ដងស្ទឹងសៀមរាប និងតំបន់វត្តរាជបូណ៌ នឹងក្លាយជាគោលដៅទេសចរណ៍ដែលគ្មាន​សំឡេងរំខាន
  • ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១២:០៩ នាទី រសៀល
ដងស្ទឹងសៀមរាប និងតំបន់វត្តរាជបូណ៌ នឹងក្លាយជាគោលដៅទេសចរណ៍ដែលគ្មាន​សំឡេងរំខាន
វត្តរាជបូណ៌ ក្រុងសៀមរាប។ រូបថត៖ អុីសា រ៉ហានី

សៀមរាប៖ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផាប់ស្ទ្រីត រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍ និងរៀបចំតំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ ឱ្យក្លាយជាគោលដៅទេសចរណ៍ទី៣ នាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប។
TTN-Free-Banner-In-Article-PC
 
ដោយបានគាំទ្រពីរាជរដ្ឋាភិបាល, រដ្ឋបាលខេត្តសៀមរាប  នឹងអភិវឌ្ឍន៍ដងស្ទឹងសៀមរាប និងតំបន់​ជុំវិញវត្តរាជបូណ៌ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីនៅក្នុងក្រុង ដើម្បីជួយទាក់ទាញភ្ញៀវទេសចរបន្ថែមមកកម្សាន្តក្នុងក្រុងទេសចរណ៍មួយនេះ។ ក្នុងកម្មវិធី «ទស្សនៈមួយ សៀមរាបមួយ» ដែលរៀបចំនៅ Rose Apple Square នាថ្ងៃទី១២ កក្កដា លោក យុន លីនណេ បានបញ្ជាក់ថា ដងស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌  នឹងត្រូវរៀបចំឱ្យក្លាយជាតំបន់ដែលរស់នៅប្រកបដោយសុខដុម និងមិនមានសំឡេងរំខាន។ 
 
បច្ចុប្បន្ន រដ្ឋបាលខេត្តកំពុងរៀបចំកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ហើយកំពុងរៀបចំអនុវត្តន៍សាកល្បងនៅលើខ្សែមួយ ភ្ជាប់ពីផ្លូវជាតិលេខ៦ ដល់វត្តរាជបូណ៌។ 
  
លោក យុន​ លីនណេ ថ្លែងក្នុងកម្មវិធី ទស្សនៈមួយ សៀមរាបមួយ។ លុយ​ សិរីរក្សា

កន្លងមក លោក យុន លីនណេ បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ និងរៀបចំនៅភូមិរាជបូណ៌ ដែលមានឈ្មោះល្បីល្បាញ និងជាប់ជាទីតាំងសែនមនោរម្យបំផុតទាំង៥១ លើពិភពលោក ដែលផ្តល់ដោយ គេហទំព័រទេចរណ៍ Time Out។​ បើតាមអភិបាលរងរូបនេះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំដាំដើមឈើលម្អបន្ថែម​តាមខ្សែផ្លូវក្នុងភូមិនេះ ពិសេសនៅតាមមាត់ស្ទឹង ក្នុងន័យបង្កើនភាពទាក់ទាញតំបន់នេះឱ្យកាន់តែល្អប្រសើរ។ 

សម្រាប់កម្មវិធី ទស្សនៈមួយ សៀមរាបមួយ ដែលរៀបចំឡើងដោយវិស័យឯកជនក្នុងក្រុង ឯណោះវិញ លោក យុន លីនណេ បានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់ ក្នុងការជំរុញសក្កានុពលខេត្តសៀមរាប ដែលវិស័យអចលទ្រព្យដើរតួសំខាន់ដើម្បីបង្កើតបរិយាកាសល្អដល់ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប តាមរយៈការបង្កើតជាផ្ទះស្នាក់ ខុនដូ និងការជួលអចលនទ្រព្យផ្សេងៗ ទាំងការរស់នៅ និងប្រកបអាជីវកម្ម។ សម្រាប់ លោក យុន លីនណេ ខេត្តសៀមរាបនៅតែជាប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ហើយមិនយូរនោះទេ ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់នេះនឹងល្អប្រសើរជាបន្តបន្ទាប់៕

កម្មវិធី ទស្សនៈមួយ សៀមរាបមួយ នៅ Rose Apple Square។ លុយ សិរីរក្សា 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី