សុវត្ថិភាព ចំណាយទាប! ពលរដ្ឋងាកពីការប្រើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនមករកសេវាឡានសាធារណៈវិញ
  • ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
សុវត្ថិភាព ចំណាយទាប! ពលរដ្ឋងាកពីការប្រើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនមករកសេវាឡានសាធារណៈវិញ

ភ្នំពេញ៖ មិនត្រឹមតែមានសុវត្ថិភាព​ហើយចំណាយថវិកាទាបនោះទេ! ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈបានជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ រួមទាំងផលប៉ះពាល់បរិស្ថានបានថែមទៀត។​ ការណ៍នេះហើយទើបធ្វើឱ្យមានសាធារណជនកាន់តែច្រើន មិនថាជាសិស្ស​-និស្សិត ព្រះសង្ឃ​ អ្នកធ្វើការងារនានា បានងាកពីការប្រើប្រាស់មធ្យាបាយធ្វើដំណើរផ្ទាល់ខ្លួន មកប្រើប្រាស់សេវាឡានក្រុងសាធារណៈវិញដែលមានតម្លៃត្រឹម១៥០០រៀល​ប៉ុណ្ណោះ ពីគោលដៅទៅគោលដៅមួយទៀត។
TTN-Free-Banner-In-Article-PC
 
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 

ជួយសម្រួលបន្ទុកអាណាព្យាបាល​ក្នុងការជូនទៅរៀន
 
ជាង២ឆ្នាំហើយ ដែលកុមារី រុន ស៊ីណារតន៍​ បានប្រើប្រាស់រថយន្តសាធារណៈជាមធ្យោបាយធ្វើដំណើរចេញពីសាលារៀនរបស់ខ្លួនត្រលប់មកផ្ទះវិញ។ ក្នុងនាមសិស្ស ស៊ីណារតន៍​ មិនចំណាយលើថ្លៃធ្វើដំណើរនេះ សូម្បីតែ១០០រៀលឡើយ​។ សិស្សថ្នាក់ទី៧នៅវិទ្យាល័យជាស៊ីមជ្រោយចង្វាររូបនេះបានបញ្ជាក់ថា៖ «ការជ្រើសរើសជិះឡានក្រុង គឺចំណេញថវិកា និងមិនចាំបាច់ឱ្យអ្នកផ្ទះមកយក ពេលចេញពីរៀននោះទេ។ ការជិះឡានក្រុងសាធារណៈ មានសុវត្ថិភាពជាជាងបើកបរដោយខ្លួនឯងក្រោមអាយុ១៨ឆ្នាំទៅទៀត»។ 
 
​​រាល់ការធ្វើដំណើរ កុមារីវ័យ១៣ឆ្នាំរូបនេះ តែងបង្ហាញនូវក្តីគោរព ​និងសុជីវធម៌ដល់អ្នកបើកបរឡាងក្រុង ដោយនាងលើកដៃសំពះមុនឡើងឡាន ហើយជម្រាបលាគាត់ពេលចុះវិញ។ ក្នុងឯកសណ្ឋានជាសិស្ស ស៊ីណារតន៍​ បានអរគុណដល់អ្នកបើកឡានក្រុងសាធារណៈដែលបានផ្តល់​នូវសុវត្ថិភាពហើយសេវាកម្មល្អដល់នាង។  ជាពិសេសនោះ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះ បានធ្វើឱ្យអាណាព្យាបាលរបស់ស៊ីណារតន៍ មិនចំណាយពេលវេលា ចំណាយថ្លៃសាំង និងប្រឈមនូវហានិភ័យនានា ក្នុងការទទួលនាងចេញពីសាលារៀន​តែម្តង។  
 
កុមារី រុន ស៊ីណារតន៍

លើសពីនេះ នាងបានរៀបរាប់យ៉ាងដូច្នេះ៖ «​ជិះឡានក្រុងនារដូវវស្សា ធ្វើឱ្យយើងមិនត្រូវទឹកភ្លៀង។ រីឯរដូវក្ដៅវិញជួយឱ្យយើងត្រជាក់ផងដែរ»។ កុមារី រុន ស៊ីណារតន៍ ចង់ឃើញប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់សេវាឡានក្រុងសាធារណៈឱ្យច្រើន ដើម្បីកាត់បន្ថយស្ទះចរាចរណ៍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ តាមរយៈកាត់​បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ 
 
ចំណាយតិច តែមានសុវត្ថិភាព! 
អស់ត្រឹម១៥០០​រៀលប៉ុណ្ណោះ​ ក្នុងការជិះឡានក្រុងសាធារណៈ ពីគោលដៅមួយទៅគោលដៅមួយទៀត។ អ្នកស្រី យឹម សុភក្រ្ក័ ដែលជាអាជីវករលក់ដូរមួយកន្លែងនៅរាជធានីភ្នំពេញបានប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះ ពីចំណុចគីឡូលេខ៦​ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះទៅគោលដៅនៅម្តុំស្ដុបបូកគោ ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង ជារៀងរាល់ថ្ងៃ។ អាជីករវ័យ​៥៤រូបនេះ បានបញ្ជាក់ថា ធ្វើដំណើរតាមឡានក្រុងនេះ ចំណាយអស់តិច ហើយមានសុវត្ថិភាពទៀត។ លើសពីនេះ ឡានសាធារណៈ មានម៉ាស៊ីនត្រជាក់ល្អថែមទៀត។ 
 
លោកស្រី យឹម សុភក្រ្ក័ បានប្រើប្រាស់មធ្យោបាយសាធារណៈនេះ តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ក្រៅពីសេវាកម្មល្អ និងមានសុវត្ថិភាពហើយ អ្នកស្រីក៏មើលឃើញពីសកម្មភាពអ្នកបើកបរ​ឡានក្រុងសាធារណៈ បានគោរពច្បាប់ចរាចរណ៍ល្អត្រឹមត្រូវ ជាពិសេសគឺឱ្យធ្វើដំណើរចុះផ្ដេសផ្ដាស់ឡើយ ដើម្បីធានាសុវត្ថិភាព។

អ្នកស្រី យឹម សុភក្រ្ក័
អ្នកប្រើប្រាស់សេវាសាធារណៈឡានក្រុង អស់រយៈពេល៦ឆ្នាំរូបនេះ បានសង្កេតឃើញថា កន្លងមកមិនសូវជាមានពលរដ្ឋជិះច្រើនប៉ុន្មាននោះទេ ប៉ុន្តែបច្ចុប្បន្នមានប្រជាពលរដ្ឋ និងសិស្សានុសិស្សច្រើនជាងមុន បានងាកមកប្រើសេវារថយន្ដសាធារណៈនេះ។​  អ្នកមើលឃើញថា អ្នកប្រើប្រាស់សេវាសាធារណៈនេះ ភាគច្រើន គឺជាសិស្ស កម្មករ កម្មការិនី និងមនុស្សចាស់ជាដើម។ «ខ្ញុំសប្បាយចិត្តដែលរដ្ឋមានសេវាកម្មឡានក្រុង ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋ។ ខ្ញុំចង់ឱ្យមានសេវាឡានក្រុងសាធារណៈតាមផ្លូវផ្សេងៗទៀត អាចបង្កើតឱ្យបានច្រើនខ្សែជាងមុន ដើម្បីងាយស្រួលឆ្លងកាត់ ពីផ្លូវមួយទៅផ្លូវមួយទៀត»។ នេះជាការលើកឡើងរបស់លោកស្រី សុភក្រ្ក័។ 
 
សម្រាប់អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈម្នាក់ទៀត ក៏រៀបរាប់មិនខុសពីអ្នកខាងលើប៉ុន្មានដែរ។ រាល់ថ្ងៃលោកស្រី ស៊ូ ម៉ារីណា។ អ្នកស្រី ម៉ារីណា បានធ្វើដំណើរទៅមក ពីចំណុចស្ពានជ្រោយចង្វារ ឆ្ពោះទៅកាន់រកាកោង និងពីរកាកោងទៅជ្រោយចង្វារ។
 
ការប្រើប្រាស់សេវាកម្មឡានក្រុងសាធារណៈនេះ បានជួយកាត់បន្ថយថ្លៃចំណាយរបស់លោកស្រីយ៉ាងច្រើនពីប្រមាណ ២០ ០០០រៀល មកនៅត្រឹម៣ ០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ​​​​ចំពោះអ្នកស្រី ម៉ារីណា មធ្យោបាយធ្វើដំណើរតាមឡានក្រុងសាធារណៈនេះ គឺជាមធ្យោបាយដ៏ល្អបំផុត ដែលចំណាយអស់ទាបហើយមានសុវត្ថិភាពទៀត។ 

អ្នកស្រី ស៊ូ ម៉ារីណា

«ដោយសារ ខ្ញុំមានជីវភាពមិនសូវធូរធារ នៅពេលមានឡានក្រុងសាធារណៈជិះបែបនេះ ​ខ្ញុំសប្បាយចិត្តត្រេកអរ​ដែលមាន​សេវាកម្ម​ជិះ​រថយន្ត ព្រោះបានកាត់បន្ថយការចំណាយលើ​ការធ្វើដំណើរប្រចាំថ្ងៃមួយកម្រិត។ រីឯអ្នកបើកបររថយន្តក្រុង មានក្រមសីលធម៌ល្អ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានធ្វើដំណើរលើរថយន្តថែមទៀតផង»។ នេះជាការបន្ថែមរបស់អ្នកស្រី ស៊ូ ម៉ារីណា មើលឃើញថា សេវា​រថយន្តក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ មាន​ភាព​ល្អ​ប្រសើរ​ទាំង​ការ​បើកបរ និង​សុវត្ថិភាព ​នឹង​ចូល​រួមចំណែក​ពន្លឿន​ ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​កាត់បន្ថយ​ការ​ចំណាយ ​ទៅលើ​សេវា​ដឹកជញ្ជូន​ឯកជន​​មាន​តម្លៃ​ខ្ពស់។ 
 
លោក ជួប ចាន់ថុល បម្រើការជាអ្នកបើកបរឡានក្រុងសាធារណៈ អស់រយៈពេលជាង៦ឆ្នាំមកហើយ។​ លោក បើកឡានក្រុងខ្សែ១A ចេញដំណើរពីចំណតវិមានឈ្នះ-ឈ្នះ ឆ្ពោះទៅចំណតវាលស្បូវ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់៨កន្លះយប់។ 
 
កំណើនអ្នកងាកមកជិះឡានក្រុងសាធារណៈ ភាគច្រើន គឺជាសិស្សានុសិស្ស និងមនុស្សចាស់។ លោក ចាន់ថុល សង្កេតឃើញបែបនេះដែលសប្បាយចិត្តពេលឃើញអ្នកប្រើប្រាស់សេវាសាធារណៈនេះ តែងតែតម្លៃលើរូបខ្លួន តាមរយៈវិកាយវិការគោរព និងលើកដៃសំពះជាដើម។ «ខ្ញុំសប្បាយចិត្តដែលបានបម្រើការងារជាអ្នកបើកបរឡានក្រុងសាធារណៈ ព្រោះអាចជួយសម្រួលការធ្វើដំណើររបស់សិស្ស និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ»។ លោក ជួប ចាន់ថុល បាននិយាយបែបនេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey)។​ 
 
តាមរយៈការងារនេះ ក៏បានសម្រួលបន្ទុកគ្រួសារលោក ចាន់ថុល បានមួយកម្រិត ហើយមានពេលវេលាច្រើន ជួបជុំគ្រួសារទៀត។​ បុរសមានវ័យ៤៩ឆ្នាំរូបនេះ មានពេលឈប់សម្រាក​៤ថ្ងៃក្នុងមួយខែ។ 
 
លោក ជួប ចាន់ថុល អ្នកបើកឡានក្រុងសាធារណៈ

បទពិសោធន៍ជាង៦ឆ្នាំ ជាអ្នកបើកឡានក្រុងសាធារណៈ លោក ជួប ចាន់ថុល បន្តថា៖«ក្នុងនាមខ្ញុំជាអ្នកបើកឡាន មុនបើកឡានខ្ញុំត្រូវមានស្មារតីគ្រប់គ្រាន់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព ជួនប្រជាពលរដ្ឋដែលជិះឡានក្រុងជាមួយខ្ញុំ»។ លោក ចាន់ថុល បាននិយាយបែបនេះ ដែលចង់ឃើញប្រជាពលរដ្ឋកាន់តែច្រើន ងាកមកប្រើប្រាស់សេវាឡានក្រុងសាធារណៈ ដើម្បីកាត់បន្ថយស្ទះចរាចរណ៍។ ជាមួយគ្នានេះ លោកក៏ចង់ឃើញអ្នកប្រើប្រាស់សេវាសាធារណៈគ្រប់រូប ​​ចូលរួមរក្សាអនាម័យ និងមិនបង្កភាពឡូឡា ឬសកម្មភាពមិនគប្បីណាមួយដល់អ្នកជិះដទៃ ដើម្បីភាពថ្លៃថ្នូរសង្គម។​ 
 
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)​ រាជធានីភ្នំពេញ ​សម្រេចដាក់ឱ្យប្រតិបត្តិការ នូវសេវាដឹកជញ្ចូនសាធារណៈរថយន្តក្រុងនេះ ក្នុងគោលដៅចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំណាយរបស់ពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ សេវា​​សាធារណៈ​រថយន្តក្រុង ចាប់ផ្ដើម​ដំណើរការ​ពី​ម៉ោង៥​កន្លះ​ព្រឹក ដល់ម៉ោង៨​កន្លះ​យប់ ​ដោយ​តម្លៃ​សំបុត្រ១ ៥០០ ​រៀល​ក្នុង​ម្នាក់ ឬ​១លើក។ ​ចំពោះ​ព្រះសង្ឃ ជន​ចាស់ជរា ជន​ពិការ កម្មករ កម្មការិនី សិស្ស និស្សិត និង​កុមារ​ ដែល​មាន​កម្ពស់​ក្រោម១​ម៉ែត្រ មិនតម្រូវឱ្យបង់លុយឡើយ។ 
 
ក្រៅពីរាជធានីភ្នំពេញ នៅ​បណ្តាខេត្តមួយចំនួន ដូចជា ប៉ៃលិន ព្រះសីហនុ ក៏មានសេវា​រថយន្តក្រុងសាធារណៈនេះដែរ។  ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស បានស្នើ​​រដ្ឋាភិបាលឱ្យ​ពង្រីក​សេវាឡានក្រុងសាធារណៈ​ ឱ្យ​បាន​គ្រប់​ខេត្ត-​ក្រុង ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ​ការ​កក​ស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍នានា៕ 
 
លោក ហោ ដួង អ្នកបើកឡានក្រុងសាធារណៈ

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ