ក្រោយដាក់អង្រែកចុះបានមួយឆ្នាំ សម្តេច ហ៊ុន សែន វាយតម្លៃថា ជំនាន់ថ្មីមិនមែនជាកញ្ជើធ្លុះ
  • ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៥:១៤ នាទី ល្ងាច
ក្រោយដាក់អង្រែកចុះបានមួយឆ្នាំ សម្តេច ហ៊ុន សែន វាយតម្លៃថា ជំនាន់ថ្មីមិនមែនជាកញ្ជើធ្លុះ

រដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ឈានដល់ខួប១ឆ្នាំនាថ្ងៃទី២២ ខែសីហា នេះ។ ជារយៈពេលដូចគ្នាផងដែរ ដែលសម្តេច ហ៊ុន សែន បានដាក់អង្រែកចុះពីការងារនីតិប្រតិបត្តិដែលសម្តេចបានបំពេញជាង៤៤ឆ្នាំ។ បច្ចុប្បន្នក្នុងតួនាទីជាប្រធានរដ្ឋសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចវាយតម្លៃថា អ្នកកាច់ចង្កូតនាវាថ្មី មិនមែនជាស្រីកញ្ជើធ្លុះនោះឡើយ។
TTN-Free-Banner-In-Article-PC


 «ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក», «ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ» ឬដែលអាចកែទៅជា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។ ទាំងនេះ ជាទ្រឹស្តីដែលសម្តេច ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន ដែលភ្ជាប់ទំនាក់ទំនងរវាងមេដឹកនាំជំនាន់ថ្មី និងមេដឹកនាំជំនាន់មុន។

ចំថ្ងៃខួប១ឆ្នាំនៃការចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជារបស់មេដឹកនាំជំនាន់ថ្មី ជាមួយនឹងការចាកចេញរបស់មេដឹកនាំដែលមានអាយុពីជិត៧០ឆ្នាំទៅជាង៨០ឆ្នាំ សម្តេច ហ៊ុន សែន ដែលកាន់តំណែងជាប្រមុខរដ្ឋាភិបាលជាង៣៨ឆ្នាំ មើលឃើញថា ជំនាន់ថ្មីបានដឹកនាំយ៉ាងស្វាហាប់ និងមានការទទួលខុសត្រូវ។

ការវាយតម្លៃរបស់សម្តេច ហ៊ុន សែន គឺផ្តោតទៅលើចំណុចគន្លឹះដ៏គួរឱ្យកត់សម្គាល់៤ចំណុច ក្នុងនោះ មាន ការរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម, ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល, ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាក។

ចំណុចសំខាន់ ដែលសម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់នោះ គឺការរក្សាប្រាក់ចំណូលជាតិបានល្អពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តដែលមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

«បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ»។ ប្រធានព្រឹទ្ធសភា បានមើលឃើញយ៉ាងដូច្នេះ ដោយបន្ថែមថា សម្តេច និងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឱ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ។

សម្តេចបានបន្ថែមថា ក្រោយដាក់អង្រែកចុះ សម្តេចមានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ ហើយកិច្ចការសព្វថ្ងៃនៅប្រមាណ៥០ភាគរយ ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ សម្តេចក៏ឆ្លៀតសរសេរបែបចំអកទៅកាន់មនុស្សមួយក្រុមថា៖ «ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូត»៕



អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម