អ្នកគាំទ្រ Barcelona រៃលុយគ្នាលើ TikTok ឱ្យក្លិបទិញ Williams
- ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:៣៩ នាទី ល្ងាច

អ្នកគាំទ្រ Barcelona ចាប់ផ្តើមយុទ្ធនាការបរិច្ចាគប្រាក់នៅលើបណ្តាញសង្គម TikTok ផ្លូវការរបស់ក្លិប ដើម្បីគាំទ្រដល់ក្រុមរបស់ពួកគេទិញយកខ្សែប្រយុទ្ធ Nico Williams ពី Athletic Bilbao។

Williams សមាជិកក្រុម Athletic Bilbao បានក្លាយជាគោលដៅសម្រាប់ក្លិបកំពូលៗនៅអឺរ៉ុប បន្ទាប់ពីរូបគេបង្ហាញទម្រង់លេចធ្លោ ដោយជួយក្រុមជម្រើសជាតិអេស្ប៉ាញក្លាយជាជើងឯក UEFA Euro 2024 ជាមួយជ័យជម្នះទាំង៧ប្រកួត។
ខ្សែប្រយុទ្ធ វ័យ២២ឆ្នាំ ក៏បានរួមចំណែករកបានគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ២-១ របស់អេស្ប៉ាញ លើអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងក្រុមរហស្សនាមគោជល់ Williams ជាដៃគូដ៏អស្ចារ្យជាមួយខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Barcelona។ Williams និង Yamal ជាប់ជាកីឡាករវ័យក្មេងល្អបំផុតនៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនៅអាល្លឺម៉ង់។
ដោយសារមើលឃើញពីការសហការគ្នាយ៉ាងល្អនៅក្រុមជម្រើសជាតិ បានធ្វើឱ្យអ្នកគាំទ្រក្រុមរហស្សនាមអ្នកមានបុណ្យអន្ទះសារចង់បាន Williams ពី Athletic Bilbao ទៅចាប់ដៃគូជាមួយ Yamal។
ដោយដឹងថាក្លិប Barcelona មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនៅរយៈពេលចុងក្រោយនេះ ក្រុមអ្នកគាំទ្របានធ្វើមូលនិធិប្រមូលប្រាក់ដើម្បីគាំទ្រក្រុមខ្លួនទិញ Williams នៅលើ Tik Tok។
«ទិញ Williams។ ១០០ ភាគរយ យើងត្រូវការ Williams»។ នេះជាមតិរបស់អ្នកគាំទ្រ ជាមួយការរៃលុយជាសញ្ញានៅលើវីដេអូ TikTok ដែលក្លិប Barcelona បានបង្ហោះ។
យោងតាម Transfermarkt តម្លៃទីផ្សារបច្ចុប្បន្នលើការផ្ទេ Williams ប្រមាណ ៧៦លានដុល្លារ ខណៈសារព័ត៌មានអេស្ប៉ាញមួយចំនួនផ្សាយថាក្លិប Athletic កំណត់តម្លៃទីផ្សារ ត្រឹម៥៨លានដុល្លារ។
ទោះបីអ្នកគាំទ្រមានឆន្ទៈជួយ Barca ក៏ដោយ ប៉ុន្តែការបរិច្ចាគដែលមានត្រឹមជាសញ្ញាឮនៅលើ TikTok មិនមានប្រយោជន៍ច្រើនសម្រាប់ក្លិបនោះទេ ដោយសារពួកគេរៃគ្នាចន្លោះពី ៥ សេន ទៅ១ដុល្លារប៉ុណ្ណោះ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ