អ្នកស្រាវជ្រាវបន្តរុករកស្លាកស្នាមចង្រ្កានស្លដែកនៅសម័យអង្គរ
  • ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:១៩ នាទី យប់
អ្នកស្រាវជ្រាវបន្តរុករកស្លាកស្នាមចង្រ្កានស្លដែកនៅសម័យអង្គរ
ការដ្ឋានកំណាយ។ រូបភាព៖ ក្រុមការងារកំណាយ

សៀមរាប៖ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បន្តធ្វើធ្វើកំណាយស្រាវជ្រាវនៅទីទួលមួយកន្លែង ដែលតាមការសន្និដ្ឋាន ជាតំបន់ឡស្លដែកដ៏សំខាន់ក្នុងសម័យអង្គរ។
TTN-Free-Banner-In-Article-PC
 
បុរាណវិទូ លោក សួម សុភា បានឱ្យដឹងថា កំណាយនៅក្នុងខែ កក្កដានេះ ក្រុមការងារលោក ចង់បន្តសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមពីរចនាសម្ព័ន្ធឡស្លដែក ឧស្សាហកម្មស្លដែកសម័យអង្គរ ពិសេសរូបរាងនៃចង្រ្កានស្លដែកនាពេលនោះ។ អ្នកស្រាវជ្រាវរូបនេះបន្តថា កន្លងមកក្រុមការងារស្រាវជ្រាវ​នៃអាជ្ញាធរជាតិអប្សរា បានរកឃើញកន្លែងឧស្សាហកម្មស្លដែកនេះយូរឆ្នាំហើយ នៅតំបន់ភ្នំបូក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ដោយបច្ចុប្បន្នដូរមកក្រុង រុនតាឯក ។ តំបន់នេះ មានទីតាំងឡស្លដែកចំនួន២ដែលធ្លាប់សិក្សា ទី១នៅភូមិសាលាក្រវ៉ាន់ និងទី២ ភូមិស្រែចង្ហូត ដែលកំពុងធ្វើកំណាយនេះ។ 
 
គោលបំណងសំខាន់នៃការធ្វើកំណាយនៅស្ថានីយស្លដែកភ្នំបូកនេះ ដើម្បីស្វែងយល់អំពី​ឧស្សាហកម្មស្លដែក ឬការផលិតដែកនៅសម័យអង្គរ។ កន្លងមក មិនមានការសិក្សាស៊ីជម្រៅនៅឡើយ ពីឡស្លដែកក្នុងបរិវេណអតីតរាជធានីអង្គរ ដែលការស្រាវជ្រាវផ្នែកនេះកន្លងមក ផ្តោតនៅតំបន់ខាងជើង ដូចជាខេត្តកំពង់ធំ និងខេត្តព្រះវិហារតែប៉ុណ្ណោះ។  
 
ស្ថានីយស្លដែកបុរាណនៅភូមិស្រែចង្ហូត ឃុំរុនតាឯក ក្រុងរុនតាឯក។ រូបភាព៖ ក្រុមការងារកំណាយ

ការស្រាវជ្រាវពេលនេះ មិនត្រឹមតែបន្តស្វែងរកតឹកតែងថ្មីៗបន្ថែមពីឧស្សាហកម្មស្លដែកសម័យអង្គរ ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ គម្រោងនេះមានការចូលរួមពីសិស្ស សាលាវិទ្យាល័យបាគង ថ្នាក់ទី១០ ចំនួន២០នាក់ និងសិស្សមកពីសាលាឯកជន៤នាក់ ដែលជាផ្នែមួយនៃកម្មសិក្សា និងការបណ្ដុះធនធានអ្នកស្រាវជ្រាវជំនាន់ក្រោយ។ នេះជាការបញ្ជាក់ពីលោក សួម សុភា។
 
​ចំពោះការធ្វើកំណាយស្រាវជ្រាវលើកនេះ ក្រុមអ្នកបុរាណវិទ្យាបានបើករណ្ដៅកំណាយទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ និងបានប្រទះឃើញកម្ទេចរ៉ែកដែក ដែលគេយកមកប្រើសម្រាប់ស្ល រួមទាំងបំណែកអាចម៍ដែកមួយចំនួនទៀត។ បំណែកទាំងនោះស្ថិតនៅរណ្ដៅដីជម្រៅពី២០ទៅ៣០ស.ម ខណៈរណ្ដៅកំណាយជីកក្នុងជម្រៅប្រមាណ ៥០ស.ម។
 
ការដ្ឋានកំណាយ។ រូបភាព៖ ក្រុមការងារកំណាយ

ដោយយោងលើកុលាលភាជន៍ដែលរកឃើញ និងប្រាសាទលាក់នាង ដែលនៅក្បែរនោះ គេអាចដឹងបានថា ស្ថានីយស្លដែកភ្នំបូក ស្ថិតនៅក្នុងសម័យអង្គរ ចន្លោះសតវត្សទី១០ និងទី១១។ បុរាណវិទូ សួម សុភា ពន្យល់ថា ស្ថានីយភូមិស្រែចង្ហូតនេះ មិនទាន់រកឃើញរូបរាងចង្រ្កានស្លដែកច្បាស់ទេ ដោយសារទីតាំងនេះ មានដើមឈើធំដុះពីលើ ធ្វើឱ្យឫសឈើទាំងនោះចាក់ចូលដីធ្វើឱ្យបាត់ស្លាកស្នាមនៃចង្រ្កាននោះ។ 
 
ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា យល់ថា ឧស្សាហកម្មស្លដែកសម័យអង្គរ គឺជាវិស័យយ៉ាងសំខាន់មួយ ដែលបានផលិតដែកធ្វើជាឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំងបម្រើការឱ្យវិស័យស្ថាបត្យកម្មជាដើម ដែលជួយឱ្យចក្រភពខ្មែរសម័យនោះ មានការរីកចម្រើន និងជឿនលឿន និងមានអំណាចខ្លាំង រហូតឡើងដល់កំពូលក្លាយជាចក្រភពមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍៕

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី (Isa Rohany)