ព្រឹទ្ធសភា​ កំណត់តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់គណៈកម្មការទាំង១០ រួមទាំង​ក្រុម​សមាជិកា
  • ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
ព្រឹទ្ធសភា​ កំណត់តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់គណៈកម្មការទាំង១០ រួមទាំង​ក្រុម​សមាជិកា
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី១៧កក្កដា ឆ្នាំ២០២៤។ រូបពី ព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានពិនិត្យ និងសម្រេចពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការទាំង១០និងក្រុមសមាជិកាព្រឹទ្ធសភាផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
TTN-Free-Banner-In-Article-PC
 
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧កក្កដា ក្រោមការដឹកនាំរបស់ ​សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាដើម្បីពិនិត្យពីភារកិច្ចរបស់គណៈកម្មការនីមួយៗក្នុងព្រឹទ្ធសភា។ 
 
ក្រោយពីពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានសម្ដេច ដឹកនាំ បានសម្រេចនិងអនុម័តលើ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការក្នុងព្រឹទ្ធសភាទាំង១០។ ក្រៅពីនេះ ក៏បាន ពិនិត្យនិងសម្រេចពីតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកាព្រឹទ្ធសភាផងដែរ។ 
 
គណៈកម្មការទី១ ទទួល​បន្ទុក​សិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេត មានលោក ងី ច័ន្ទ្រផល ជាប្រធាន។  ទី២ គឺ​គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម ដែល​ដឹកនាំដោយ​លោក ធន់ វឌ្ឍនា ជាប្រធាន។ គណៈកម្មការផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ដែលជាគណៈកម្មការទី៣ដឹកនាំដោយ​លោក ម៉ុង ឫទ្ធី។
 
លោក នាង ផាត ជាប្រធានគណៈកម្មការទី៤ ដែលទទួល​បន្ទុក​មហាផ្ទៃ ការពារជាតិ, ទី៥ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ​លោក លោក ចែម វីឌ្យ៉ា។ គណៈកម្មការទី​៥ ផ្នែក​នីតិកម្ម និងយុត្តិធម៌ មាន​លោកស្រី ចាន់ សុទ្ធាវី ជាប្រធាន។
 
ទី​៧ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ស្ថិតក្រោម​ការដឹកនាំ​របស់​លោក ឈិត សុខុន រីឯគណៈកម្មការទី​៨ ផ្នែក​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី មាន​លោក​ស្រី មាន សំអាន ជាប្រធាន។
 
ទី៩ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ​លោក អ៊ុំ សារឹទ្ធ ចំណែក​លោក ម៉ម ប៊ុននាង ជាប្រធាន​គណៈកម្មការទី១០ ដែល​ទទួល​បន្ទុក​លើការងារ​អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
 
សភាជាន់ខ្ពស់​របស់កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​លោក ប្រាក់ សុខុន ជាអនុប្រធានទី១ និង​លោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២។
 
តាមរយៈការបោះឆ្នោតអសកល គណបក្សប្រជាជន​កម្ពុជា​មាន​៥៥អាសនៈ គណបក្សឆន្ទៈខ្មែរ មាន​៣អាសនៈ។ លោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិក ដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា រីឯសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកដែលត្រូវបានព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាត់តាំង តាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមីនា៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី