កម្ពុជាឈ្នះពាន២ «គោលដៅវប្បធម៌ និងយុវជន» ប្រចាំអាស៊ីពី World Travel Awards™ ៣ឆ្នាំជាប់គ្នា
- ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១១:២៩ នាទី ព្រឹក

កម្ពុជា ក្លាយជាម្ចាស់ជ័យលាភី៣ឆ្នាំជាប់គ្នានូវពានរង្វាន់ចំនួន២របស់ World Travel Awards ទាំងជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) និងជាគោលដៅទេស ចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)។ នៅឆ្នាំ២០២៤នេះ ឈ្មោះជ័យលាភីទាំងអស់ត្រូវបានប្រកាសក្នុងកម្មវិធី នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី៣ ខែកញ្ញា។

បង្កើតឡើងនៅឆ្នាំ១៩៩៣ World Travel Awards™ ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្លាយជាស្ថាប័នដែលទទួលស្គាល់ និងផ្តល់ជ័យលាភីសម្រាប់ឧស្សាហកម្មទេសចរណ៍ ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច ទូទាំងពិភពលោក។
នេះជាការប្រកាសជ័យលាភីប្រចាំលើកទី៣១របស់ World Travel Awards ដោយមានការបែងចែកជ័យលាភីជាច្រើនផ្នែកក្នុងតំបន់នីមួយៗ រួមមានតំបន់អាស៊ី អាហ្វ្រិក ការ៉ាអ៊ីប អាម៉េរិកកណ្តាល អឺរ៉ុប មហាសមុទ្រឥណ្ឌា មជ្ឈឹមបូព៌ា អាម៉េរិកខាងជើង អូសេអានី និងអាមេរិកខាងត្បូង ដោយការបោះឆ្នោតតាមអនឡាញសម្រាប់តំបន់អាស៊ី បានប្រព្រឹត្តទៅពីថ្ងៃទី២ ខែមេសា ដល់ថ្ងៃទី២៨ ខែកក្កដា។
ដូចកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ កន្លងមកដែរ កម្ពុជាបានជាប់ជ័យលាភីជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) ដោយទទួលបានសំឡេងគាំទ្រច្រើនជាងឥណ្ឌា ជប៉ុន ណេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ បើគិតពីឆ្នាំ២០១៩មក វៀតណាម ឈ្នះ២លើក ថៃ១លើក និងកម្ពុជា២លើក។
សម្រាប់ជ័យលាភីជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination) កម្ពុជាទទួលបានសំឡេងគាំទ្រច្រើនជាងប្រទេសជិតខាងទាំងបី គឺឡាវ ថៃ និងវៀតណាម។ ឡាវធ្លាប់ឈ្នះ២លើក ថៃ១លើក និង២លើកចុងក្រោយ បានមកកម្ពុជា។
នៅឆ្នាំ២០២៤នេះ ខេត្តសៀមរាប ក៏បានជាប់ជាបេក្ខភាពនៃពានរង្វាន់ Asia’s Most Romantic Destination 2024 ប៉ុន្តែសៀមរាប និងកោះសាមុយរបស់ថៃ ទទួលបានសំឡេងគាំទ្រតិចជាងកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
ក្នុងក្របខណ្ឌកម្ពុជាវិញ សម្រាប់ឆ្នាំ២០២៤នេះ Avis ជាជ័យលាភីក្រុមហ៊ុនឈានរថយន្តនាំមុខគេ, សណ្ឋាគារនាំមុខគេ បានលើសណ្ឋាគារ Capri by Fraser, សណ្ឋាគារ Hotel Suite នាំមុខគេ បានលើ Presidential Suite @ Park Hyatt Siem Reap, រីសតនាំមុខគេ គឺ Raffles Grand Hotel d’Angkor, វីឡារីសតឈានមុខគេ បានលើ កោះ Song Saa Private Island រីឯភ្នាក់ងារទេសចរណ៍នាំមុខ គឺ Satguru Travel Cambodia៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com