សេដ្ឋកិច្ចចិនមានកំណើនយឺតជាងការរំពឹងទុក នៅត្រីមាសទី២ឆ្នាំនេះ
  • ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:២៩ នាទី យប់
សេដ្ឋកិច្ចចិនមានកំណើនយឺតជាងការរំពឹងទុក នៅត្រីមាសទី២ឆ្នាំនេះ
ទិដ្ឋភាពអ្នកទេសចរមើលប៉មនៅសៀងហៃ។ រូបភាព ៖ Xinhua

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិននៅថ្ងៃទី១៥ ខែកក្កដា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនត្រឹមតែ ៤,៧ភាគរយប៉ុណ្ណោះក្នុងត្រីមាសទី២ ដែលទាបជាង ៥,៣ភាគរយកាលពីត្រីមាសទី១ និងការព្យាករពីមុន។
TTN-Free-Banner-In-Article-PC
 
ទិន្នន័យកំណើនសេដ្ឋកិច្ចចិនសម្រាប់រយៈពេល ៦ខែឆ្នាំនេះ ត្រូវបានប្រកាសនៅពេលបើក សន្និបាតលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន។ សន្និបាតនេះ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើគោលនយោបាយជាច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការកំណែទម្រង់ និងការអភិវឌ្ឍន៍ប្រទេសនេះក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
 
បើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន នៅឆមាសទី១ ឆ្នាំនេះ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមានតម្លៃជិត ៨៥០០ពាន់លានដុល្លារ ដែលកើន ៥ភាគរយបើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនេះ នៅត្រីមាសទី១ ឆ្នាំនេះ កំណើន GDP ចិនកើនឡើង ៥,៣ភាគយ ខណៈត្រីមាសទី២ កើនតែ ៤,៧ភាគរយ។
 
មុនពេលទិន្នន័យខាងលើត្រូវបានចេញផ្សាយ ការព្យាករជាពីស្ថាប័នក្នុងស្រុកចំនួន ៩ ដែលសារព័ត៌មានចិន Jiemian News ទទួលបានបង្ហាញថា GDP របស់ប្រទេសនៅក្នុងត្រីមាសទី២ នឹងកើន ៥,១ភាគរយនៅឆ្នាំនេះ។ ដូច្នេះ បើតាម​ទិន្នន័យ​ដែល​ទើប​ចេញ​ថ្មី អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន ​មិន​ទទួលបាន​ដូច​ការ​រំពឹង​ទុក​ទេ។
 
ការវាយតម្លៃសកម្មភាពសេដ្ឋកិច្ចកន្លងមក ពីការិយាល័យស្ថិតិជាតិចិនបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់ប្រទេសជារួមមានស្ថិរភាពនៅក្នុងឆមាសទី១ ឆ្នាំនេះ ប៉ុន្តែបរិយាកាសខាងក្រៅនៅតែមានភាពស្មុគស្មាញខ្លាំង។ 
 
អ្នកជំនាញចិនមួយចំនួនយល់ថា តម្រូវការក្នុងស្រុកមានភាពទន់ខ្សោយ កំណើននៃការប្រើប្រាស់កំពុងធ្លាក់ចុះ ហើយការវិនិយោគអចលនទ្រព្យមិនបានបង្ហាញសញ្ញានៃភាពប្រសើរឡើង ដែលបណ្តាលឱ្យកំណើន GDP របស់ចិននៅក្នុងត្រីមាសទី២ ទាបជាងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យផ្លូវការបង្ហាញថា តម្លៃផ្ទះថ្មីក្នុងខែមិថុនាក្នុងប្រទេសនេះ បានធ្លាក់ចុះក្នុងអត្រាលឿនបំផុតនៅរយៈពេល ៩ឆ្នាំចុងក្រោយនេះ។ 
 
កន្លងមក បើតាមទិន្នន័យស្ទង់មតិសេដ្ឋកិច្ចពីក្រុមហ៊ុន Yicai ដែលជាបណ្តាញព័ត៌មានហិរញ្ញវត្ថុ និងពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសបានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា អត្រាកំណើន GDP របស់ចិនក្នុងឆ្នាំ ២០២៤ អាចកើនដល់ ៥,០៦ភាគរយ៕ 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង