«សំណេរអង្គរ»​ចុះឈ្មោះប្រកួតមានចំនួន ៣៥០នាក់ហើយ
  • ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ២:២៩ នាទី រសៀល
«សំណេរអង្គរ»​ចុះឈ្មោះប្រកួតមានចំនួន ៣៥០នាក់ហើយ

 គិតត្រឹមថ្ងៃអាទិត្យ ទី២០ ខែតុលា មានបេក្ខជន​ចុះឈ្មោះចូលរួមប្រកួតកម្មវិធី​សរសេរ​តាម​អាន​​ជាសាធារណៈ «សំណេរអង្គរ» ចំនួន៣៥០នាក់។ ​បើតាម​ គណៈកម្មការ​រៀបចំ​ព្រឹត្តិ​ការណ៍​ «សំណេរអង្គរ»បេក្ខជនដែលបានចុះឈ្មោះ​ចូលរួម​អាយុ​តិចជាងគេ គឺ​មាន​អាយុ​៦​ឆ្នាំ ជាអ្នករាជធានីភ្នំពេញ និង​អ្នក​មាន​អាយុច្រើនជាងគេ គឺ​វ័យ៧២ឆ្នាំ ជាអ្នកខេត្ត​សៀម​រាប។
TTN-Free-Banner-In-Article-PC
 
ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» រដូវកាលទី២ នឹងរៀបចំឡើង​នៅ​​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០២៥ នៅ​ទីតាំងដដែល គឺស្ពានហាលខាងលិចនៃប្រាសាទ​អង្គរ​វត្ត​ ក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ នឹងទទួលបេក្ខជនចុះឈ្មោះយ៉ាងច្រើនបំផុតត្រឹម ១ ៥០០នាក់​ប៉ុណ្ណោះ ​ដោយបេក្ខជននឹងត្រូវ​បែង​ចែក​ជា​​២​ក្រុម គឺបេក្ខជនអាយុក្រោ​ម​១៨​ឆ្នាំ និងបេក្ខជនអាយុចាប់ពី១៩ឆ្នាំឡើងទៅ។
 
សូមជម្រាបថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ»លើកទី២នេះ ​ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ជាអ្នកអានអត្ថបទ សម្រាប់បេក្ខជន។
 


​គណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរឆ្នាំទី២ បានប្រកាស ទទួលចុះឈ្មោះបេក្ខជន​ប្រកួត​ចាប់ពីថ្ងៃទី១៥ ខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ការចុះឈ្មោះអាចទំនាក់ទំនង​តាម​លេខទូរសព្ទ ០៩២ ៣៣ ៧៦ ២៦។ ​
ព្រឹត្តិការណ៍​«សំណេរអង្គរ»លើកទី១ ត្រូវបាន​ធ្វើ​​ឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ និងមានបេក្ខជនជាង ៨០០នាក់ចូលរួម ហើយគ្រានោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាអ្នកអានអត្ថបទ​ក្នុងកម្មវិធីសំណេរ​សម្រាប់​បេក្ខជន។
 
គាំទ្រដោយក្រសួងពាក់ព័ន្ធនានា ព្រឹត្តិការណ៍​«សំណេរអង្គរ» ផ្តួចផ្តើមរៀបចំឡើង​ដោយ​ក្រុម​អ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ដើម្បី​លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាម​អាន បង្កើនចំណេះដឹង និងបង្ហាញ​ពលរដ្ឋ​ពីសារ:សំខាន់នៃភាសាខ្មែរ ក៏ដូចជា​ជួយជំរុញ​សក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ៕



អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន