ក្រុមហ៊ុនផលិត​រថយន្តអគ្គិសនីនាំមុខគេនៅចិន គ្រោង​បើករោងចក្រដំឡើងនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ
  • ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ក្រុមហ៊ុនផលិត​រថយន្តអគ្គិសនីនាំមុខគេនៅចិន គ្រោង​បើករោងចក្រដំឡើងនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ
​រថយន្ត​អគ្គិសនី​របស់​ចិន​ BYD ដាក់តាំងបង្ហាញនៅក្នុង Showroom នៅរាជធានីភ្នំពេញ ជាមួយនឹងរូបលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបការងារនាព្រឹកថ្ងៃនេះ (រូបក្នុងរង្វង់)។ ប្រភពរូប៖ BYD Cambodia និង PM

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏ធំរបស់​ចិន​ BYD គ្រោង​បើក​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា។ រោងចក្ររបស់ចិនមួយនេះ មាន​សមត្ថភាព​ដំឡើង​ឡានអគ្គិសនីបាន២ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និងនាំចេញ។
TTN-Free-Banner-In-Article-PC
 
គម្រោងនេះត្រូវបានលើកឡើងដោយលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ​នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ក្នុងជំនួបការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា។ នៅលើទំព័រហ្វេសប៊ុករបស់សម្តេច​បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ « ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ» ។
 
តែយ៉ាងណាមិញ គម្រោងនេះមិនទាន់ត្រូវបានបង្ហាញជាក់លាស់ពីពេលវេលា និងទីតាំងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីរបស់ចិននៅកម្ពុជាឡើយ។  ចេញពីជួបសម្តេច​ ហ៊ុន ម៉ាណែត អគ្គនាយកក្រុមហ៊ុន BYD បានទៅជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ​និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)លើគម្រោងបង្កើតរោងចក្រដំឡើងយានយន្តអគ្គិសនីរបស់ខ្លួននៅកម្ពុជា​។
 
លោក ស៊ុន​ ចាន់ថុល បានអះអាងទៅកាន់អគ្គនាយកក្រុមហ៊ុន BYD ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការងារវិនិយោគ CDCនឹងជួយសម្របសម្រួលរាល់កិច្ចការងារនានាដែលក្រុមហ៊ុនមានសំណើសុំទៅកាន់បណ្ដាភាគីពាក់ព័ន្ធក្នុងវិស័យរដ្ឋ ដើម្បីបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពរលូនជោគជ័យ។​ 
 
ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន។ កាលឆ្នាំ២០២២ ក្រុមហ៊ុននេះផលិតរថយន្តបានចំនួន៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស។ សម្រាប់នៅទ្វីបអាស៊ី, ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។ សព្វថ្ងៃ ក្រុមហ៊ុន​នេះ គឺជាគូ​ប្រជែង​ដ៏មួយធំ​របស់ក្រុមហ៊ុនអាម៉េរិក ​Tesla​។ 
 
ចំនួននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមរបាយការពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានយានយន្តអគ្គិសនីចំនួន ២ ៩៦៨ គ្រឿង ត្រូវបានចុះបញ្ជី។ ក្នុងនោះ ​មាន​ម៉ូតូអគ្គិសនី​៩១៤គ្រឿង ត្រី​ចក្រយាន(កង់) ចំនួន ​៤៤០​គ្រឿង និង​រថយន្តចំនួន ​១៦១៤​គ្រឿង។
 
របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ មាន៦៥៨គ្រឿង ជាប្រទេសរថយន្តរបស់ក្រុមហ៊ុនចិន BYD, មាន ២៦១​គ្រឿងពីក្រុមហ៊ុនជប៉ុន Toyota ខណៈ១៨៦គ្រឿងជារថយន្តTESLA របស់អាម៉េរិក។
 
គួររំលឹកថា កាលពីថ្ងៃទី២ឧសភា ក្រុមហ៊ុន Toyota របស់ជប៉ុនសម្ពោធនូវរោងចក្រផ្គុំ និងដំឡើងរថយន្តជាផ្លូវការនៅកម្ពុជា ក្រោមទុនវិនិយោគជិត៣៧លានដុល្លារអាម៉េរិក។ រោងចក្រដំឡើងរថយន្តនេះ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ មានសមត្ថភាពដំឡើងរថយន្តប្រភេទ SUV ម៉ាក FORTUNER និងប្រភេទ Pick-UP ម៉ាក HILUX បានចំនួន១ ៣២០គ្រឿងក្នុងឆ្នាំ២០២៤នេះ។​  ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១០៣០គ្រឿង។
 
មកទល់បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៦ហើយ។ ក្នុងនោះ មានរោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. នៅខេត្តស្វាយរៀង ផលិតរថយន្តSAMYUNG។ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. នៅខេត្តពោធិ៍សាត់ ផលិតរថយន្ត FORD។ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. នៅខេត្តកោះកុង ផលិតរថយន្ត HYUNDAI។ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. នៅខេត្តបន្ទាយមានជ័យផលិតរថយន្ត KIA និងរោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាលកំពុងដំណើរការសាកល្បង៕

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន