ក្រុមអ្នកជំនាញ ជួសជុលចម្លាក់តោដែលបាក់បែក នៅប្រាសាទបាខែងឡើងវិញ
  • ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី យប់
ក្រុមអ្នកជំនាញ ជួសជុលចម្លាក់តោដែលបាក់បែក នៅប្រាសាទបាខែងឡើងវិញ
ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលចម្លាក់តោជណ្ដើរខាងត្បូង នៃប្រាសាទបាខែង។ រូបភាពអាជ្ញាធរជាតិអប្សរា៕

ដោយ៖ អោត រត់ 
 
សៀមរាប៖ ចម្លាក់តោចំនួន១២ នៃជណ្ដើរទិសខាងត្បូងប្រាសាទបាខែង ​កំពុង​ទទួលការ​ជួសជុលឡើងវិញ ពីក្រុងអ្នកជំនាញខ្មែរ និងអាម៉េរិក។ បើតាមការចេញផ្សាយ​របស់​អាជ្ញា​ធរ​ជាតិអប្សរា ការជួសជុលនេះ ធ្វើឡើងនៅ​ផ្នែកមួយចំនួនដូចជាផ្នែកជើងទម្រជើងចម្លាក់​ដែល​បាក់​បែក, ដងខ្លួន និងក្បាលនៃចម្លាក់ជាដើម។
TTN-Free-Banner-In-Article-PC
 
លោក វ៉ាន វ៉ា ប្រធានការដ្ឋានជួសជុលនៅប្រាសាទភ្នំបាខែង ត្រូវបានអាជ្ញាធរជាតិអប្សរា​ ស្រង់​សម្ដីមកចុះផ្សាយ​ថា ចម្លាក់តោទាំងនោះ ក៏ធ្លាប់ត្រូវបានជួសជុលម្តងមកហើយ កាលពី​សម័យអាណាព្យាបាលបារាំង។ 
 
សព្វថ្ងៃ ក្នុងចំណោមចម្លាក់តោទាំង១២នេះ មាន៧ហើយដែលត្រូវបានជួសជុលរួចរាល់ ពោលបច្ចុប្បន្នគឺអ្នកជំនាញបន្តជួសជុលចម្លាក់ចំនួន ៥បន្តទៀត។ លោក វ៉ាន ​វ៉ា ឱ្យដឹង​ទៀត​ថា ​ក្នុងអំឡុងពេលជួសជុលនេះ អ្នក​ជំនាញក៏ឃើញមានបំណែក​តោមួយចំនួន​ដែល​រងការខូចខាត​ធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ ដើម្បីផ្គុំឡើងវិញ​បាន​ដែរ។ 
 
ការជួសជុលជណ្ដើរផ្នែកខាងត្បូង នៃប្រាសាទបាខែង។  រូបភាពអាជ្ញាធរជាតិអប្សរា៕ 

​ក្រៅពីជួសជុលចម្លាក់តោ  ក្រុមការងារជួសជុល ក៏កំពុងជួសជុលរចនាសម្ពន្ធជណ្ដើរ១ថ្នាក់ នៅ​ទិសខាងត្បូង នៃប្រាសាទផងដែរ បន្ទាប់បីបញ្ចប់៤ថ្នាក់រួចមក។ ការងារនេះសម្រេចបានប្រមាណ ៨០ភាគរយ និងត្រូវការពេល​ប្រមាណ​៥ខែទៀត ដើម្បីបង្ហើយការងារដែលសេសសល់។​ នេះបើតាម​លោក វ៉ាន វ៉ា។
សូមជម្រាប​ថា ការជួសជុលរចនាសម្ពន្ធរបស់ប្រាសាទភ្នំបាខែងនេះ អនុវត្តន៍ក្រោមកិច្ច​សហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) សហរដ្ឋអាម៉េរិក។ អស់ពេល៣៥ឆ្នាំមកហើយ ដែលអង្គការមួយនេះ បាន​ចូលរួមជួសជុល និងអភិរក្ស ក្នុងរមណីយដ្ឋានអង្គរ។  តាំងពីឆ្នាំ១៩៨៩មមក WMF បានសម្រេចការជួសជុល និងអភិរក្សប្រាសាទតាសោម ប្រាសាទព្រះខ័ន ចម្លាក់​កូរសមុទ្រ​ទឹកដោះ នៃប្រាសាទអង្គរវត្ត និងបច្ចុប្បន្នប្រាសាទភ្នបាខែង៕ 

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other