ការ​រាតត្បាត​របស់សត្វ​ល្អិត​ចង្រៃលើ​ដំណាំស្រូវ​ មិនទាន់ធ្ងន់ធ្ងរឡើយ ក្រោយមន្ត្រីជំនាញចុះទប់ស្កាត់
  • ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៣:៤៩ នាទី រសៀល
ការ​រាតត្បាត​របស់សត្វ​ល្អិត​ចង្រៃលើ​ដំណាំស្រូវ​ មិនទាន់ធ្ងន់ធ្ងរឡើយ ក្រោយមន្ត្រីជំនាញចុះទប់ស្កាត់
លោក ងិន ឆាយ អគ្គនាយក នៃ​អគ្គនាយកដ្ឋានកសិកម្ម។

ភ្នំពេញ៖ ការ​រាតត្បាត​របស់​ពពួក​សត្វ​ល្អិត​ មាន​ដូចជា ដង្កូវហ្វូង រុយស និង​ដង្កូវមូរស្លឹក បាន​ប៉ះពាល់លើ​ដំណាំស្រូ​​វ​ជាង ៥​ម៉ឺន​ហិកតា ។ នេះបើតាម​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ដោយបន្ត​អះអាងថា ស្ថានភាពពេលនេះ​ អាចគ្រប់គ្រងបាន និង​មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។
TTN-Free-Banner-In-Article-PC


​១ខែ​ចុង​ក្រោយ​នេះ ពពួក​សត្វ​ល្អិតចង្រៃ បាន​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ នៅ​ខេត្ត​មួយ​ចំនួន ​ក្នុង​ប្រទេស​កម្ពុជា។ ​បន្ទាប់​ពី​បង្ក្រាប​ករណី​ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​ស្រូវ​ មន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​មមាញឹក​ទប់ស្កាត់​ការ​យាយី​របស់​សត្វ​រុយ​សវិញម្ដង។
 
នា​ដំណើរ​ចុះ​ពិនិត្យស្ថានភាព​ការ​បំផ្លាញ​ដំណាំស្រូវ​របស់​សត្វល្អិតដូចជា ដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹក នៅ​ខេត្ត​ព្រៃវែង​ លោក​ ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បាន​វាយ​តម្លៃថា សភាពការណ៍មាន​ភាព​​ធូរស្រាល និង​អាច​គ្រប់​គ្រងបាន។​ បើតាម​លោក ងិន ឆាយ​ ការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតចង្រៃទាំងនេះ​ បាន​​ប៉ះពាល់លើ​ដំណាំស្រូវ​ជាង៥ម៉ឺនហិកតា ប៉ុន្តែ​​ការខូចខាតមានទំហំតូចនៅឡើយ។ 
  
មន្រ្តីកសិកម្មចុះពិនិត្យដំណាំស្រូវដែលរងការបំផ្លាញពីសត្វរុយសនៅខេត្តព្រៃវែង។ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុង​វីដេអូ​ផ្សាយ​លើ​គណនី​ហ្វេសប៊ុក​ក្រសួង​កសិកម្ម លោក ងិន ឆាយ លើក​ឡើងដូច្នេះ៖«ស្រែ​ដែល​ខូច​ខាត​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​បំផ្លាញ​ចម្រុះពី​សត្វ​រុយស និង​ដង្កូវ​មូរ​ស្លឹក មក​បន្ថែមទៀត​។ ដូច្នេះ​ស្រែដែល​មាន​បំផ្លាញ​ពី​រុយ​សផង និង​ដង្កូវមូរផង ធ្វើ​ឱ្យ​ស្រូវនោះ​មាន​សភាព​ធ្ងន់​ធ្ងរ​ រហូតដល់​ខូចខាត​ទាំង​ស្រុង​​​»។ 
 
អគ្គនាយកកសិកម្មរូបនេះ បន្ថែមថា តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច​ រួម​​ទាំង​អាជ្ញាធរពាក់ព័ន្ធ ក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ កន្លងមកនេះ គឺ​សម្រេចបានជោគជ័យ។ ជុំវិញ​បញ្ហា​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​ស្រូវ​របស់​កសិករ លោក ងិន ឆាយ សង្កេតឃើញថា ស្រូវដែល​រង​ការ​បំផ្លាញពីសត្វរុយស​ភាគច្រើន ជា​ប្រភេទ​ស្រូវ​​ស្រាលមិន​ប្រកាន់រដូវ ជាពិសេស​កើតមានលើស្រែដែលប្រើ​ជាតិ​អាសូត និង​ព្រោះគ្រាប់ពូជ​ច្រើនពេក។ 
 
លោក ងិន ឆាយ អំពាវ​នាវ​ដល់​កសិករ​កាត់​បន្ថយ​បរិមាណ​គ្រាប់ពូជ និ​ង​ប្រើ​ប្រាស់​ជីឱ្យ​បាន​ត្រឹម​ត្រូវ។ ជាមួយ​គ្នានេះ ត្រូវ​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​ឆាប់​រហ័ស​ទៅ​កាន់​មន្រ្តី​កសិកម្ម ដើម្បី​ដោះស្រាយ និង​ទប់ស្កាត់​ទាន់​ពេល​វេលា​​៕
 
មន្រ្តីកសិកម្មចុះពិនិត្យដំណាំស្រូវដែលរងការបំផ្លាញពីសត្វរុយសនៅខេត្តព្រៃវែង។ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ (Nhek Sreyleak)