លោក ស សុខា ព្រមានចាត់ការលើមន្ត្រីពុករលួយ ពាក់ព័ន្ធនឹងគម្រោង​​​មូល​និ​ធិឃុំ-សង្កាត់
  • ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១២:១៤ នាទី រសៀល
លោក ស សុខា ព្រមានចាត់ការលើមន្ត្រីពុករលួយ ពាក់ព័ន្ធនឹងគម្រោង​​​មូល​និ​ធិឃុំ-សង្កាត់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានព្រមានចាត់វិធានការចំពោះមន្ត្រីទាំងឡាយ និង​​អ្នកទទួលការណា ដែលបាន​បំពានក្រមសីលធម៌វិជ្ជាជីវៈ ឬមានការ​ពាក់ព័ន្ធទៅនឹងភាព​មិនប្រក្រតី ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។ ការព្រមានបែបនេះ របស់លោក ស សុខា គឺបន្ទាប់ពីក្រសួងមហាផ្ទៃ សង្កេតឃើញថា ​មាន​ភាពមិនប្រក្រតីកំពុងកើតមាន​ឡើង ​​ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូល​និធិឃុំ សង្កាត់ មានដូចជា ការក្លែងបន្លំ ការបង្ខិត​បង្ខំ ​អំពើពុករលួយ និងភាព​រញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំបើកសំណើដេញ​ថ្លៃគម្រោងជាដើម។
TTN-Free-Banner-In-Article-PC
 
អំពើពុករលួយ ភាពរញ៉េរញ៉ៃ ឥតសណ្តាប់នៅក្នុងការអនុវត្ត និងដំណើរការដេញ​ថ្លៃ និងការអនុវត្ត«គម្រោង​​​មូល​និ​ធិឃុំ-សង្កាត់​» ដែលកំពុងកើតមាននៅតាមមូលដ្ឋាន ​ធ្វើឱ្យ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មិនសប្បាយចិត្តនោះឡើយ។ 
 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានព្រមានចាត់វិធានការចំពោះមន្ត្រីទាំងឡាយ និង​​អ្នកទទួលការណា ដែលបាន​បំពានក្រមសីលធម៌វិជ្ជាជីវៈ ឬមានការ​ពាក់ព័ន្ធទៅនឹងភាព​មិនប្រក្រតី ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។ ការព្រមាននេះធ្វើឡើងតាមរយៈ លិខិតចុះថ្ងៃទី១៦ ខែកក្កដា។
 
នៅក្នុងលិខិតនោះ លោក ស សុខា ព្រមានដូច្នេះ៖« ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះ​មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណា ដែល​បានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយ​មិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធទៅនឹងភាព​មិន​ប្រ​ក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិត​បង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗ​ក្នុងការដេញថ្លៃ​គម្រោងមូលនិធិឃុំ សង្កាត់»។ 
 
​បើតាមលោក ស សុខា កន្លងមកក្រសួងមហាផ្ទៃ សង្កេតឃើញថា​មាន​ភាពមិនប្រក្រតី​កំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ​ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូល​និធិឃុំ សង្កាត់ ​បណ្តាលមកពីការមិនយកចិត្តទុក​ដាក់ និង​ភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែង ​ក្នុងកិច្ចដំណើរការអនុវត្តគម្រោង។
 
​ក្រៅពីនេះ ក្រសួងមហាផ្ទៃ ជាញឹកញាប់ ក៏ទទួលបានបណ្តឹង​ជា​លាយលក្ខណ៍អក្សរ តាមប្រព័ន្ធ​តេឡេក្រាម និង​តាម​ទូរសព្ទ ពីអ្នកទទួលការមួយចំនួន ​ពាក់ព័ន្ធនឹង​ការអនុវត្ត​គម្រោង​មូលនិធិឃុំ-សង្កាត់ របស់មន្ត្រីទីចាត់ការផែនការ​ និងវិនិយោគរាជធានី-ខេត្ត​មួយ​ចំនួន។
 
បណ្តឹងលើភាពមិនប្រក្រតីទាំងនោះ ​រួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំ​មិនមានតម្លាភាព, ការដេញថ្លៃ​មិនបានប្រកាស​ជាសាធារណៈ, ការចុះអនុវត្តគម្រោង​មុនការ​ដេញថ្លៃ, ការពន្យារការដេញថ្លៃ​ដោយមិនបានកំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្រប​តាមបទដ្ឋាន​បច្ចេកទេសជាដើម។ លើសពីនេះ សារព័ត៌មានមួយចំនួន ក៏បាន​​ផ្សាយជាហូរហែ​ពីភាពមិនប្រក្រតី និងភាព​រញ៉េរញ៉ៃ ​គ្មានសណ្តាប់ធ្នាប់ នៅក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃ​​គម្រោងមូលនិធិឃុំ សង្កាត់នេះផងដែរ។
 
ក្រៅពីព្រមានចាត់ការមន្ត្រី និងអ្នកដែលពាក់ព័ន្ធនឹងភាពមិប្រក្រតី នៅក្នុងគម្រោងមូល​និធិឃុំ សង្កាត់ហើយនោះ លោក ស សុខា ក៏បានប្រាប់ឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត ​ឱ្យ​ពិនិត្យមើលការអនុវត្ត​ការងាររបស់ ទីចាត់ការផែនការវិនិយោគនិងរដ្ឋបាលឃុំ សង្កាត់ ដើម្បីតម្លាភាព និងប្រសិទ្ធភាពនៃការអនុវត្តគម្រោងមូលនិធិ ឃុំ-សង្កាត់។  
 
​ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រាប់ឱ្យអាជ្ញាធរ ប្រកាស​ដំណឹងដេញថ្លៃ​ គម្រោងមូលនិធិឃុំ សង្កាត់ ជាសាធារណៈ ​និងរៀបចំសំណើគម្រោង អនុវត្តនីតិវិធីលទ្ធកម្ម និងអនុវត្តកិច្ចសន្យា​ដោយយកចិត្តទុកដាក់។​
 
លោក រដ្ឋមន្ត្រី ក៏បានប្រាប់ឱ្យអាជ្ញាធរឃុំ ពង្រឹងការរៀបចំទុកដាក់ រក្សាឱ្យគង់វង្ស ឯកសារសំណើគម្រោង និងឯកសារកិច្ចសន្យាគម្រោងនានា ព្រមទាំងត្រូវ​ពិនិត្យបញ្ជាក់​បច្ចេកទេសត្រឹមត្រូវ និងត្រូវផ្អែកតាមតម្លៃឯកតា​ដែលបាន​សរសេរ ក្នុងសំណើដេញថ្លៃដែលឈ្នះ នៅពេលមានការផ្លាស់ប្តូរទីតាំងគម្រោង ឬបង្កើនបន្ថែមលទ្ធផល គម្រោងដើម្បីធានាបានទាំងបរិមាណ និងគុណភាព។ «ត្រូវពង្រឹងការគ្រប់គ្រងវិន័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃកិច្ចប្រជុំ​បើក​សំណើ​ដេញថ្លៃ​»។ នេះជាការណែនាំរបស់លោក ស សុខា ដែលលោកបន្តបញ្ជាក់ឱ្យ ចាត់ការ​ផែនការវិនិយោគនិងរដ្ឋបាលឃុំ សង្កាត់ ពង្រឹងការគ្រប់គ្រងការដាក់​ប្រាក់កក់​, ការដក​ប្រាក់​កក់ធានាការដេញថ្លៃ ​​និងការដាក់ប្រាក់កក់ និងការដកប្រាក់កក់ធានាការអនុវត្ត​កិច្ច​សន្យា​ ឱ្យបានត្រឹមត្រូវតាម សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់​ផងដែរ។
 
 ​ករណី លើកឬពន្យារការដេញថ្លៃ ត្រូវតែបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលា​ដេញថ្លៃ​បន្ទាប់​​ឱ្យ​បានច្បាស់។ ទន្ទឹមនឹងនេះ ក៏​ត្រូវពង្រឹងការ​តាមដាន និងការត្រួតពិនិត្យគុណភាព​គម្រោងមូលនិធិឃុំ សង្កាត់ ឱ្យ​ជាប់លាប់ ដើម្បីធានាពីបទដ្ឋានបច្ចេកទេសនៃ ​​ការ​អនុវត្ត​គម្រោង។ 
 
នៅក្នុងលិខិតដដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ ករណីរកឃើញកំហុសឆ្គងនៅ​ក្នុងការអនុវត្តការងារ មន្ត្រី និងអ្នកពាក់ព័ន្ធ នឹងត្រូវចាត់វិធានការ​ ស្របតាម​​​​មាត្រា៨៤នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់​។ ចំពោះមន្ត្រី រាជការស៊ីវិល ត្រូវចាត់វិធានការស្របតាមមាត្រា៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ 

ចំពោះអ្នកទទួលការ គឺត្រូវវិធានការស្របតាម​ចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងត្រូវ បញ្ចប់កិច្ចសន្យា​ចំពោះបុគ្គលិកជាប់កិច្ចសន្យា។ 
 
វិន័យទាំងនេះមិនរាប់បញ្ចូលនូវទោសទណ្ឌផ្សេងៗឡើយ។ នេះបើតាមលោក ស សុខា៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឡាយ សុភាវតី