ASEAN U19៖ ជាការជួបគ្នាលើកទី៥ កម្ពុជា រំពឹងបាន៣ពិន្ទុ ពីទីម័រខាងកើត នៅជំនួបបើកឆាក
  • ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:០៩ នាទី ព្រឹក
ASEAN U19៖ ជាការជួបគ្នាលើកទី៥ កម្ពុជា រំពឹងបាន៣ពិន្ទុ ពីទីម័រខាងកើត នៅជំនួបបើកឆាក
លោក ភា សុភ័ក្ដ្រា គ្រូបង្វឹក U-19 កម្ពុជា និយាយក្នុងសន្និសីទសារព័ត៌មុនប្រកួត រូបពី FFC

ក្នុងពូល A ក្រុម U-19 កម្ពុជា ត្រូវប្រកួតជាមួយទីម័រខាងកើត ក្នុងព្រឹត្តិការណ៍ ASEAN U19 Boys’ Championship 2024 នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Gelora Bung Tomo  ប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ៣រសៀល។ ក្នុងសន្និសីទមុនប្រកួត លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកកម្ពុជា បានប្ដេជ្ញានឹងប្រឹងអស់ពីសមត្ថភាព ដើម្បីនាំយកលទ្ធផលល្អពីការប្រកួតនេះ។
TTN-Free-Banner-In-Article-PC


ជាការជួបគ្នាលើកទី៥រវាងក្រុមទាំង២ ក្នុងព្រឹត្តិការណ៍ ASEAN U19។ ដោយឡែកជំនួប៤លើកកន្លងមក ក្នុងឆ្នាំ២០២២ កម្ពុជា ចាញ់លទ្ធផល៤-១, ឆ្នាំ២០១៨ ទីម័រខាងកើត ឈ្នះ ២-១, ឆ្នាំ២០១៧ ក្រុមទាំង២ស្មើ ក្នុងលទ្ធផល១-១ និងក្នុងឆ្នាំ២០១៣ កម្ពុជា ចាញ់លទ្ធផល ៣-១។
 
ទោះជាលទ្ធផលមិនសូវល្អក៏ដោយ លោក ភា សុភ័ក្ដ្រា ប្ដេជ្ញានឹងជំរុញឲ្យកីឡាករកម្ពុជាប្រឹងអស់ពីសមត្ថភាពដើម្បីនាំយកលទ្ធផលល្អពីព្រឹត្តិការណ៍នេះ។ យោងលើផេកសហព័ន្ធបាល់ទាត់កម្ពុជា គ្រូបង្វឹកកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ការប្រកួតនេះសំខាន់សម្រាប់ប្រជាជនយើង ខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីបងប្អូនទាំងអស់គ្នាពេញចិត្ត និងសប្បាយចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍបាល់ទាត់ដ៏ស្រស់ស្អាតរបស់យើងបន្ដទៀត មិនថាលីគ ក្លិប និងជម្រើសជាតិ។»។ 
 
ក្នុងថ្ងៃជាមួយគ្នានេះ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដែលនៅក្នុងពូល A ត្រូវប្រកួតជាមួយ ហ្វីលីពីន នៅកីឡដ្ឋានដដែរនេះ វេលាម៉ោង ៧:៣០យប់។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំអាស៊ាន មាន១២ប្រទេសចូលរួម ដូចជា៖អូស្ដ្រាលី, ព្រុយណេ, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត, វៀតណាម និងម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី។ ការប្រកួតត្រូវចែកចេញជា ៣ពូល ក្នុង១ពូលមាន៤ប្រទេស។ ពូល A មាន៖ ឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន និងទីម័រ។ ចំណែក ពូល B មាន៖ឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ដ្រាលី ខណៈ ពូល C មាន៖ ម៉ាឡេស៊ី ថៃ សិង្ហបុរី និងព្រុយណេ៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា