អ្នកតាមដានសង្គម សាទរការរុះស្លាកគ្រឿង​ស្រវឹង​តាមផ្លូវ និងស្នើឱ្យមានច្បាប់គ្រប់​គ្រង​​
  • ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
អ្នកតាមដានសង្គម សាទរការរុះស្លាកគ្រឿង​ស្រវឹង​តាមផ្លូវ និងស្នើឱ្យមានច្បាប់គ្រប់​គ្រង​​

បទបញ្ជាឱ្យរុះរើស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមដងផ្លូវ បានទទួលការសាទរពី​ អ្នកតាមដានបញ្ហាសង្គម និងពីសាធារណជន។ ទន្ទឹមនឹងការសាទរ អ្នកតាមដានបញ្ហា​សង្គម ចង់ឱ្យកម្ពុជា មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះក្នុងពេលឆាប់ៗ ដើម្បី​កាត់បន្ថយ​​គ្រោះ​ថ្នាក់ចរាចរណ៍ ហិង្សាក្នុងគ្រួសារ ​និងធ្វើឱ្យសុជីវធម៌ និងសីលធម៌ក្នុងសង្គមប្រសើរ។ ​
TTN-Free-Banner-In-Article-PC
 
ក្នុងសប្ដាហ៍នេះ សកម្មភាពរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមផ្លូវ នៅតាម​បណ្ដា​ខេត្តមួយចំនួនបានចាប់ផ្ដើមជាបន្តបន្ទាប់។ ផ្ដើមពីខេត្តកំពង់ស្ពឺ បន្តមកតាកែវ ក្រចេះ ស្ទឹងត្រែង កណ្ដាល រហូតដល់ខេត្តបាត់ដំបង បានចាប់ផ្ដើមរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយ​ពាណិជ្ជកម្មស្រាបៀរនៅតាមផ្លូវ។ សកម្មភាពរុះរើជាបន្តបន្ទាប់បែបនេះ ធ្វើឡើងក្រោយពី​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញគោលការណ៍ឱ្យគ្រប់រដ្ឋបាលខេត្តពិនិត្យឡើងវិញ ឯកសារ​ទទួល​ផ្សព្វផ្សាយគ្រឿងស្រវឹង។
 
អ្នកតាមដានបញ្ហាសង្គម បានសាទរចំពោះបទបញ្ជាឱ្យរុះរើស្លាកស្រាបៀរ និងគ្រឿងស្រវឹងនេះ ទន្ទឹមនឹងការទទូចចង់ឱ្យកម្ពុជាមានច្បាប់គ្រប់គ្រងផលិតផលគ្រឿងស្រវឹងឆាប់ៗ។
 
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា បានសាទរ​យ៉ាងពេញទំហឹង។ បើតាមលោកបណ្ឌិត ឈត ប៊ុនថង ការណ៍ដែលខេត្តជាច្រើនចាប់ផ្ដើមរុះរើផ្ទាំងប៉ាណូនេះ បានបង្ហាញឱ្យឃើញពីការចូលរួមចំណែករបស់គណៈអភិបាលខេត្ត ក្នុងការកាត់បន្ថយនូវការជំរុញ និងលើកកម្ពស់ការសេពគ្រឿងស្រវឹង។
 
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា។ រូបភាពពី​ហ្វេសប៊ុក​លោកបណ្ឌិត ឈត ប៊ុនថង។

«ជាការពិត ថ្វីដ្បិតតែរូបភាពនៃការផ្សព្វផ្សាយគ្រឿងស្រវឹងមានច្រើន ប៉ុន្តែការផ្សព្វផ្សាយ​គ្រឿងស្រវឹងតាមផ្ទាំងប៉ាណូនេះ វាមានលក្ខណៈអចិន្រ្តៃយ៍ និងនៅជាប់ជារៀងរហូត។ ជាពិសេសពេលដែលកុមារ និងយុវជនធ្វើដំណើរទៅសាលារៀន បានឃើញផ្ទាំងទាំងអស់នេះ។ ម៉្យាងទៀត ពេលបរទេសគេមកឃើញ ហាក់បង្ហាញឱ្យឃើញថាយើង [កម្ពុជា]ឱ្យតម្លៃលើការសេពគ្រឿងស្រវឹង។»។ អ្នកជំនាញទស្សនវិជ្ជា លើកឡើងដូច្នេះ។ 
 
លោក ឈត ប៊ុនថង បន្តថា ការរុះរើ និងទម្លាក់ផ្ទាំងប៉ាណូស្រាបៀរចេញពីតាមផ្លូវជាផ្នែក​មួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ ការប៉ះពាល់សុខភាព​ចំពោះអ្នកសេពគ្រឿងស្រវឹង និងការចំណាយមិនចាំបាច់ផ្សេងៗ។ បើទោះបីការរុះរើជាចំ​ណែកកាត់បន្ថយនូវបញ្ហាផ្សេងៗ ប៉ុន្តែលោកបណ្ឌិត ឈត ប៊ុនថង ទាមទារឱ្យរដ្ឋាភិបាល​ពិចារណាលើការតាក់តែងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង រួមទាំងការផ្សព្វផ្សាយគ្រឿង​ស្រវឹងលើប្រព័ន្ធផ្សព្វផ្សាយ។
 
សកម្មភាពរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅស្រុក​បាណន់ខេត្ត​បាត់ដំបង។

មិនខុសពីលោកបណ្ឌិត ឈត ប៊ុនថង ឡើយ អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដាន​សង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន ក៏ស្នើឱ្យរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីការគ្រប់គ្រង​គ្រឿង​ស្រវឹងផងដែរ។ លោកបណ្ឌិត ប៉ា ច័ន្ទរឿន បញ្ជាក់ដូច្នេះ៖«ដើម្បីឱ្យយន្តការ និងកិច្ច​ការងារគ្រប់គ្រង​គ្រឿងស្រវឹង ការទប់ស្កាត់ផលវិបាកដែលកើតឡើងនៅក្នុងសង្គម​មាន​ប្រសិទ្ធភាពខ្ពស់ ទាល់តែមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង»។  
 
សម្រាប់អ្នកតាមដានសង្គមរូបនេះ កម្ពុជាមិនទាន់មានច្បាប់​ស្ដីពីការគ្រប់គ្រងគ្រឿង​ស្រវឹងនៅឡើយទេ ខណៈប្រទេសថៃ និងវៀតណាម បានអនុម័តច្បាប់នេះរួចហើយ។ បើតាមលោក​ ប៉ា ច័ន្ទរឿន ការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងបានកាន់តែឆាប់ នឹងកាន់តែល្អ ដែលជាយន្តការមួយក្នុងការទប់ស្កាត់បញ្ហាបង្កដោយគ្រឿងស្រវឹង រួមទាំង​ការកំណត់អាយុសម្រាប់អ្នកទទួលទានផងដែរ។  
 
លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានសង្គម។ រូបភាពពីហ្វេសប៊ុកលោក​បណ្ឌិត ប៉ា ច័ន្ទរឿន។

ដោយឡែក ពាក់ព័ន្ធនឹងចំណាត់ការរុះរើផ្ទាំងប៉ាណូ លោក​ ប៉ា ច័ន្ទរឿន មើលឃើញថា​ជារឿងល្អ ដែលជាការចាប់ផ្ដើមពិនិត្យឡើងវិញ​ពីការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងសង្គម​កម្ពុជា។ «ខ្ញុំមើលឃើញថា វាជាសញ្ញាល្អ ដែលអាជ្ញាធរយកចិត្តទុកដាក់ និងគិតគូរពីផល​ជះអវិជ្ជមាននៃការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ និងផលវិបាកទៅលើសង្គម​ទាំង​ក្នុងរយៈពេលខ្លី និងវែង។»។ 
 
ក្រៅពីនេះ លោក​ ប៉ា ច័ន្ទរឿន ក៏បានលើកពីរបាយការណ៍នៃការសេពគ្រឿងស្រវឹង​ហួស​ប្រមាណរបស់ប្រជាជនខ្មែរ ជាពិសេសការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយ។ អ្នក​ជំនាញទស្សនវិជ្ជារូបនេះ សង្ឃឹមថាគ្រប់២៥រាជធានី-ខេត្ត នឹងអនុវត្តវិធានការនេះ ដើម្បី​ឈា​នដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រួមទាំងបញ្ហាផ្សេងៗដែលបង្កដោយ​ការសេព​គ្រឿងស្រវឹង។ 
 
ចំណែកផ្ទាំងប៉ាណូស្រាបៀរដែលរុះរើ និងទម្លាក់ចេញ តើគួរជំនួសដោយផ្ទាំងអ្វី? ទាំង​លោក​ ឈត ប៊ុនថង និងលោក​ ប៉ា ច័ន្ទរឿន សុទ្ធតែយល់ថាខេត្តនីមួយៗ គួរតែដាក់សារ​អប់រំទាំងពុទ្ធចក្រ និងអាណាចក្រ ឬគោលនយោបាយអភិវឌ្ឍន៍ជាតិជាដើម។ ការណ៍នេះ នឹងជួយពង្រឹង និងពង្រីកចំណេះដឹងរបស់ប្រជាពលរដ្ឋបន្ថែមទៀត។ 
 
សកម្មភាពរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅស្រុក​បាណន់ខេត្ត​បាត់ដំបង។

ដើម្បីរៀបចំសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់​មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈគ្រប់កន្លែង ប្រមុខ​រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផល​គ្រឿងស្រវឹង កាលពីចុងខែមេសា ឆ្នាំ២០២៤ផងដែរ។ ក្រុមការងារនេះ មានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន និងរដ្ឋមន្ត្រីសុខាភិបាល, រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រីឧស្សាហកម្ម ជាអនុប្រធាន។
 
អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៨ កក្កដា លោក ស សុខា បានណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យសើរើឡើងវិញ  ឯកសារ​ព្រមព្រៀងជាមួយក្រុមហ៊ុនផលិតគ្រឿងស្រវឹង ពាក់ព័ន្ធនឹងការផ្សា​យស្លាកពាណិជ្ជ​កម្ម។ បើតាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ការឈានទៅបញ្ចប់ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹងតាមទីសាធារណៈ ដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចណ៍ដែលបង្កដោយគ្រឿងស្រវឹង៕

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ