អ្នកនាំពាក្យ៖ បាតុភូត La Nina នឹងធ្វើឱ្យកម្ពុជាប្រឈមជំនន់ទឹកភ្លៀង
- ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:៣៩ នាទី ល្ងាច

ភ្នំពេញ៖ ចាប់ពីដើមខែសីហា រហូតដល់ចុងឆ្នាំ២០២៤ កម្ពុជា នឹងរងឥទ្ធិពលបាតុភូត La Nina ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន និងប្រឈមនឹងជំនន់ទឹកភ្លៀង។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានសរសេរលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី១៥ កក្កដាថា៖ «បាតុភូត La Nina បានកើនឥទ្ធិពលដល់កម្រិតមួយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ក៏ដូចជាទឹកទន្លេ ពិសេសចាប់ពីខែសីហាខាងមុខនេះ រហូតដល់ចុងឆ្នាំ ២០២៤»។
សំណេរលើបណ្ដាញសង្គមរបស់អ្នកនាំពាក្យរូបនេះ ជាការក្រើនរំឭកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីបាតុភូតមួយនេះ ដែលក្រសួងធនធានទឹក ធ្លាប់បានផ្សាយកាលពីពេលកន្លងទៅ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក ចាន់ យុត្ថា បានឱ្យដឹងថា បាតុភូត La Nina ជាបាតុភូតមួយដែលត្រជាក់ មានសំណើមបរិយាកាសខ្ពស់ និងមានភ្លៀងធ្លាក់ច្រើន។

ជាការសន្និដ្ឋានរបស់លោក ចាន់ យុត្ថា កម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបាតុភូត La Nina អូសបន្លាយដល់ចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។ បើតាមអ្នកនាំពាក្យដដែល បាតុភូតនេះ នឹងធ្វើឱ្យមានជំនន់ទឹកភ្លៀងញឹកញាប់នៅតាមបណ្ដារាជធានី-ខេត្ត ជាពិសេសតំបន់ភ្នំ និងតំបន់ទំនាបអមសងខាងផ្លូវទឹក រួមទាំងស្ទឹង អូរ។
«សម្រាប់នៅក្នុងឆ្នាំនេះ នៅតំបន់អាស៊ាន បានរងឥទ្ធិពលបាតុភូត La Nina។ ដូច្នេះយើងឃើញកន្លងមក ភ្លៀងកំពុងបន្តធ្លាក់ជោកជាំនៅតំបន់អាស៊ានរបស់យើង»។ រដ្ឋលេខាធិការក្រសួងធនធានទឹក លើកឡើងបែបនេះ ដោយបន្តថា ទឹកទន្លេនៅកម្ពុជា ក្នុងឆ្នាំនេះ ក៏អាចធំជាងឆ្នាំមុនផងដែរ។
ជុំវិញបញ្ហាឥទ្ធិពលបាតុភូត La Ninaនេះ លោក ចាន់ យុត្ថា បញ្ជាក់ថា ក្រសួងធនធានទឹក កំពុងបន្តតាមដានចំពោះគ្រប់បាតុភូតទាំងអស់ ដែលនឹងកើតឡើងក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ កម្ពុជា ក៏ធ្លាប់រងឥទ្ធិពលបាតុភូត La Ninaផងដែរ។ នាពេលបច្ចុប្បន្ន បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកធំៗមានបី គឺបាតុភូត ENSO, បាតុភូត La Nina (ត្រជាក់) និងបាតុភូត El Nino (ក្តៅ)៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: