អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ស្នើឱ្យបណ្ដាញសារព័ត៌មាន ផ្សាយពីទេសចរណ៍ឱ្យបានត្រឹមត្រូវ
- ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៥:២៤ នាទី ល្ងាច

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។
ភ្នំពេញ៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បដិសេធនឹងព័ត៌មាន ដែលចេញផ្សាយថា កម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្ម លើភ្ញៀវទេសចរ។ ការផ្សាយបែបនេះ លោកចាត់ទុកជាការញុះញង់។
សារព័ត៌មាននៅក្រៅស្រុកមួយ បានចេញផ្សាយព័ត៌មាន ដោយស្រង់សម្តីមន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ ថា កម្ពុជា កំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ អមជាមួយរូបភាពនៅតំបន់អង្គរផងដែរ។ ករណីនេះ ធ្វើឱ្យលោក ឡុង កុសល ទើសចិត្តជាខ្លាំង ហើយចាត់ទុកជាចេតនាទុច្ចរិតធ្វើឱ្យខូចសណ្ដាប់ធ្នាប់ និងបំពុលសង្គម ជាពិសេសធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងវិស័យទេសចរណ៍ទាំងមូលផងដែរ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី២០កក្កដា លោក កុសល បានស្រាយបំភ្លឺបែបនេះ៖ «ខេត្តសៀមរាបជាទីសុខសុវត្ថិភាព ហើយតំបន់អង្គរមាន៤ស្ថាប័នការពារ មានអាជ្ញាធរជាតិអប្សរា នគរបាលទេសចរ នគរបាលការពារព្រៃអង្គរ ក្រុមការងារគ្រឹះស្ថានអង្គរ បានរួមគ្នាការពារសន្តិសសុខ សណ្ដាប់ធ្លាប់ ដល់ភ្ញៀវ»។
បើតាមលោក កុលស មន្ត្រីអាជ្ញាធរទាំងអស់ ទទួលបានការបណ្ដុះបណ្ដាលពីការសង្គ្រោះបឋម សម្រាប់ជួយដល់ភ្ញៀវទេសចរផងដែរ។ មិនតែប៉ុណ្ណោះ រាល់សម្ភារៈភ្ញៀវទេសចរ ដែលបានបាត់ ហើយត្រូវបានរកឃើញវិញនោះ គឺក្រុមការងារតែងតែប្រកាសឱ្យម្ចាស់ទ្រព្យ ទៅទទួលយកវិញទៀតផង។
លោក កុសល អំពាវនាវដូច្នេះ៖ «សារព័ត៌មាននៅពេលចេញផ្សាយគួរមានការទទួលខុសត្រូវ ប្រភពព័ត៌មានឱ្យច្បាស់ មានវីជ្ជាជីវៈ ពិសេសកុំមានចរិតញុះញង់ និងបង្កចលាចលក្នុងសង្គម»។
ពាក់ព័ន្ធឹនឹងវិស័យទេសចរណ៍នេះ ប្រមុខរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសខេត្តសៀមរាប ដោយនាយករដ្ឋមន្ត្រីបានចុះទៅសង្កេតផ្ទាល់តាមផ្សារផងដែរ។ ក្រោយសង្កេតហើយ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យដោះស្រាយបញ្ហាភ្លាមៗ ពាក់ព័ន្ធនឹងការរៀបចំបដិសណ្ឋារកិច្ចទទួលភ្ញៀវ ការដូរប្រាក់ដុល្លារ និងកែនីតិវិធីចេញចូលកម្ពុជាជាដើម៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ