ថ្នាល verify.gov.kh ក្នុងការលុបបំបាត់ការក្លែងឯកសារសាធារណៈ និងបង្កើនជំនឿទុកចិត្តដល់ពលរដ្ឋ
  • ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៣:៥៨ នាទី រសៀល
ថ្នាល verify.gov.kh ក្នុងការលុបបំបាត់ការក្លែងឯកសារសាធារណៈ និងបង្កើនជំនឿទុកចិត្តដល់ពលរដ្ឋ
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកញ្ញា បានសរសេរលិខិតទៅកាន់ថ្នាក់ដឹកនាំជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន និងបណ្តាអភិបាលរាជធានី-ខេត្ត លើករណីដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្តល់សេវាសាធារណៈ។
TTN-Free-Banner-In-Article-PC


ក្នុងលិខិតរបស់ខ្លួន លោក វង្សី វិស្សុត បញ្ជាក់អំពីគោលការណ៍ដែលរដ្ឋាភិបាលបានសម្រេចចំពោះការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្តល់សេវាសាធារណៈ សម្រាប់ផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារដែលមានដាក់បញ្ចូលនូវ ឃ្យូ.អ.កូដ. (QR Code) ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ការក្លែងឯកសារសាធារណៈ បង្កើនជំនឿទុកចិត្តនិងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការធ្វើ បរិវត្តកម្មឌីជីថលសេវាសាធារណៈ។

«គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ អាចសហការជាមួយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរៀបចំអនុវត្តផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះក្នុងការផ្តល់សេវា សាធារណៈរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព»។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ដោយណែនាំឱ្យមានការអនុវត្តតាមដំណាក់កាល និងចាត់ចែងការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារខ្លួនស្របតាមនីតិវិធីច្បាប់។

អភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល verify.gov.kh ត្រូវបានរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ផ្លូវការ តាមអនុក្រឹត្យចុះកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ។ បណ្តាក្រសួង ស្ថាប័ន សហការជាបន្តបន្ទាប់ក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ ប៉ុន្តែក្រសួងស្ថាប័នមួយចំនួនទៀត មិនទាន់អនុវត្តនោះឡើយ។

«ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវផ្តល់ជំនួយបច្ចេកទេស ក្នុងករណីចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់»។ នេះជាការបញ្ជាក់របស់លោក វង្សី វិសុទ្ធ ដោយបញ្ជាក់ថា ការសម្រេចជាគោលការណ៍នេះ ធ្វើឡើងដោយតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥ ខែមីនា រួមទាំងការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម