រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ពិនិត្យមើលកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹងឡើងវិញ
  • ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៤:៤៩ នាទី រសៀល
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ពិនិត្យមើលកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹងឡើងវិញ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ទៅអភិបាលរាជធានី-ខេត្ត  ឱ្យសើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹងឡើងវិញ ដើម្បីសោភ័ណភាពតំបន់នីមួយៗ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមវីដេអូ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី១៣ កក្កដា។
TTN-Free-Banner-In-Article-PC
 
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៨កក្កដា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិតគ្រឿងស្រវឹង ពាក់ព័ន្ធនឹងការផ្សាយស្លាក់ពាណិជ្ជកម្ម។ 
 
រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹង តាមទីសាធារណៈ មិនមែនដើម្បីចង់បានការសរសើរពីសាធារណជន និងសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជន ព្រោះលោកកត់សម្គាល់ឃើញ គ្រោះថ្នាក់ចរាចណ៍ ភាគច្រើនកើតឡើងដោយសារកត្តាគ្រឿងស្រវឹង។ 
 
ចំពោះចំណូលដែលរកបានពីស្លាកប៉ាន់ណូទាំងនោះ លោក ស សុខា មើលមិនឃើញថា អាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុ ដូចបច្ចុប្បន្ននេះបានឡើយ។ 
 
លោក ស សុខា បានសង្កត់ធ្ងន់បែបនេះ៖ «បើអាចទៅរួចសូមស្នើសុំអភិបាលខេត្តថ្មី ក៏ដូចអភិបាលខេត្តទាំងអស់ដែលមានវត្តមាននៅទីនេះ ពិនិត្យឡើងវិញលើកុងត្រា ឬជួលដាក់ប៉ាន់ណូជាសាធារណ ពីការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ។ ឥឡូវច្បាប់អត់ទាន់ចេញ ចេះតែទុកៗទៅ ឥឡូវចេះតែផ្សព្វផ្សាយ ហើយខេត្តក៏មិនបានចំណូលពី(ប៉ាណូផ្សាយគ្រឿងស្រវឹង) នេះច្រើនដែរ…»។ 
 
រដ្ឋមន្ត្រីចាត់ទុកខេត្តដែលគ្មានស្លាកផ្សព្វផ្សាយគ្រឿងស្រវឹង ជាខេត្តដែលមានសោភ័ណភាព។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី បានបន្ថែមថា ទីតាំងឯកជន ដែលលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជ្ជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។ 
 
កន្លងមកខេត្តកំពង់ស្ពឺជាខេត្តដំបូង ដែលអតីតអភិបាលខេត្ត លោក វី សំណាង បានដាក់គោលការណ៍ឱ្យរុះរើស្លាកផ្សាយគ្រឿងស្រវឹងចេញពីទីសាធារណ។ បន្ទាប់មក លោក ចេញទៅកាន់តួនាទីជាអភិបាលខេត្តតាកែវ ក៏បានដាក់ចេញបញ្ជានេះ អនុវត្តក្នុងមូលដ្ឋានបន្តទៀត៕ 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី