ក្រសួង​សេដ្ឋកិច្ច ពិនិត្យ​ឡើង​វិញនៃចំណាយ​សាធារណៈ មុនឈានដល់ការកាត់សន្សំ ឬបង្វែរចំណាយ​
  • ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ក្រសួង​សេដ្ឋកិច្ច ពិនិត្យ​ឡើង​វិញនៃចំណាយ​សាធារណៈ មុនឈានដល់ការកាត់សន្សំ ឬបង្វែរចំណាយ​
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដើម្បី​ធានាប្រសិទ្ធភាព​ ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព​នៃការគ្រប់គ្រង​ហិរញ្ញ​វត្ថុសាធារណៈ ​លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ចេញ​ប្រកាសស្តីពីការដាក់ឱ្យអនុវត្តការពិនិត្យ​ឡើង​វិញនៃចំណាយសាធារណៈ។ ប្រកាសនេះ មាន​វិសាលភាពអនុវត្តចំពោះក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល មន្ទីរជំនាញរាជធានី ខេត្ត ក្រោមចំណុះក្រសួង ស្ថាប័ន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។
TTN-Free-Banner-In-Article-PC
 
ការពិនិត្យ​ឡើង​វិញ​នៃចំណាយ​សាធារណៈ សំដៅដល់ដំណើរការនៃការវាយតម្លៃលម្អិតលើចំណាយសាធារណៈដែលបាន និងកំពុងអនុវត្ត។ ការធ្វើបែបនេះ គឺ ដើម្បីឈានដល់ការកាត់បន្ថយ ឬបង្វែរចំណាយពីចំណាយដែលមានអាទិភាពទាប និងមិនមានប្រសិទ្ធភាព​ ទៅជា​ចំណាយដែលមានអាទិភាព ឬប្រសិទ្ធភាពខ្ពស់ជាង។
 
ប្រការ៤ នៃប្រកាសកាលពីថ្ងៃទី៣ ខែកក្កដា បង្ហាញថា ការពិនិត្យឡើងវិញនៃចំណាយសាធារណៈ គឺជាឧបករណ៍ដែលផ្តល់នូវភាពបត់បែនដើម្បីសម្រេចគោលបំណងមួយចំនួន​ទៀត​ ដូចជា ការបង្កើតលំហថវិកា ដើម្បីឆ្លើយតបទៅតម្រូវការចំណាយនៃអាទិភាពគោលនយោបាយថ្មី ។ ឬដើម្បីឆ្លើយតបទៅនឹងសម្ពាធថវិកាដែលកំពុងកើតមាន រួម​ទាំង​ការសម្រេចឱ្យបាននូវតម្លៃនៃលុយប្រសើរជាងមុន។
 
វិធីសាស្ត្រនៃការពិនិត្យឡើងវិញនៃចំណាយសាធារណៈ មានទាំងវិធីសាស្ត្របែបពេញលេញទៅលើចំណាយមួយផ្នែកធំរបស់រាជរដ្ឋាភិបាល និង​បែបជ្រើសរើសដែលកំណត់ជាមុននូវប្រធានបទ កម្មវិធី ឬមុខសញ្ញា ចំណាយ ដើម្បីធ្វើការពិនិត្យឡើងវិញ។ 
 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នក​ជ្រើសរើសប្រធានបទ និងគោលបំណងសម្រាប់ការពិនិត្យ ឡើងវិញនៃចំណាយសាធារណៈតាមការសម្រេចដោយផ្ទាល់ ឬតាមរយៈការស្នើសុំរបស់អគ្គនាយកដ្ឋានថវិកា។ ប្រធានបទដែលទទួលបានការសម្រេច ក្រុមការងារពិនិត្យឡើងវិញនៃចំណាយ សាធារណៈនឹងត្រូវបង្កើតឡើងតាមរយៈសេចក្តីសម្រេចអន្តរក្រសួង។ ក្រោយបានលទ្ធផល​ពីការសិក្សាវិភាគ ក្រុមការងារពិនិត្យឡើងវិញនៃចំណាយសាធារណៈ ត្រូវផ្តល់ជម្រើសអនុសាសន៍សម្រាប់ការសន្សំ ឬ បង្វែរចំណាយស្របតាមអាទិភាពចំពោះមុខ ដោយគិតពីបច្ច័យក្នុងរយៈពេលមធ្យម និងវែង។
 
តាមប្រការ១០ ការធ្វើសេចក្តីសម្រេចលើលទ្ធផលនៃការពិនិត្យឡើងវិញនៃចំណាយសាធារណៈ និងជម្រើស សម្រាប់កាត់សន្សំ ឬបង្វែរចំណាយ ត្រូវធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដោយមានការឯកភាពពីក្រសួង ស្ថាប័ន សាមី វៀរលែងតែការឯកភាពនោះ មិនអាចសម្រេចបាននៅកម្រិតក្រសួង ស្ថាប័ន ទើបមាន ការស្នើសុំដំណោះស្រាយបន្តពីប្រមុខរាជរដ្ឋាភិបាលតាមការចាំបាច់៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម