងផ្ទុះ សឹងមិនលស់ថ្ងៃ នៅត្រើយម្ខាងទៀតនៃទន្លេអ៊ីរ៉ាវ៉ាឌី។ ស្ថានភាពនេះ ធ្វើឲ្យពួកគេព្រួយបារម្ភខ្លាំងណាស់។ 
 
ការវាយប្រយុទ្ធគ្នា រវាងកងទ័ពរបបសិក និងកម្លាំងបះបោរប្រឆាំង តែងកើតមានជារឿយនៅមិនឆ្ងាយប៉ុន្មានពីតំបន់បាហ្កាន។ ដូច្នេះគ្មានទេសចរណា គេប្រថុយមកលេងភូមាទេ។ ប្រជាជនខ្លះទៀត បានលើកឡើងថា កិត្តិយសនិងកេរ្តិ៍ឈ្មោះភូមា ត្រូវបានបំផ្លាញមួយផ្នែកដោយសារតែខ្សែភាពយន្តចិនមួយរឿង ដែលមានចំណងជើងថា « No More Bets »។ ភាពយន្តនេះ និយាយអំពីសកម្មភាពជួញដូរមនុស្ស របស់ពួកក្រុមទុច្ចរិតម៉ាហ្វយ៉ាចិន ដែលរកស៊ីបោកប្រាស់តាមអនឡាញ។ ទោះខ្សែភាពយន្តនេះ មិនបញ្ជាក់ថាសាច់រឿងនេះ កើតឡើងក្នុងប្រទេសភូមាក៏ដោយ តែក្នុងផ្ទៃរឿងមានឈុតឆាក និយាយពីបរិបទរដ្ឋប្រហារ សង្គ្រាមស៊ីវីលនៅភាគខាងជើង ដែលគេអាចកាត់យល់បានថាចង់សំដៅលើភូមា។
 
វិបត្តិសេដ្ឋកិច្ច មិនមែនធ្វើបាបតែតំបន់បាហ្កានមួយទេ តែគឺធ្វើបាបទូទាំងភូមា ដោយសារតែសង្គ្រាមស៊ីវីលអស្ថិរភាព ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ តម្លៃប្រាក់ក្ចាតភូមាចុះថោកខ្លាំង ទំនិញឡើងថ្លៃកប់ពពក។ ក្នុងកម្មវត្ថុចង់បានចំណូលខ្លះពីវិស័យទេចរណ៍ ថ្មីៗនេះរបបសិកភូមា បានព្យាយាមចេញវិធានការ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីរុស្ស៊ី ព្រោះថារុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្តាប់តូច ដែលបន្តគាំទ្រដោយឥតងាករេ ចំពោះរបបសិកភូមា។ វិធានការទាំងនោះ មានដូចជា ការមិនតម្រូវឲ្យមានទិដ្ឋាការ និងការទទួលការចំណាយប្រាក់ ដោយប្រើបណ្ណចាយប្រាក់ Mir របស់រុស្ស៊ីជាដើម។ តែឃើញថា វិធានការទាំងនេះ វាប្រៀបបីដូចទឹកមួយតំណក់ ក្នុងមហាសមុទ្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com

Other