ក្រុមធុរកិច្ចថ្មីឌីជីថល អាចដាក់ពាក្យប្រកួតយក ពានរង្វាន់ឌីជីថលកម្ពុជា ដល់ថ្ងៃទី៧ ខែវិច្ឆិកា
  • ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ២:០០ នាទី រសៀល
ក្រុមធុរកិច្ចថ្មីឌីជីថល អាចដាក់ពាក្យប្រកួតយក ពានរង្វាន់ឌីជីថលកម្ពុជា ដល់ថ្ងៃទី៧ ខែវិច្ឆិកា

ភ្នំពេញ៖ កម្មវិធី«ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤» របស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា។ កម្មវិធីលើកទី១០នេះ ធ្វើឡើងក្រោមប្រធានបទ « គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ » ។ ធុរកិច្ចថ្មីឌីជីថល(Minister Startup of the year) ដែលឈ្នះនឹងទទួលបានទឹកប្រាក់ចំនួន ១៥ ០០០ដុល្លារ ពីកម្មវិធី។
TTN-Free-Banner-In-Article-PC


កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។ សម្រាប់ពានរង្វាន់ពីកម្មវិធីនេះ គឺមានការទទួលស្គាល់ពីថ្នាក់ជាតិ ចំពោះស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល។  ការទទួលបាននូវពានរង្វាន់នេះ នឹងធ្វើឱ្យស្ថាប័ននានា ជាពិសេសធុរកិច្ចថ្មីឌីជីថល អាចមានលទ្ធភាពកាន់តែប្រសើរក្នុងការប្រកួតប្រជែងទាំងកម្រិតតំបន់ និងទាំងពិភពលោក រួមទាំងទទួលបានឱកាសវិនិយោគដ៏សម្បូរបែបថែមទៀត។

ពានរង្វាន់ឌីជីថលសម្រាប់កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះ ត្រូវបានបែងចែកជា៥ប្រភេទផ្សេងគ្នា។  ក្នុងនោះមាន ពានរង្វាន់លើស្ថាប័ន ល្អបំផុតប្រចាំឆ្នាំ (Private Sector of the year) ពានរង្វាន់លើបច្ចេកវិទ្យាជំរុញការប្រើប្រាស់ ល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the year)។ ពានរង្វាន់លើមាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Minister Startup of the year) និងពានរង្វាន់លើការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។


(កណ្តាល)លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ ថ្លែងក្នុងសន្នីសិទកាសែត ស្តីពី​ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ នៅក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី៧ ខែតុលា ។​

បើតាមលោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ ក្នុងចំណោមពានរង្វាន់ទាំង៥នៃកម្មវិធីនេះ ពានរង្វាន់រដ្ឋមន្ត្រី សម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ គឺមានទំហំទឹកប្រាក់ច្រើនជាងគេរហូតដល់ ១៥ ០០០ដុល្លារ។ បន្ទាប់មក ពានរង្វាន់លើការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ មានទំហំទឹកប្រាក់ ៧ ៥០០ដុល្លារ  ខណៈពានរង្វាន់៣ទៀត មានទំហំទឹកប្រាក់ ២ ៥០០ដុល្លារ។ ទឹកប្រាក់សម្រាប់ពានរង្វាន់នីមួយៗក្នុងឆ្នាំនេះ គឺមានទំហំធំជាងឆ្នាំសព្វដង។

លោកបានបញ្ជាក់ក្នុងសន្នីសិទសារព័ត៌មាន ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ នៅក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី៧ ខែតុលា យ៉ាងដូច្នេះ៖ « មូលហេតុដែលយើងសម្រេចផ្តល់ថវិកា១៥ ០០០ដុល្លារ ដល់ធុរកិច្ចថ្មីឌីជីថលឈ្នះពាននេះ ព្រោះតែយើងដឹងថា ក្រុមធុរកិច្ចថ្មីនោះ ត្រូវការថវិកាដើម្បីអភិវឌ្ឍន៍ ឬធ្វើឱ្យប្រសើរឡើងនូវធុរកិច្ចរបស់ខ្លួននៅក្នុងវិស័យបច្ចេកវិទ្យា ។ យើងលើកទឹកចិត្តខ្លាំងចំពោះធុរកិច្ចថ្មី ដែលមានគំនិតថ្មី លើកកម្ពស់ការយល់ដឹងវិស័យឌីជីថល ក្នុងស្រទាប់សាធារណជន ជួយកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍ជំនួញ និងរវាងប្រជាជនរស់នៅតាមខេត្ត និងទីក្រុង ដែលជាកត្តារួមចំណែក ក្នុងការអភិវឌ្ឍវិស័យឌីជីថលកម្ពុជា»។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេបំផុតនៅកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ជារៀងរាល់ឆ្នាំ មានស្ថាប័នសាធារណៈ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ប្រមាណ១០០  បានដាក់ពាក្យប្រកួតប្រជែងដណ្តើមយកពានរង្វាន់ទាំង៥ ពីកម្មវិធីនេះ។



ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ដែលចាប់អារម្មណ៍លើកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ គឺអាចពាក្យតាមតំណភ្ជាប់នេះ https://mptc.gov.kh/cda2024/ បានរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា៕

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អ៊ូ សុខមាន