អ្នកនយោបាយគ្រប់និន្នាការនៅបារាំង ចាត់ទុកតារាភាពយន្ត អាឡាំង ដឺឡុង ជាវីរបុរស
- ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១១:៤៩ នាទី ព្រឹក

លោក អាឡាំង ដឺឡុង នាមហោស្រពភាពយន្តក្រុងកាន កាលពីឆ្នាំ២០១៩។ រូបថត AFP
អ្នកនយោបាយគ្រប់និន្នការនៅបារាំង ទាំងស្តាំនិយម ស្តាំនិយមជ្រុល រួមទាំងឆ្វេងនិយម សុទ្ធតែបង្ហាញពីការសោកស្តាយចំពោះមរណភាពតារាភាពយន្តដ៏ល្បីល្បាញ លោក អាឡាំង ដឺឡុង (Alain Delon) ក្នុងអាយុ៨៨ឆ្នាំ កាលពីថ្ងៃទី១៨ ខែសីហា។

អំពីលោក អាឡាំង ដឺលុច លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង ចាត់ទុកដូចជា «វិមានបារាំង» រីឯមេដឹកនាំស្តាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺប៉ែន ថា ជា «វីរបុរស» ខណៈមេដឹកនាំបក្សសាធារណរដ្ឋ លោក Eric Ciotti លើកកម្កើងថា ជា «បុរសបារាំងដ៏មហិមាមួយរូប»។
«លន្លង់លន្លោច ប្រជាប្រិយ និងភាពសម្ងាត់ គាត់មិនមែនត្រឹមតែជាតារាភាពយន្តម្នាក់នោះឡើយ ពោលគឺដូចជាវិមានបារាំង»។ លោក ម៉ាក្រុងបានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គម X របស់ខ្លួន ដោយរំលឹកពីភាពប៉ិនប្រសប់របស់លោក អាឡាំង ដឺលុច ក្នុងការបង្កើតក្តីសុបិនដល់ពិភពលោកទាំងមូល។
លោក អាឡាំង ដឺឡុង មានកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ នៅទូទាំងអឺរ៉ុប និងពិភពលោកទាំងមូលតាមរយៈសកម្មភាពរបស់លោកក្នុងវិស័យភាពយន្ត ជាពិសេសពីអំឡុងឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៨០។ ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ២០១៩ លោកថតកុនបានប្រមាណ១០០រឿង ហើយថែមទាំងទទួលបានពានរង្វាន់ជាច្រើនផងដែរ។
សម្រាប់លោកស្រី ម៉ារីន ឡឺប៉ែន លោក អាឡាំង ដឺឡុង បន្សល់ទុកនូវយុគសម័យមាសនៃវិស័យភាពយន្តបារាំង។ នាយករដ្ឋមន្ត្រីបារាំងដែលនឹងត្រូវចុះចេញពីតំណែង លោក Gabriel Attal ដែលនឹងត្រូវចុះពីតំណែង, អតីតនាយករដ្ឋមន្ត្រីតាំងពី លោក Raymond Barre, លោក Francois Fillon រហូតដល់អតីតប្រធានាធិបតី លោក Nicolas Sarkozy ក៏សុទ្ធតែបង្ហាញពីទស្សនៈខ្លួន ដោយគោរពចំពោះលោក អាឡាំង ដឺឡុង ផងដែរ។
បើតាមការផ្សាយរបស់ AFP មរណភាពរបស់លោក អាឡាំង ដឺឡុង ត្រូវបានប្រកាសដោយកូនទាំងបីរបស់លោក គឺ Alain Fabien, Anouchka និង Anthony។ លោកបានលាចាកលោក កាលពីយប់ចូលថ្ងៃទី១៨ ខែសីហា នៅគេហដ្ឋនរបស់ខ្លួននៅតំបន់ Douchy នៃដេប៉ាតឺម៉ង់ Loiret។
រឿងដ៏ល្បីល្បាញរបស់លោក អាឡាំង ដឺឡុង រួមមានដូចជា Plein soleil (1960), Rocco et ses frères (1960, Le Guépard (1963), Le Samouraï (1967), La Piscine (1969), L'Éclipse (1962), La Motocyclette (1968), Le Cercle rouge (1970), Monsieur Klein (1976) ជាដើម៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com