ឥណ្ឌូណេស៊ី៖ អង្គការបរិស្ថានអះអាងថា ឧស្សាហកម្មរ៉ែនីកែលកំពុងឡោមព័ទ្ធសម្លាប់ជនជាតិភាគតិច
- ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី ព្រឹក

រោងចក្រចម្រាញ់រ៉ែនីកែល Indonesia Weda Bay Industrial Park (IWIP) នៅលើកោះHalmahera AFP - AZZAM RISQULLAH
ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)
ឥណ្ឌូណេស៊ី គឺជាប្រទេសដែលផលិតរ៉ែនីកែលធំជាងគេបង្អស់ នៃពិភពលោក។ រ៉ែនីកែលដែលគេត្រូវការចាំបាច់ ដើម្បីផលិតអាគុយអគ្គិសនីគ្រប់ប្រភេទ ជាក់ស្តែងអាគុយអគ្គិសនីដែលប្រើក្នុងរថយន្តអគ្គិសនី។ តែការកាប់គាស់ ជីករ៉ែនីកែលនៅឥណ្ឌូណេស៊ីនេះ ត្រូវបានធ្វើឡើង ដោយបានកាប់បំផ្លាញព្រៃធម្មជាតិ ហើយជាពិសេសនោះ គឺបានធ្វើបាបជនជាតិភាគតិច ឲ្យពួកគេបាត់បង់ទីជម្រកនិងប្រភពចំណីអាហារ។ យ៉ាងណាមិញ អង្គការការពារបរិស្ថាននិងជនជាតិភាគតិច បានថ្លែងការបារម្ភជាខ្លាំង អំពីផលប៉ះពាល់នៃឧស្សាហកម្មរ៉ែនីកែលដ៏ធំបំផុតមួយ នៅតំបន់ Weda Bay លើកោះ Halmahera របស់ឥណ្ឌូណេស៊ី។

ជនជាតិភាគតិច Hongana Manyawa នៅខេត្ត Molouques ខាងជើង នៃកោះ Halmahera កំពុងតែប្រឈមនឹងការស្លាប់ផុតពូជទាំងស្រុង ដោយសារតែឧស្សាហកម្មរ៉ែនីកែល។ នេះបើផ្អែកតាមការអះអាងថា របស់លោក Callum Russell អ្នកស្រាវជ្រាវនៅអង្គការ Survival International។
ដូចគ្នាដែរ សមាគមការពារសិទ្ធិជនជាតិដើម ឈ្មោះ Syamsul Alam Agus បានលើកឡើងថា សហគមន៍ជនជាតិដើមភាគតិច Hongana Manyawa កំពុងត្រូវឡោមព័ទ្ធដោយ ការកាប់បំផ្លាញព្រៃឈើ ដែលបម្រើដល់ការពង្រីកឧស្សាហកម្មរ៉ែនីកែល នៅតំបន់ Weda Bay លើកោះ Halmahera ដែលជាតំបន់រ៉ែនីកែលធំជាងគេបង្អស់ នៃពិភពលោក។
ផ្អែកតាម លោក Callum Russell សហគមន៍ជនជាតិ Hongana Manyawa មានសមាជិកចន្លោះពី៣០០ទៅ៥០០នាក់ ដែលជាក្រុមជនជាតិមិនដែលមានទំនាក់ទំនងខាងក្រៅ ជាមួយសង្គមមនុស្សទំនើបទេ។ ពួកគេរស់នៅដោយការបរបាញ់សត្វ និងទទួលផលពីព្រៃឈើធម្មជាតិរបស់ពួកគេ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ គេសង្កេតឃើញថា ដោយសារតែការកាប់បំផ្លាញព្រៃឈើ គឺពួកគេបានបង្ខំចិត្តចេញមកសុំចំណីអាហារនៅខាងក្រៅ។ ការប៉ះពាល់ដោយផ្ទាល់ជាមួយពិភពខាងក្រៅ អាចធ្វើឲ្យពួកគេប្រឈមនឹងមេរោគ ឬជំងឺរាតត្បាតផ្សេងៗដែលរាងកាយពួកគេមិនធ្លាប់ជួប។
គួរកត់សំគាល់ថា បើទោះបីជាដឹងថាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងទៅលើប្រជាជន តែរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តអភិវឌ្ឍន៍វិស័យឧស្សាហកម្មរ៉ែនីកែល ខណៈទីផ្សារពិភពលោកកំពុងត្រូវការរ៉ែប្រភេទនេះជាខ្លាំង សម្រាប់ផលិតដែកថែបមិនចេះច្រែស និងអាគុយអគ្គីសនី។ យោងតាមការប៉ាន់ស្មាន នៅឥណ្ឌូណេស៊ី មានរ៉ែនីកែលប្រមាណ២១លានតោន ពោលគឺប្រមាណ២០%នៃស្តុកពិភពលោក។
កាលពីពេលថ្មីៗនេះ ឥណ្ឌូណេស៊ី ទើបតែបានបើកសម្ពោធ រោងចក្រផលិតអាគុយអគ្គីសនីសម្រាប់រថយន្តអគ្គីសនី ដ៏ធំបំផុតមួយ។ ក្រុមហ៊ុនអន្តរជាតិធំៗ នាំគ្នាសំរុកទៅវិនិយោគនៅឥណ្ឌូណេស៊ី ជាបន្តបន្ទាប់ ដោយឃើញសក្តានុពលធនធានធម្មជាតិដ៏មហាសាលនេះ។
សូមរំលឹកថា រ៉ែនីកែលនៅកោះHalmahera ត្រូវបានឥណ្ឌូណេស៊ីបានចាប់ផ្តើមជីក ដោយមានក្រុមហ៊ុនឥណ្ឌូណេស៊ី PT Weda Bay Nickel ជាអ្នកធ្វើប្រតិបត្តិការ។ ក្រុមហ៊ុននេះ មានចំណែកហ៊ុនភាគច្រើនជារបស់ ក្រុមហ៊ុន Strand Minerals ខណៈ Strand Minerals មានចំណែកភាគហ៊ុន របស់ក្រុមហ៊ុនបារាំង Eramet និងក្រុមហ៊ុនចិន Tsingshan។ យោងតាមក្រុមហ៊ុន Eramet ក្នុងរវាង២៥ឆ្នាំទៀត គេនឹងធ្វើប្រតិបត្តិការជីករ៉ែលើទំហំផ្ទៃដី ចំនួន៦០០០ហិកតា ក្នុងចំណោម ៤៥០០០ហិកតានៅតំបន់ Weda Bay ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្តល់សម្បទានឲ្យ។
ដោយឡែក ផ្អែកតាម អង្គការ Climate Rights International ព្រៃឈើចំនួន១៤០០ហិកតា ត្រូវបានគេបាប់ខ្ទេចអស់ហើយ នៅក្នុងឆ្នាំ២០២៤នេះ នៅក្នុងតំបន់ដីសម្បទាន Weda Bay។ ឧស្សាហកម្មរ៉ែនីកែល បានបំផ្លាញទីជម្រករស់នៅ ប្លន់យកដី កាប់ព្រៃ គាស់ដីរំលើងខ្ទេចខ្ទី របស់សហគមន៍ជនជាតិដើមម្ចាស់ស្រុក ដោយគ្មានសួរយោបល់ពួកគេមួយម៉ាត់ណាសឡើយ។ បន្ថែមពីនេះទៀត អង្គការខាងលើអះអាងថា ទឹកស្ទឹង និងទឹកសមុទ្រនៅក្បែរឆ្នេរ ដែលគេបានយកសំណាកមកពិនិត្យ គឺពោរពេញដោយសារធាតុលោហៈធ្ងន់ ដែលអាចហូរចេញពីកាកសំណល់នៃការចម្រាញ់រ៉ែនីកែល ហើយដែលអាចប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពមនុស្ស។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានព្យាយាមទាក់ទងទៅក្រសួងរ៉ែឥណ្ឌូណេស៊ី ព្រមទាំងក្រុមហ៊ុន Weda Bay Nickel និងក្រុមហ៊ុនTsingshan ដើម្បីសុំការបំភ្លឺ តែគ្មាននរណាឆ្លើយទេ។ មានតែក្រុមហ៊ុនបារាំង Eramet ដែលបានឆ្លើយអះអាងថាខ្លួន មានការប្រុងប្រយ័ត្នថ្លឹងថ្លែងបំផុត ដោយគិតដល់សុខុមាលភាពរបស់ជនជាតិដើម។ ទន្ទឹមគ្នានេះ Eramet បានអួតពីចំណុចវិជ្ជមានថា ឧស្សាហកម្មរ៉ែនីកែលនៅ Weda Bay បានបង្កើតការងារឲ្យឥណ្ឌូណេស៊ី ចំនួន១៤០០០ការងារ និងមានទំហំប្រាក់វិនិយោគចំនួនដល់ទៅ ១ ៤០០លានអឺរ៉ូ៕
© រក្សាសិទ្ធិដោយ thmeythmey.com