អូឡាំពិក៖ អត្តពលិក ឈុន ប៊ុនថន ប្រកួតវិញ្ញាសា៨០០ម៉ែត្រនៅ Stade de France នាល្ងាចនេះ
  • ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ២:១៩ នាទី រសៀល
អូឡាំពិក៖ អត្តពលិក ឈុន ប៊ុនថន ប្រកួតវិញ្ញាសា៨០០ម៉ែត្រនៅ Stade de France នាល្ងាចនេះ
រូបភាព៖-Chhun-Bunthorn

ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន ជាអត្តពលិក​ចុងក្រោយ​របស់កម្ពុជា ដែលត្រូវប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក​ក្រុងប៉ារីស។ អត្តពលិកឆ្នើម​លើវិញ្ញាសារត់ប្រណាំង​ចម្ងាយ​៨០០ម៉ែត្ររបស់កម្ពុជារូបនេះ ត្រូវប្រជែងជាមួយអត្តពលិក៥២​រូបផ្សេងទៀត នៅកីឡដ្ឋាន Stade de France ដែលចាប់ផ្តើមពីម៉ោង៤ និង​៥៥នាទី (ម៉ោងនៅកម្ពុជា) នាល្ងាចថ្ងៃទី​៧ ខែសីហា នេះ។
TTN-Free-Banner-In-Article-PC
 

អត្តពលិក៥៣នាក់ ត្រូវប្រកួតប្រជែងគ្នា តាមរយៈការបែងចែកជា ៦ក្រុម (Heat) ដោយក្នុង Heat នីមួយៗ មានកីឡាករ៩នាក់។ ឈុន ប៊ុនថន ស្ថិតក្នុង Heat 5 ជាមួយកីឡាករមកពី បារាំង, អង់គ្លេស, អាហ្វ្រិកខាងត្បូង, កេនយ៉ា, ប៉ូឡូញ, ហ្សាម៉ៃអ៊ីក, វេណេស៊ុយអេឡា និងន័រវេស។
 
អ្វីដែលគួរឱ្យកត់សម្គាល់នោះ Heat 5 មានកីឡាករកំពូលៗលំដាប់ពិភពលោក ចំនួន២នាក់ រួមមាន កីឡាករអង់គ្លេស Ben Pattison លំដាប់លេខ៥ និងកីឡាករកេនយ៉ា Wyclife Kinyamal លំដាប់លេខ៦។ កីឡាករកេនយ៉ា Emmanuel Wanyonyi លំដាប់លេខ១ពិភពលោក ស្ថិតក្នុង Heat 3 រីឯកីឡាករកាណាដា Marco Arop លេខ២ពិភពលោក ស្ថិតក្នុង Heat 1។ 
 
ក្នុងវិញ្ញាសារត់ប្រណាំងចម្ងាយ៨០០ម៉ែត្រនេះ អត្តពលិក៣រូបដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អជាងគេតាម Heat នីមួយបានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈចំណាត់ថ្នាក់បន្តបន្ទាប់ ត្រូវបន្តទៅវគ្គជម្រុះ។ ដោយឡែក អត្តពលិកដែលមិនបានបញ្ចប់ទី ឬ មិនបានចាប់ផ្តើម និងហេតុផលផ្សេង ត្រូវបញ្ចប់ត្រឹមវគ្គបែងចែកក្រុម Heat ប៉ុណ្ណោះ។
 
កម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកដំបូងនៅឆ្នាំ១៩៥៦ នាក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ហើយចាប់ផ្តើមប្រកួតក្នុងប្រភេទ កីឡាអត្តពលកម្មនៅឆ្នាំ១៩៧២ នាក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ 
 
ចំណែកវិញ្ញាសារត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ កម្ពុជាមានប្រវត្តិប្រកួតប្រជែង តែមួយលើកប៉ុណ្ណោះ គឺកាលពីឆ្នាំ២០១២ នាកីឡាអូឡាំពិកក្រុងឡុងដ៍ ដោយនៅកាលណោះ កីឡាករ គៀង សាម៉ន សម្រេចបានក្នុងថិរវេលា ១:៥៥.២៦។
 
ឈុន ប៊ុនថង ដែលជាអ្នកកាន់ទង់​កម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤នេះ គឺជាម្ចាស់កំណត់ត្រា​ថ្នាក់ជាតិ​របស់កម្ពុជា និងជាម្ចាស់​ប្រវត្តិសាស្ត្រ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ចម្ងាយ​៨០០ម៉ែត្រ។
 
កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ឆ្នាំ២០២៣ ប៊ុនថន បាន​ជាប់ចំណាត់ថ្នាក់​លេខ១ ក្នុង Heat នាការប្រកួតវគ្គ​ដំបូងជាមួយនឹងថិរវេលា ១:៥២.១៧។ នៅវគ្គ​ផ្តាច់ព្រ័ត្រ ប៊ុនថន បាន​សាងប្រវត្តិសាស្ត្រ​សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម​លើកដំបូង​បំផុត ដោយទទួលបានមេដាយមាសក្នុង​ថិរវេលា​ ១:៥២.៩១។
 
នាការប្រកួត​កីឡាអត្តពលកម្មជើងឯកអាស៊ី (Asian Athletics Championship) ឆ្នាំ២០២៣ នៅក្រុងបាងកក ប្រទេសថៃ ប៊ុនថន បាន​ក្លាយជាម្ចាស់កំណត់ត្រា​ថ្នាក់ជាតិ​របស់កម្ពុជា សម្រាប់វិញ្ញាសារត់ចម្ងាយ​៨០០ម៉ែត្រ​ជាមួយនឹង​ថិរវេលា ១:៥០.០៩ ។
 
កីឡាករកេនយ៉ា David Rudisha គឺជាម្ចាស់កំណត់ត្រាទាំងអូឡាំពិក និងពិភពលោក ជាមួយនឹងថិរវេលា ១:៤០.៩១ ដែលកីឡាកររូបនេះសម្រេច បានកាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងឡុងដ៍៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម