ចិន៖ លោក ស៊ី បញ្ជាឱ្យសង្រ្គោះអ្នកបាត់ខ្លួន ក្រោយ១១នាក់ស្លាប់ក្នុងហេតុការណ៍បាក់ស្ពាន
  • ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៤:០៩ នាទី រសៀល
ចិន៖ លោក ស៊ី បញ្ជាឱ្យសង្រ្គោះអ្នកបាត់ខ្លួន ក្រោយ១១នាក់ស្លាប់ក្នុងហេតុការណ៍បាក់ស្ពាន

ការបាក់ស្ពានដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងចិន បានសម្លាប់មនុស្ស១១នាក់ និងបាត់ខ្លួនជាង៣០នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃទី២០ ខែកក្កដា។ ប្រធានាធិបតីចិន ស៊ី ជិនភីង ក៏បានបញ្ជាឱ្យអាជ្ញាធរស្វែងរកអ្នកបាត់ខ្លួនផងដែរ។
TTN-Free-Banner-In-Article-PC
 
ទីភ្នាក់ងារព័ត៌មានចិន Xinhua រាយការណ៍ថា ស្ពានឆ្លងកាត់ទន្លេមួយនៅក្នុងក្រុង Shanlou នៃខេត្ត សានស៊ី បានបាក់នៅម៉ោងប្រហែល៨ និង៤០នាទី ថ្ងៃទី១៩ ខែកក្កដាដោយសារតែមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យមានទឹកជំនន់ភ្លាមៗ។ 
 
ចំណែកទូរទស្សន៍រដ្ឋ CCTV ផ្សាយថា យានយន្តប្រមាណ២០គ្រឿង និងមនុស្សច្រើនជាង៣០នាក់ បានបាត់ខ្លួននៅឡើយក្នុងការបាក់ស្ពានចូលទន្លេនេះ។ សាកសពមនុស្ស១១នាក់ ត្រូវបានស្រង់ចេញពីឡាន៥គ្រឿង។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែល ប្រធានាធិបតី ស៊ី ជិនភីង បានបញ្ជាឱ្យអាជ្ញាធរជួយសង្រ្គោះសរុបដើម្បីស្វែងរកអ្នកបាត់ខ្លួន។
 
សូមបញ្ជាក់ថា ខេត្តប៉ែកខាងជើង និងកណ្ដាលរបស់ចិន រងគ្រោះដោយទឹកភ្លៀងតាំងពីដើមសប្ដាហ៍មក ជាមួយការខូចខាតត្រូវបានរាយការណ៍ជាបន្តបន្ទាប់។ នៅថ្ងៃទី១៩ ដូចគ្នា មនុស្សយ៉ាងតិច៥នាក់បានស្លាប់ និង៨នាក់បាត់ខ្លួនក្នុងទីក្រុង Baoji ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការបាក់ដី។
 
ខេត្តកាន់ស៊ូ និងហឺណានដែលនៅភាគកណ្ដាល សុទ្ធតែទទួលកម្រិតទឹកភ្លៀងខ្ពស់។​ បើតាមទូរទស្សន៍ CCTV នៅទីក្រុង Nanyang ក្នុងខេត្ត Henan កម្រិតទឹកភ្លៀងមួយឆ្នាំ ធ្លាក់មកក្នុងពេល១សប្ដាហ៍ប៉ុណ្ណោះ៕
 

អ្នកសរសេរអត្ថបទ

តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តន ចាន់​រិ​ទ្ធា​រ៉ា