លោកស្រី Walker៖ អាម៉េរិកគឺជាដៃគូជាទីទុកចិត្តក្នុងការការការពារទ្រព្យសម្បត្តិវប្បធម៌កម្ពុជា
- ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៣:២១ នាទី រសៀល

លោកស្រី Bridgette Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា គោរពសំពះវត្ថុបុរាណកម្ពុជា។ Flickr ស្ថានទូតអាម៉េរិក
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានសាទរការវិលត្រឡប់នៃវត្ថុបុរាណចំនួន៥៦មកកម្ពុជាវិញ។ លោកស្រី Bridgette Walker ភារធារីស្ថានទូត ដែលបានចូលរួមក្នុងពិធីទទួលវត្ថុបុរាណទាំងនោះ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា បានអះអាងអំពីការប្តេជ្ញាចិត្តខ្ពស់របស់សហរដ្ឋអាម៉េរិកក្នុងការការពារទ្រព្យសម្បត្តិវប្បធម៌កម្ពុជា។

អត្ថបទទាក់ទង
«ការនាំយកវត្ថុបុរាណ ដែលត្រូវបានលួចយកចេញទៅ មកកាន់កន្លែងដើមរបស់វាវិញគឺជារឿងត្រឹមត្រូវដែលត្រូវតែធ្វើ»។ នេះជាការបញ្ជាក់របស់លោកស្រីភារធារីស្ថានទូតអាម៉េរិក ក្រោយបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាដៃគូប្រកបដោយការប្តេជ្ញាចិត្ត និងជាទីទុកចិត្តក្នុងការការការពារទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិក វត្ថុបុរាណចំនួន១៥០រូបហើយ ដែលរដ្ឋាភិបាល អាម៉េរិកបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ ដែលក្នុងនោះ រួមមានព្រះគណេស ជាដំរីព្រះក្នុងសាសនាហិណ្ឌូ និងរូបចម្លាក់ព្រះស្កន្ធគង់លើក្ងោក ជារចនាបទសតវត្សទី១០។
អនុស្សរណៈយោគយល់គ្នាផ្នែកសម្បត្តិវប្បធម៌ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវបានចុះហត្ថលេខាបន្តកាលពីខែសីហា ឆ្នាំ២០២៣ សម្រាប់រយៈពេលបន្ថែម៥ឆ្នាំទៀត។ ក្រៅពីពិធីប្រគល់វត្ថុបុរាណទាំងនេះ ភាគីអាម៉េរិក ជួយបណ្តុះបណ្តាលអ្នកជំនាញការពារបេតិកភណ្ឌសម្បត្តិវប្បធម៌ បង្ការការលួចវត្ថុបុរាណ បានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ ពីបុគ្គល និងវិចិត្រសាលឯកជន នៅទូទាំងអាម៉េរិក នូវវត្ថុបុរាណដែលត្រូវបានគេលួចយកចេញទៅ។
កិច្ចសហការគ្នាផ្នែកវប្បធម៌ រវាងប្រទេសទាំងពីរ ក៏រួមមានផងដែរនូវការវិនិយោគសរុបចំនួន៦លានដុល្លារសម្រាប់ការអភិរក្សវប្បធម៌តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងគម្រោងផ្សេងៗទៀត ដែលរួមមាន ការជួសជុលប្រាសាទភ្នំបាខែង ពីសតវត្សទី ៩ និងប្រាសាទព្រះវិហារ ជាដើម៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com